Koh Kong Beach
ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប៉ុន្មានថ្ងៃខាងមុខនេះ នៅតាមរម្មណីយដ្ឋាន តំបន់ឆ្នេរនានា ដូចជាខេត្តកោះកុង ខេត្តកែប និងខេត្តព្រះសីហនុជឈាដើម នឹងមានភ្ញៀវទេសចរជាតិ ធ្វើដំណើរកម្សាន្ត យ៉ាងច្រើនកុះករ នេះបើតាមការអះអាង របស់មន្ត្រីទេសចរខេត្ត នៅជាប់នឹង តំបន់ឆ្នេរ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានមានប្រសាសន៍ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១១នេះថា លោកសង្ឃឹមថា នៅឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ នឹងមានអ្នកទេសចរ ចូលមកទស្សនា នៅក្នុងខេត្តរបស់លោក ច្រើនជាងឆ្នាំមុន ។ លោកបានបន្តទៀតថា បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារ ប្រមាណ៩០ភាគរយ ត្រូវបានកក់អស់ហើយ នៅខេត្តព្រះសីហនុ។
ចំណែកលោក ប៊ុន បៀវ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងវិញ បានមានប្រសាសន៍ថា យើងមិនទាន់ដឹងនៅឡើយទេ អំពីបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារ ដែលត្រូវបានគេកក់ ដោយរង់ចាំ១-២ថ្ងៃទៀត ទើបយើងដឹងពិតប្រាកដ។ នៅក្នុងឆ្នាំនេះ យើងរំពឹងថា នឹងមានភ្ញៀវទេសចរ ចូលមកទស្សនាខេត្តកោះកុង ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ។
តំណាងផ្ទះសំណាក់ កូឡាបកោះកុង បានមានប្រសាសន៍ថា បន្ទប់ផ្ទះសំណាក់របស់គាត់ ដែលមាន២៦បន្ទប់ ត្រូវបានកក់អស់ហើយ សម្រាប់ឱកាសបុណ្យចូលឆ្នាំ ខាងមុខនេះ។
អ្នកទទួលភ្ញៀវ នៅក្នុងសណ្ឋាគារ គិនង អៀលដ បានមានប្រសាសន៍ថា សណ្ឋាគាររបស់លោក មិនទាន់កក់ពេញអស់នៅឡើយទេ ក៏ប៉ុន្តែជារៀងរាល់ឆ្នាំ ឱ្យតែមានពិធីបុណ្យទានធំៗម្តងៗ សណ្ឋាគាររបស់លោក ដែលមាន៤៣បន្ទប់ តែងតែមានភ្ញៀវពេញៗតែម្តង។
លោក ហូរ វណ្ឌី សហប្រធាន ក្រុមការងារទេសចរ បានមានប្រសាសន៍ថា បើតាមលោកដឹងបន្ទប់ផ្ទះសំណាក់ និងបន្ទប់សណ្ឋាគារ នៅតាមរម្មណីយដ្ឋានតំបន់ឆ្នេរ ស្ទើរតែបានកក់ពេញអស់ទៅហើយ រហូតមកដល់ពេលនេះ។ ការធ្វើដំណើរកម្សាន្តរបស់អ្នកទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ វាពិតជាផ្តល់ នូវផលប្រយោជន៍ជាច្រើន ដល់ផ្នែកដឹកជញ្ជូន ផ្ទះសំណាក់ សណ្ឋាគារ ភោជណីយដ្ឋាន អ្នកដាំបន្លែ និងអ្នកនេសាទជាដើម។ លោកបានបន្តទៀតថា ក៏ប៉ុន្តែយើងក៏បានសំណូមពរដល់ពួកគេ សូមកុំឱ្យមានការតម្លើងថ្លៃបន្ទប់ និងតម្លើងថ្លៃដឹកជញ្ជូនផងដែរ។
(ប្រភព៖ ដើមអម្ពិល)