សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្កោលទោស​រដ្ឋាភិបាល​ថៃ ដោយសម្តីខ្លាំងៗ
ចំពោះ​ការបង្ក​សង្គ្រាម​ឈ្លានពាន​ជា​ថ្មី​លើ​ទឹកដី​កម្ពុជា នៅ​ចំណុច​ប្រាសាទ​តា​មាន់ និង​
ប្រាសាទ​តា​ក្របី នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​។​

​​ក្នុង​មហាសន្និបាត​វិសាមញ្ញ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ឆ្នាំ​1999-2011
នៅ​វិមានសន្តិភាព នា​ព្រឹក​ថ្ងៃទី​27​មេសា ឆ្នាំ2011 សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា រដ្ឋាភិបាលអាប់ភិស៊ីត ជារដ្ឋាភិបាលថៃទី1ហើយ នៅក្នុងប្រវត្តិសាស្ត្រ ដែលធ្វើសង្គ្រាមឈ្លានពានបង្កើតរឿងនៅក្នុងផ្ទៃក្នុងខ្លួនឯង មិនចប់ ហើយផ្ទេររឿងផ្ទៃក្នុង
ខ្លួនឯង មកជារឿងព្រំដែនកម្ពុជា-ថៃ។ បង្ក្រាបប្រជាជនខ្លួនឯងមិនអស់ចិត្ត ហើយមក
សម្លាប់ប្រជាជនកម្ពុជាទៀត។ មេដឹកនាំថៃបច្ចុប្បន្ននេះ បង្កសង្គ្រាម ហើយបញ្ជូនបញ្ហា
ផ្ទៃក្នុងរបស់ខ្លួន មកជាសង្គ្រាមព្រំដែន។

សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា ចរិតឈ្លានពាននេះមិនចោលទេ នៅក្នុងដំណាក់កាល ប្រវត្តិមេដឹកនាំថៃកន្លងមក មានតែនាយករដ្ឋមន្ត្រីថៃនេះតែមួយគត់ ដែលសម្លាប់ប្រជាជន
ខ្លួនឯងមិនអស់ចិត្តហើយ មកសម្លាប់ប្រជាជនប្រទេសជិតខាងទៀត។

ប្រសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ជា​សាធារណៈ
ក្រោយ​ពី​កងទ័ព​ថៃ បាន​បើក​ការវាយប្រហារ​ជា​បន្តបន្ទាប់​លើ​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​22មេសា
ឆ្នាំ​2011 នៅ​ព្រំដែន​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ​៕​
(ប្រភពពី cen)