width=456

ថ្ងៃទី២០ ខែឧសភា ជាទិវាប្រវត្តិសាស្ត្រមួយដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសនៅចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនូវអនុស្សាវរីយ៍ដ៍ជូរចត់នៃមហាសោកនាដកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ    ដែលបានធ្វើការសម្លាប់រង្គាល     មកលើប្រជាជនកម្ពុជាស្លូតត្រង់អស់រាប់លាននាក់យ៉ាងសាហាវព្រៃផ្សៃ និងឃោរឃៅ   ជាទីបំផុតរកអ្វីយកមកប្រៀបផ្ទឹម​ពុំបានឡើយ។ ដូចនេះហើយ   ទើបប្រជាជនកម្ពុជាដែលនៅសេសសល់ និង  រួចផុតពីស្លាប់នៅរបបប្រល័យ ពូជសាសន៍ជាតិឯងនេះបាននាំគ្នាយកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ    ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបដ៍សាហាវព្រៃផ្សៃនេះ។ ​ដោយឡែក សលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯកស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ បានរៀបចំពិធីបង្សុកូល រាប់បាត្រ ដែលមានព្រះសង្ឃចំនួន២៧០អង្គ ដើម្បីឧទ្ទិស ជូនចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបនេះកាលពី៣៣ឆ្នាំមុន ចំនួន៨៩៨៥ នាក់។ ពិធី នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម ស៊ីមកា  សមាជិកព្រឹទ្ធសភា ​ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ព្រមទាំង មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា ​ក្រុមប្រឹក្សារាជធានី ថ្នាក់ដឹកនាំមន្ត្រីរាជការសិស្សនិស្សិតនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម កែប ជុតិមាអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថាមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មជើងឯកនេះ ជាទីពិឃាដដ៏ធំមួយក្នុងចំណោមទីពិឃាដជាង ៣០០កន្លែងនៅទូទាំងប្រទេសកម្ពុជា ក្នុងរបបខ្មែរក្រហម។ ដូចនេះ​  យើងត្រូវតែការពារឲ្យបានជាដាច់ខាត មិនឲ្យរបបប្រល័យពូជសាសន៍ ខ្មែរក្រហមនេះ  កើតឡើងជាថ្មីម្តងទៀតនៅលើទឹកដីកម្ពុជាយើងទេ ហើយយើងក៍មិនចង់ឲ្យរបបនេះកើតមានឡើងម្តងទៀតដែរ។

width=220

/

/

/

/

ដោយៈ  វណ្ណៈប្រភពៈ  phnompenh