នាឆ្នាំថ្មីនេះ មានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិរិណីទេវី ជាបុត្រីទី ៥នៃកបិលមហាព្រហ្មគង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀត ផ្កាមន្ទារ អភរណទ្រង់ពាក់ កែវមរកត ភក្សាហារទ្រង់សោយផ្លែសណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់កង្វេរព្រះហស្តឆ្វេងទ្រង់ ធ្នូ ទ្រង់អង្គុយពាក់ឆៀងលើខ្នង គុជសារ (សត្វដំរី) ជាពាហនៈ ជាទេពធីតាដំណាងឆ្នាំថ្មី។
ថ្ងៃព្រហស្បតិ៍១១កើតខែចេត្រត្រូវនឹងថ្ងៃទី ១៤ មេសា គ្រិស្តសករាជ ២០១១ វេលាម៉ោង ១៣ និង ១២ នាទី ជាថ្ងៃចូលឆ្នាំថោះ ត្រីស័ក ។
ថ្ងៃសុក្រ១២កើតខែចេត្រត្រូវនឹងថ្ងៃទី ១៥ខែមេសាគ្រិស្តសករាជ ២០១១ ជាវារៈវនប័ត ។
ថ្ងៃសៅរ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសាគ្រិស្តសករាជ ២០១១ នៅវេលាម៉ោង ១៥ និង ៣០ នាទី ១២វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ចូលជាសកល ឆ្នាំថោះត្រីស័ក ចុល្លសករាជ ១៣៧៣ និងមហាសករាជ ១៩៣៣ តទៅ ។
ក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិការគ្រឿងសក្ការបូជាអុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយ ជាចិត្តអប្រីយ៍ជាប់ដោយគំនុំ គុំគួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ... ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរទានតាមប្រពៃណីរក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ។
រណ្ដាប់ទទួលទេវតា
រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌សឬបៃតង ហើយរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូបាយសី៥ថ្នាក់មួយគូបាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ ធូប៥) លាជ៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររក សណ្ដែក និង ល្ង ដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេវធីតា។
ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន ៥ ធូបប្រាំ ស្លាធម៌កូនចេកមួយគូក៏ល្អដែរ ។ ចំពោះផ្លែឈើប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម ៣ ឬ ៥មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាននិងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ ។
ទំនាយប្រចាំឆ្នាំ
កេណ្ឌព្រះពិរុណសាស្ត្រ ឆ្នាំនេះ ភពពុធ ជាអធិបតី នាំផ្លូវទៅសុំទឹកភ្លៀង ពីស្ដេចនាគហើយបាននាគ ៣ បង្អុរទឹកភ្លៀង ៦០០ មេ ដែលចែកចេញជា៖
-ចក្រវាឡ ២៤០ មេ
-ព្រៃហេមពាន្ត ១៨០ មេ
-មហាសមុទ្រ ១២០ មេ
-និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន ៦០ មេ ដើមឆ្នាំភ្លៀងតិច កណ្ដាលឆ្នាំភ្លៀងល្អ ចុងឆ្នាំភ្លៀងឧត្ដមល្អ ។
កេណ្ឌធារាទិគុណ ឆ្នាំនេះមានកេណ្ឌ មួយ (១) តេជោធាតុចុះទំនាយថា និងមានភ្លើងកាចសាហាវជាងឆ្នាំកន្លងទៅ ។
ទឹកជំនន់និងទឹកទន្លេ ឆ្នាំនេះទឹកជំនន់ដោយភ្លៀងនិងទឹកទន្លេមានច្រើន គឺមានកម្រិត ១០/១៦ គឺមានសំណល់ (១០) ទឹកមានជាមធ្យម ។
កេណ្ឌធញ្ញាហារៈ ឆ្នាំនេះមានកេណ្ឌ (៦) មានឈ្មោះថាលាភ៖ ទំនាយថា ស្រូវ សំណាបស្រែចម្ការបានផល ៩ ភាគ ខូច ១ ភាគ ប្រជាអនុរាស្ត្រ នឹងមានសេចក្ដីសុខ សួស្ដី ចម្រើនជាភិយោភាពធញ្ញាហារមង្សាហារ ផល្លាហារ នឹងមានបរិបូណ៌ឧត្ដមល្អណាស់។
ទំនាយការធ្វើស្រែ
ទំនាយកេណ្ឌការធ្វើស្រែមានសេស (២៦) ព្រមទាំងមាន ទឹកភ្លៀងអំណោយផល នៅដើមឆ្នាំ តិច កណ្ដាលឆ្នាំ ល្អ ចុងឆ្នាំច្រើន ដូច្នេះស្រែដីទួល និងស្រែទំនាបបានផលដូចគ្នាទាំងពីរហើយនឹងគ្រប់ទីកន្លែង។
កេណ្ឌព្រឹក្សា
ឆ្នាំនេះត្រូវត្រង់ដើមអំពៅ ជាស្ដេច មានទំនាយថា ក្នុងស្រុកនឹងមានភ្លៀងច្រើនទឹកលិចស្រូវ។កេណ្ឌព្រះអាទិត្យ
ឆ្នាំនេះព្រះអាទិត្យធ្វើដំណើរដោយជិះ ដំរី ទំនាយថា៖ ភ្លើងសាហាវ ស្រុកនាមនាគធ្វើយុទ្ធសង្គ្រាម និងស្រុកនាមគ្រុឌ និងនាមកណ្ដុរ។
ទំនាយតាមថ្ងៃសង្ក្រាន្ត
ទំនាយថ្ងៃមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំដែលជាទីមួយ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទំនាយថា ឆ្នាំនោះព្រះរាជា ព្រះសង្ឃរាជ គណៈព្រឹទ្ធាចារ្យចាស់ស្រុកនឹងមានសេចក្ដីក្ដៅក្រហាយខ្លោចផ្សាចិត្តជាអនេក។ អ្នកតូចតាចរាស្ត្រប្រជា នឹងចាញ់អ្នកធំ នាយចៅហ្វាយ ។
ទំនាយថ្ងៃវរៈ ថ្ងៃកណ្ដាលត្រូវនឹងថ្ងៃសុក្រ ទំនាយថា ឆ្នាំនេះម្ទេសនឹងមានតម្លៃ សត្វត្មាត ក្អែកស្លាប់ដោយជំងឺអាសន្នរោគ សត្វព្រៃទាំងឡាយនឹងវិនាស អន្តរាយទៅដោយប្រការផ្សេង ៗ រីឯស្ត្រីមេម៉ាយនឹងមានលាភ។
ទំនាយថ្ងៃឡើងស័ក ថ្ងៃចូលឆ្នាំចុងក្រោយត្រូវនឹងថ្ងៃសៅរ៍ ទំនាយថា ឆ្នាំនេះពពួកទាហានក្លាហានទាំងឡាយប្រកបដោយសេចក្ដីសុខនឹងមានវិជ្ជាការផ្សេងៗ ទោះបីធ្វើយុទ្ធសង្គ្រាមនិងបច្ចាមិត្តរគ្រប់ទិសទីនឹងមានជ័យជំនះគ្រប់ពេលវេលា។ ទឹកធំតែមានកើតចោរឃ្មួញច្រើន។
(ប្រភព៖ ខ្មែរសារិកា)