នៅថ្ងៃទី ១៤វិច្ឆិកាខាងមុខ ព្រះចន្ទនឹងហោះមកក្បែរផែនដីបំផុតរាប់ចាប់តាំងពីខែមករាឆ្នាំ ១៩៤៨។ នេះគឹជាលើកទីមួយដែលព្រះចន្ទបានហោះមកក្បែរផែនដីបំផុតក្នុងសតវត្សរ៍ទី ២១នេះ។

/

Supermoon នៅ Settle 

លើកនេះ ព្រះចន្ទនឹងធំជាង ១៤% និងភ្លឺជាង ៣០% បើធៀបនឹងព្រះចន្ទពេញបូណ៌មីធម្មតា។ បើសឹនជារំលងចោលឱកាសនេះ លោកអ្នកនឹងត្រូវរង់ចាំដល់ឆ្នាំ ២០៣៤ ទើបអាចមានឱកាសបែបនេះម្ដងទៀត។ ព្រះចន្ទនឹងមូលបំផុត និងភ្លឺបំផុត នៅវេលាម៉ោង ៨និង៥២នាទីព្រឹក នៃថ្ងៃទី ១៤វិច្ឆិកាតាមពេលវេលានៅភាគខាងកើតអាមេរិក ពោលគឺប្រហែលម៉ោង ២០និង៥២នាទី ថ្ងៃទី ១៤វិច្ឆិកា ម៉ោងនៅកម្ពុជា។

យោងតាមការបកស្រាយរបស់ NASA ដោយសារតែគន្លងគោចររបស់ព្រះចន្ទ មានរាងដូចពងក្រពើ ដូច្នេះ វាតែងតែមានពេលណាមួយនោះ វាហោះមកក្បែរផែនដីបំផុត ហើយមានពេលខ្លះវានឹងហោះទៅឆ្ងាយពីផែនដីបំផុត។

នៅពេលព្រះអាទិត្យ ព្រះចន្ទ និងផែនដីតម្រៀបគ្នាជាជួរ វានឹងបង្កើតបានជាបាតុភូត syzygy។ បាតុភូតនេះកើតឡើងនៅពេលព្រះចន្ទកំពុងស្ថិតនៅជិតផែនដីបំផុត ទើបគេឃើញព្រះចន្ទមានរូបរាងធំជាងធម្មតា។

/

ព្រះចន្ទពេញវង់ធំបំផុតនៅ Newyork 

បាតុភូតព្រះចន្ទធំបំផុតនេះមិនមែនជារឿងកម្រនោះទេ។ ក្នុងឆ្នាំនេះ បាតុភូតនេះកើតឡើងដល់ទៅ៣ដង។ លើកដំបូងកើតឡើងនៅថ្ងៃទី ១៦តុលាកន្លងទៅ ហើយលើកទី២ កើតឡើងនៅក្នុងខែ១១នេះ និងលើកទី៣ គឺនៅថ្ងៃទី ១៤ធ្នូខាងមុខ។

ប៉ុន្តែ នៅថ្ងៃទី ១៤វិច្ឆិកាខាងមុខ ព្រះចន្ទពេញបូណ៌មីនឹងស្ថិតនៅក្បែរផែនដីបំផុតក្នុងរយៈពេល២ម៉ោង ទើបវាមានពន្លឺភ្លឺបំផុតក្នុងរយៈពេល៧០ឆ្នាំមកនេះ។

NASA បានឱ្យដឹងថា “ព្រះចន្ទពេញបូណ៌មី ថ្ងៃទី ១៤វិច្ឆិកា មិនត្រឹមតែជាព្រះចន្ទនៅក្បែរផែនដីបំផុតក្នុងឆ្នាំ ២០១៦នោះទេ តែវាក្នុងសតវត្សរ៍ទី២១នេះផងដែរ។ ព្រះចន្ទពេញបូណ៌មីបែបនេះនឹងមិនបង្ហាញខ្លួន រហូតដល់ថ្ងៃទី ២៥វិច្ឆិកា ឆ្នាំ ២០៣៤”។

/

ព្រះចន្ទពេញវង់ធំបំផុតនៅ Manhattan

បើសិនលោកអ្នក មានបំណងគយគន់ព្រះចន្ទពេញបូណ៌មីធំជាងគេនៅថ្ងៃទី ១៤វិច្ឆិកាខាងមុខ សូមអញ្ជើញទៅរកតំបន់ឆ្ងាយពីទីក្រុង ពោលគឺរកតំបន់ងងឹត បែបនេះទើបលោកអ្នកនឹងអាចគយគន់បានច្បាស់បំផុត។

ប្រែសម្រួល ៖ តារាប្រភព ៖ CNN