តម្រូវការ Mi Band 2 កំពុងតែមានការកើនឡើង នៅក្នុងទីផ្សារប្រទេសចិន និងបណ្តាទីផ្សារអាស៊ីមួយចំនួនទៀត ដែលធ្វើឲ្យស្ថានភាពខ្វះទំនិញផ្គត់ផ្គង់ កាន់តែមានបរិមាណច្រើនឡើង។ ជាក់ស្តែង ព័ត៌មានបរិមាណ ផលិតខ្សែពាក់កដៃឆ្លាតវៃ Mi Band 2 នឹងមានការកើនឡើងទ្វេដង ក្នុងខែខាងមុខនេះ ប្រាកដជាព័ត៌មានដ៏រីករាយមួយ សម្រាប់អតិថិជនជាច្រើននាក់។
យោងតាមគេហទំព័រ Gizmochina បានឲ្យដឹងថា អ្នកតំណាង Huami ដែលជាក្រុមហ៊ុនផលិតខ្សែ ពាក់កដៃឆ្លាតវៃ Mi Band 2 សម្រាប់ Xiaomi បានធ្វើការបញ្ជាក់ជាផ្លូវការថា នឹងធ្វើការបង្កើនទ្វេដងនូវបរិមាណ Mi Band 2 ក្នុងខែខាងមុខនេះ។ ជាក់ស្តែងអ្នកតំណាងរូបនេះ ក៏មិនច្បាស់ថាកំរិតនៃការបង្កើននេះ អាចផ្គត់ផ្គង់គ្រប់តម្រូវការ ក្នុងពេលខាងមុខ ឬក៏អត់នោះទេ?
ខ្សែពាក់កដៃឆ្លាតវៃ Mi Band 2 ត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញណែនាំ កាលពីដើមខែមិថុនា ដោយបង្កើតបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង មិនដែលធ្លាប់ឃើញពីមុនមក នៅក្នុងទីផ្សារប្រទេសចិន។ មុននេះ Mi Band 2 ក៏ធ្លាប់បានពន្យារពេល ក្នុងការដាក់លក់រួចមកហើយ ដោយសារតែមានបញ្ហាបច្ចេកទេស។
ដោយសារតែការបង្ហាញណែនាំ រាងយឺតបន្តិច ហើយវាបានបំពេញបន្ថែមនូវបណ្តា Feature សំខាន់ៗជាច្រើន និងជាពិសេសនោះ វាដាក់លក់ក្នុងតម្លៃ ដ៏សមរម្យ ទាំងនេះគឺជាបណ្តាមូលហេតុចម្បងៗដែលធ្វើឲ្យ Mi Band 2 ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់។
ដោយសារតែ មានតម្រូវការទិញប្រើច្រើន គួបផ្សំនឹងការខ្វះផលិតផលផ្គត់ផ្គង់ផងនោះ បានធ្វើឲ្យ Mi Band 2 ដែលដំបូងដាក់លក់តែតម្លៃជាង ២២ ដុល្លារ (តម្លៃក្នុងតំបន់) បានកើនតម្លៃលក់យ៉ាងរហ័សដល់ទៅជាង ៣៤ដុល្លារ ហើយពេលខ្លះ វាកើនតម្លៃលក់ដល់ខ្ទង់ប្រហែល ៤៥ដុល្លារ ទៀតផង។
ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Xiaomi លោក Lei Jun ក៏បានទទួលស្គាល់នៅលើបណ្តាញសង្គម Weibo ថា បរិមាណ Mi Band 2 ត្រូវបានធ្វើការបង្កើន ប៉ុន្តែវានៅតែមិនអាចផ្គត់ផ្គង់ទាន់ពេលវេលា ដល់តម្រូវការដ៏ច្រើនលើសលប់របស់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់ព័ត៌មានខាងលើ ពីខាងដៃគូសហការផលិត Huami ផងដែរ៕
- អានអត្ថបទ៖ លេចចេញរូបភាព បង្ហាញពីរូបរាងរបស់ Galaxy Note7 យ៉ាងច្បាស់ ជាមួយពណ៌ថ្មី ផ្ទៃមេឃ កាន់តែទាក់ទាញ
ប្រែសម្រួល៖ មង្គល