Mark Zuckerberg កំពុងតែរស់នៅក្នុងផ្ទះមួយដែលមានបច្ចេកវិទ្យាដើរមុនយុគសម័យបច្ចុប្បន្ន រាប់ឆ្នាំ។
Mark Zuckerberg កំពុងរស់នៅជាមួយនឹងបច្ចេកវិទ្យាដែលដើរមុនយុគសម័យបច្ចុបប្ន្ន រាប់ឆ្នាំ ក្នុងនោះមានបច្ចេកវិទ្យាខួរក្បាលសប្បនិម្មិតផងដែរ។ នៅក្នុងកិច្ចសម្ភាសមួយជាមួយទំព័រ The Verge ម្ចាស់ Facebook បង្ហើបឱ្យដឹងថា ខ្លួនកំពុងកាន់កាប់ខួរក្បាលសិប្បនិម្មិត ដូចទៅនឹង Jarvis ក្នុងខ្សែភាពយន្ត Iron Man ។
បច្ចុប្បន្ន Zuckerberg កំពុងកាន់កាប់ខួរក្បាលសិប្បនិម្មិតនេះ ដើម្បីគ្រប់គ្រងការងារក្នុងផ្ទះ។ បណ្ដាឧបករណ៍ក្នុងផ្ទះដូចជា ទូរទឹកកក ម៉ាស៊ីនត្រជាក់ ឬអំពូលភ្លើងជាដើម សុទ្ធតែត្រូវបានតភ្ជាប់ជាមួយនឹងខួរក្បាលសិប្បនិម្មិតនេះ។ ជាងនេះ កំណែ Jarvis ពិតៗ ថែមទាំងអាចស្គាល់ម្ចាស់របស់វា ដោយប្រើសម្លេង និងមុខ។ការប្រើប្រាស់ខួរក្បាលសិប្បនិម្មិតដើម្បីគ្រប់គ្រងរាល់ការងារក្នុងផ្ទះ គឺជា “personal challenge” ក្នុងឆ្នាំនេះរបស់ Mark Zuckerberg នេះគឺជាគោលដៅចម្បងដែល CEO Facebook ដាក់ចេញសម្រាប់ខ្លួនឯង។ គោលដៅកាលពីប៉ុន្មានឆ្នាំមុននេះ របស់ CEO Facebook គឺរៀនភាសាចិន និងអានសៀវភៅឱ្យបាន ២ក្បាលក្នុងមួយខែ។
Zuckerberg បានបង្ហើបឱ្យដឹងអំពីខួរក្បាលសិប្បនិមិ្មតដែលកំពុងគ្រប់គ្រងផ្ទះរបស់ខ្លួន៖ “វាអាចស្គាល់មុខរបស់អ្នក ពេលអ្នកឈានជើងចូលផ្ទះ។ ក្រោយមក វានឹងឆ្លើយតប់អ្នកដោយសម្លេងនិយាយ។ អ្នកអាចជជែក ចេញបញ្ជាឱ្យប្រព័ន្ធទាំងអស់នៅក្នុងផ្ទះ”។
នេះគឺជាប្រព័ន្ធដែលមានសន្ដិសុខខ្ពស់បំផុត ព្រោះវាមិនត្រឹមតែស្គាល់មុខនោះទេ តែខួរក្បាលសិប្បនិម្មិតនេះ ក៏នឹងទទួលបញ្ជាតែពីសម្លេងរបស់ម្ចាស់ផ្ទះប៉ុណ្ណោះ។ ប៉ុន្តែ បណ្ដាមុខងារបច្ចុប្បន្ន គ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ។
Zuckerberg ឱ្យដឹងថា គាត់ និងក្រុមវិស្វកររបស់ Facebook នឹងបន្តកែលំអ និងបន្ថែមមុខងារថ្មីៗជាច្រើនទៀត សម្រាប់ប្រព័ន្ធខួរក្បាលសិប្បនិម្មិតនេះ។ គាត់ចង់ឱ្យវាអាចមានលទ្ធភាពតាមដានកូនស្រីរបស់ខ្លួន ហើយប្រកាសអំពីគ្រោះថ្នាក់ បើសិនវាអាចនឹងកើតឡើង។
ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា Zuckerberg នឹងប្រកាសអំពីខួរក្បាលសិប្បនិម្មិតនេះ ឱ្យពិភពលោកបានដឹង នៅពេលវាបានត្រៀមខ្លួនជាស្រេចដើម្បីបម្រើដល់ “ម្ចាស់ផ្ទះ”។ នេះអាចជាជំហានដ៏ធំមួយរបស់ Facebook ក្នុងការបង្កើតខួរក្បាលសិប្បនិម្មិត ដែលជានិន្នាការថ្មីរបស់បច្ចេកវិទ្យាបច្ចុប្បន្ន និងអនាគត៕
ប្រែសម្រួល ៖ បុត្រាប្រភព ៖ theverge