(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងសំណូមពររបស់អ្នកគាំទ្រកម្ពុជា ស្ថានីយ៍ទូរទស្សន៍ BTV-News បានទាក់ទងភាគីជប៉ុន រហូតទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផ្សាយបន្ដផ្ទាល់ពេញមួយរដូវកាលនូវលីគលំដាប់ទី៣ របស់ជប៉ុន J-League 3 ប្រចាំឆ្នាំ២០១៧នេះ ស្របពេលកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា ក៏ត្រៀមខ្លួនជួយក្លឹបមួយ នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ជប៉ុននេះផងដែរ គឺក្លឹប Fujieda MYFC។

ក្រុមការងារទូរទស្សន៍ BTV បានបង្ហោះព័ត៌មានផ្លូវការ លើគេហទំព័រផ្លូវការរបស់ខ្លួន នារសៀលនេះថា «ដោយសារមានការគាំទ្រមកលើទូរទស្សន៍ BTV នាពេលកន្លងមក BTV បានព្យាយាមទាក់ទង ដើម្បីទិញសិទ្ធិផ្សាយការប្រកួតរបស់ J League 3 ពិសេសគឺផ្តោតទៅលើគ្រប់ការប្រកួតទាំងអស់នៃក្លឹប Fujieda ដែលមានកីឡាករសំខាន់របស់កម្ពុជា ចាន់ វឌ្ឍនាកា ។ ជាការឆ្លើយតប BTV ក៏ទទួលបានសិទ្ធិផ្សាយផ្តាច់មុខនៅកម្ពុជាតែមួយគត់អំពីការផ្សាយ J-League 3 ពេញមួយរដូវកាលសរុបចំនួន ៣២ប្រកួត ដោយចាប់ផ្ដើមការផ្សាយរដូវកាលថ្មីនាចុងសប្ដាហ៍នេះ»

គួរបញ្ជាក់ថា នេះគឺជាដំណឹងមួយដ៏ល្អសម្រាប់អ្នកគាំទ្រកម្ពុជា ដែលកំពុងចង់ដឹង ខណៈការប្រកួតខិតជិតនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ ស្របពេលក្លឹប Fujieda MYFC របស់ខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា ត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ Kagoshima United នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះផងនោះ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង