(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់ទឹកប្រាក់ ៣៦.០០០ដុល្លារ ជារង្វាន់លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង កីឡាកររបស់ក្រុម Cambodian All Stars ចំនួន ៣៦រូប ដែលបានខិតខំអស់កម្លាំងកាយកម្លាំងចិត្ត នៅលើ សមរភូមិវាលស្មៅ​ដ៏ខៀវស្រងាត់​យកឈ្នះលើក្រុម​ខ្លាំងរបស់ថៃ Buriram United ដោយគ្រាប់បាល់បេណាំងទី ៦-៥នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ។

លោក ខៀវ សាមេត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពូជា បានថ្លែងប្រាប់ Fresh News នៅក្រោយជ័យជម្នះរបស់ Cambodian All Stars តែប៉ុន្មាននាទីថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងកីឡាករម្នាក់ ៗ ១.០០០ដុល្លារ។ លោក ខៀវ សាមេត បានឲ្យដឹងថា នៅក្នុងក្រុម Cambodian All Stars ទាំងថ្នាក់ដឹកនាំ និង ក្រុមកីឡាករ សរុប ៣៦រូប ដូច្នេះទឹកប្រាក់ ដែលផ្តល់ជូនសរុបស្មើប្រមាណ ៣៦.០០០ដុល្លារ។

ក្រៅពីការផ្តល់រង្វាន់លើកទឹកចិត្តហើយនោះ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែលើកសរសើរដល់កីឡាករកម្ពុជា ដើម្បីជំរុញទឹកចិត្តពួកគេឲ្យ​ខិតខំប្រយុទ្ធលើវាលស្មៅនោះ ក៏បានបង្ហោះសារនៅលើទំព័រ Facebook របស់សម្តេចភ្លាមៗផងដែរ ចូលរួមអបអរសាទរនូវជ័យជម្នះ ដ៏សែនខ្លៀវក្លានេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកើតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមកីឡាករ Cam bodian All Stars ដែលប្រឹងប្រែងរហូតយកឈ្នះលើក្រុម Buriram United ដែលជាក្រុមខ្លាំងមួយរបស់ថៃ។

សូមបញ្ជាក់ថា ជាមួយជ័យជម្នះជាលើកទីពីររបស់ Cambodian All Stars លើក្រុមកីឡាករបាល់ទាត់មកពីប្រទេសថៃ នៅយប់ថ្ងៃនេះ បានធ្វើឲ្យប្រជាពលរដ្ឋ​កម្ពុជា ជាអ្នកគាំទ្រវិស័យកីឡា បាននាំស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពងពេញពហុកីឡដ្ឋានជាតិអូរឡាំពិក។ ជាមួយក្តីរំភើបរីករាយ ក្រុមអ្នកគាំទ្រហាក់​មិនមាន​នរណាចង់ចាកចេញពីកន្លែងអង្គុយឡើយ ពួកគេនៅតែបន្តស្រែកថា «ជយោកម្ពុជា! ឬ មោទនភាពជាតិខ្មែរ!» និង ពេលខ្លះទៀត ពួកគេបាន​ស្រែកហៅឈ្មោះ​កីឡាករក្នុងដួងចិត្តរបស់ពួកគេ ដូចជា ច័ន្ទ វឌ្ឍនាការ និង ប្រាក់ មុនីឧត្តម ជាដើម៕

 

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី