(ភ្នំពេញ)៖ ក្រុម Global FC របស់ហ្វីលីពីន បានបន្ថែម ៣ពិន្ទុទៀតហើយ ដើម្បីឈរកំពូលតារាងពូលF នៃពានរង្វាន់ AFC Cup 2017 បន្ទាប់ពីលត់ក្រុមម្ចាស់ផ្ទះបឹងកេតអង្គរ ដោយលទ្ធផល ៣-០ នៅលើទីលានពហុកីឡាជាតិ រាជធានីភ្នំពេញ កាលពីយប់មិញ ។

ការប្រកួតមានអ្នកគាំទ្រទស្សនាប្រមាណ ៣,០០០នាក់នេះ ក្រុមភ្ញៀវ Global ធ្វើបានយ៉ាងល្អនៅដើមតង់ទី១ ដោយកីឡាករ Paul Mulders បានបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់ត្រឹមនាទីទី៥ ។ បន្ទាប់មកក្រុមបឹងកេតអង្គរ បានព្យាយាមវាយបកជាមួយនឹងឱកាសស៊ុតជាច្រើនលើក តែមិនបានសម្រេចឡើយ ។

ចូលតង់ទី២ ក្រុមទាំងពីររក្សាទម្រង់នៅដដែល ប៉ុន្ដែក្រុមបឹងកេត បានបន្ដការវាយសម្រុករកគ្រាប់បាល់តែមិនទទួលបានផ្លែផ្កា ផ្ទុយវិញបានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ត្រូវបានកីឡាករ Paul Mulders ដដែល ទាត់បាល់ពិន័យ ១១ម៉ែត្របន្ថែម ១គ្រាប់ទៀត ឲ្យក្រុម Global នាំមុខ ២-០ ហើយលទ្ធផលបានរក្សាដល់ចប់ការប្រកួតតែម្ដង ។

ជ័យជម្នះនេះបានធ្វើឲ្យក្រុមជើងឯក ៣ជំនាន់របស់ហ្វីលីពីន Global FC ឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយឈ្នះ ២ប្រកួតជាប់គ្នា និងកាន់ ៦ពិន្ទុក្នុងដៃ ហើយឈរចំណាត់ថ្នាក់បន្ទាប់ដោយក្រុម Johor Darum Ta’zim របស់ម៉ាឡេស៊ីមាន ៤ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើក្រុម Magwe របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ១-១ កាលពីល្ងាចមិញ ។ ចំណែកក្រុមបឹងកេតគ្មានពិន្ទុរាប់នោះទេ ដោយសារចាញ់ ២ប្រកួតមកហើយ ៕

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង