កាលពីពេលថ្មីៗនេះ រូបភាពជាច្រើនសន្លឹកស្តីពី LG Optimus G2 ត្រូវបានលេចចេញនៅលើបណ្តាទំនាក់ទំនងសង្គម Twitter ដែលអ្នកបង្ហោះរូបភាពទាំងនេះ គឺគ្មានអ្នកណាឆ្ងាយ ក្រៅពី @Evleaks, ដែលជាអ្នកផ្តល់នូវព័ត៌មានចចាមអារាម ត្រឹមត្រូវជាងគេ ស្តីពីបណ្តាស្មាតហ្វូនស៊េរីទំនើបៗ ពេលបច្ចុប្បន្ននេះ។
បើទោះជារូបភាពទាំងនោះ មិនសូវច្បាស់ល្អ ប៉ុន្តែយើងឃើញថា Optimus G2 មានការរចនាម៉ូតប្លែក ជាមួយនឹងការបំពាក់ប៊ូតុង ដំឡើងបន្ថយ សម្លេង ដាក់នៅផ្នែកខាងក្រោយនិងនៅជិតកាមេរ៉ា ជំនួសឲ្យការដាក់នៅចំហៀងនៃស្មាតហ្វូន។
ក្នុងនោះ ផ្នែកខាងមុខរបស់ Optimus G2 ក៏បានបង្ហាញឲ្យឃើញពីការខុសប្លែកគ្នាខ្លះ បើប្រៀបជាមួយម៉ូដែលមុន ដូចជា logo LG ត្រូវបានដាក់នៅផ្នែកខាងក្រោមអេក្រង់ ជំនួសឲ្យប៊ូតុង Homeប្រភេទរឹង។ បើទោះជា រូបភាពមានភាពមិនសូវច្បាស់ ប៉ុន្តែគ្រប់គ្រាន់ នឹងអាចឲ្យយើងមើលដឹងថា ស្មាតហ្វូនថ្មីរបស់ LG មានអេក្រង់ធំទូលាយ និងមានស៊ុមព័ទ្ធអេក្រង់ស្តើង។

Optimus G2 ត្រូវបានប្រភពឲ្យដឹងថា វាជាស្មាតហ្វូនស៊េរីខ្ពស់ ដែលប្រើប្រាស់ chip quad coreជំនាន់ថ្មីរបស់ Qualcomm, Snapdragon 800 ដូចទៅនឹង Xperia Z Ultra របស់ Sony និង Galaxy S4 LTE-A ផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ ដែលត្រូវបានLG និង Qualcomm នឹងប្រារព្ធឡើងរួមគ្នានៅសហរដ្ឋអាមេរិច ថ្ងៃទី ៧ ខែ កក្កដា ខាងមុខនេះ៕



ដោយ៖ សិលាប្រភព៖ VE