(លីវើភូល)៖ ៣ពិន្ទុនារាត្រីម៉ោង ០០៖៣០នាទីរំលងអាធ្រាត្រស្អែកនេះ សំខាន់ខ្លាំងណាស់សម្រាប់ក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur ពេលជួបម្ចាស់ផ្ទះ Liverpool ក្នុងការប្រជែងយកពាន Premier League ជាមួយ ក្រុមកំពូលតារាងបច្ចុប្បន្នតោខៀវ Chelsea។
អ្នកចាត់ចែងការទូទៅរបស់ Spurs លោក Mauricio Pochettino បានថ្លែងក្នុងសន្និសីទមុនការប្រកួតកាលពីយប់មិញ ថា «Spurs ត្រូវតែមានភាពវ័យឆ្លាត ក្នុងការយកឈ្នះ Liverpool នៅ Anfield យប់ស្អែកឲ្យបាន ដើម្បីបន្តភាពខ្លាំង របស់ខ្លួន ហើយដើម្បីបន្ថយគំលាតពីតំណែងកំពូលតារាងផងដែរ ត្បិត Chelsea ត្រូវជួបក្រុមម្ចាស់ផ្ទះ Burnley ដែលរំពឹងថាស៊ីបាននោះ»៕
គ្រូបង្វឹកជនជាតិអាហ្សង់ទីនខាងលើបានបន្ថែមទៀតថា ការជួបទល់នឹងម្ចាស់ផ្ទះហង្សក្រហម វាពិតជាលំបាកសម្រាប់ ក្រុមលោក ដូច្នេះហើយទើបរូបលោក បានដាស់តឿនកូនក្រុម ក៏ដូចជាការប្រើភាពវ័យឆ្លាតក្នុងការសហការគ្នា ដើម្បីយក ៣ពិន្ទុឲ្យបាន ស្របពេលដែល Liverpool លេងរាងធ្លាក់ជើងបន្តិចសម្រាប់ ២ប្រកួតចុងក្រោយដែលមិនឈ្នះ សោះ ពោលគឹចាញ់ស្មើ ១-១ ទល់នឹង Chelsea ក្នុងទឹកដី មុនទៅចាញ់ម្ចាស់ផ្ទះ Hull City ២-០ កាលពីសប្តាហ៍មុន នៅ Premier League។
សូមបញ្ជាក់ជាថ្មីថា បច្ចុប្បន្ន Spurs កំពុងស្ថិតនៅលេខរៀងទី២ បណ្តោះអាសន្នដោយមានពិន្ទុសរុប ៥០ពិន្ទុ តាមពី ក្រោយក្រុមកំពូលតារាងតោខៀវ Chelsea រហូតដល់ទៅ ៩ពិន្ទុ ខណៈដែល Liverpool ទើបរកបាន ៤៦ពិន្ទុ ឈរនៅ លេខរៀងទី៥ នៅឡើយ។ Spurs ធ្លាប់លេងចាញ់ Liverpool ២-១ ក្នុងពាន League Cup និងលេងបានត្រឹមស្មើ ១-១ ក្នុង Premier League កាលពីជើងទី១ នៃរដូវកាលនេះ៕