(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុន​បណ្តាញទំនាក់​ទំនង​សង្គម​ ហ្វេសប៊ុក ដ៏ធំជាងគេលើ​ពិភព​លោក លោក Mark Zuckerberg បាន​បដិសេធចោល​នូវពាក្យចរចាមអារ៉ាមដែលថា ​រូបលោកនឹង​ឈរឈ្មោះជា​បេក្ខភាព​ក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក​​នាពេលអនាគត និងបាន​ទទូចបកស្រាយថា​​ លោកពុំមាន​បំណងបែបនេះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយគេហទំព័រ​បច្ចេកវិទ្យា Tech 2 នៅ​មុននេះ​បន្តិច​នា​រសៀល​ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។

យោងតាមសារព័ត៌មាន Buzzfeed លោក Mark Zuckerberg បានឆ្លើយតបជា​មួយនិង​ចម្លើយថា «ទេ» នៅពេល​ដែលត្រូវបាន​ចោទ​សួរថា​ តើ​រូបលោក​មានផែនការ​ចង់ឈរឈ្មោះ​ជា​បេក្ខជនក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅពេលអនាគត​ដែរ​ ឬយ៉ាង​ណានោះ។ លោក Zuckerberg បាននិយាយ​ដូច្នេះ​ទៀតថា «ខ្ញុំកំពុងផ្តោត​ការយកចិត្តទុកដាក់​សំខាន់​លើ​ ការកសាង​សហគមន៍របស់យើង​នៅក្នុងហ្វេសប៊ុក ​​ដែល​កំពុងតែ​រីកចំរើន​​កាន់តែខ្លាំង​ឡើង និងគំរោង​ផ្តួចផ្តើម Chan Zuckerberg ដែលលោក​ និងភរិយា Priscilla Chan បានរួម​បង្កើតឡើង​ដើម្បីធ្វើការ​​បណ្តាក់​ទុន​​វិនិ​យោគ​​ ក្នុង​ការ​​ស្រាវ​ជ្រាវ​ផ្នែកវិទ្យាសាស្រ្ត និងភាពជា​អ្នកដឹកនាំ»

ម៉្យាងវិញទៀត​ប្រភព​ដែលជិតស្និទ្ធនឹងលោក Zuckerberg បានបញ្ជាក់ថា​ ស្ថាប​និកហ្វេស​ប៊ុក​​រូបនេះ​ក៏បាន​ច្រាន​ចោល​ពាក្យ​ចរចាម​អារ៉ាម​នេះ​​​ជា​លក្ខណៈ​ឯក​ជន​​ផង​ដែរ ដោយនិយាយយ៉ាងដូច្នេះថា «វាពុំមាន​ធាតុពិត​ជាក់ស្តែង​នៅក្នុងគំនិត​ដែលថា Mark នឹងឈរ​ឈ្មោះជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​ឡើយ ហើយខ្ញុំ​បានលឺការបដិសេធ​ដោយផ្ទាល់​ចេញពីមាត់​របស់​លោក Mark»

គួរបញ្ជាក់ថា​នៅដើមខែមករា​កន្លងទៅនេះ មានពាក្យ​ចរចាមអារ៉ាម​លេចលឺនៅ​លើបណ្តាញអ៊ីនធឺណែត​ថា​ លោក Mark Zuckerberg ដែល​​ជា​ស្ថាបនិក​ក៏ដូចជានាយកប្រតិបត្តិរបស់​ហ្វេសប៊ុក អាច​នឹង​​ប្រកាស​ពី​ការ​ឈរឈ្មោះ​​ប្រកួតប្រជែង​​យកតំណែង​ជាប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​អនាគត ប៉ុន្តែពេលនេះ​អ្នករាល់គ្នា​អាចជម្រះនូវមន្ទិល​សង្ស័យបាន​ហើយ​ថា​​ វាមិនពិត​នោះឡើយ៕

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី