(ភ្នំពេញ)៖ ទីបំផុតតារាចម្រៀង Original Song ម្ចាស់បទ រាំញីកែងជើង លោក ងួន ចាន់ដេវី ឬ G-Devith បានគោរពតាមពាក្យ ដែលធ្លាប់សន្យាថា ខ្លួននឹងរកពេលទំនេរ ដើម្បីស្កាតទៅជួបលោកតា ចេក តាមការទទួលស្នើរសុំ ខណៈដែលនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ តារាចម្រៀងវ័យក្មេងបានធ្វើដំណើរទៅដល់ ទីតាំងកន្លែងលក់ទឹកសុទ្ធដូចបំណងនោះ។
នៅលើបណ្តាញសង្គមហ្វេសប៊ុករបសតារាចម្រៀងលោក ងួន ចាន់ដេវី មុននេះបន្តិចបានសរសេរថា ជម្រាបសួរបាទដូចដែលបានសន្យាជាមួយអ៊ុំអញ្ចឹង ថ្ងៃនេះខ្ញុំបានមកជួបអ៊ុំហើយ ទម្រាំតែឆ្លៀតពេលបាន…។ ថ្ងៃនេះមានអារម្មណ៍ថា សប្បាយដែលបានមកអង្គុយជជែកលេង ជាមួយអ៊ុំបាន ១ ឬ ២ម៉ោងដែរហ៊យ…។
លោក ងួន ចាន់ដេវី បានបញ្ជាក់ថា និយាយទៅអនុស្សាវរីយ៍ច្រើនណាស់ រាប់មិនអស់ទេ ហើយក៏សូមអរគុណដល់អ៊ុំ ដែលនៅតែនឹករលឹកដល់ខ្ញុំ ហើយក៏អរគុណដល់អ៊ុំ ដែលបានចូលរួមចំណែកការងារជាមួយខ្ញុំកន្លងមក។ ហើយក្មួយក៏មិនមានអីច្រើនដែរ ក្មួយមានតែទឹកប្រាក់បន្តិចបន្តួច ដែលជាទឹកចិត្តរបស់ក្មួយ សម្រាប់ជូនអ៊ុំ ទុកគ្រាន់ដោះស្រាយជីវភាព។
ជាមួយគ្នានេះដែរតារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មហង្សមាស លោក ងួន ចាន់ដេវី ក៏បានបន្ថែមថា ជាចុងក្រោយក៏សូមជូនពរដល់អ៊ុំ និងក្រុមគ្រួសារជួបប្រទះតែនឹងសេចក្ដីសុខ និងជៀសផុតពីជំងឺទាំងពួង។ ក្មួយសង្ហារម្នាក់នេះមកជួបអ៊ុំហើយ។
តាមរយៈការសរសេរសារបង្ហោះភ្ជាប់ជាមួយរូបជូនថវិកាចំនួន ១០០ដុល្លារ ពីសំណាក់លោក ងួន ចាន់ដេវី ដើម្បីឧបត្ថម្ភជួយសម្រាលការលំបាក ដល់តារាកំប្លែងជើងចាស់ស្ថិតក្នុងក្រុមនាយ កុយ គឺលោកតា ចេក នេះដែរ ភ្លាមៗនោះ គេសង្កេតឃើញមានមហាជនអ្នកគាំទ្រជាច្រើន បាននាំគ្នា Share ចែករំលែកយ៉ាងព្រោងព្រាត ព្រមជាមួយការលើកសរសើរ នូវទឹកចិត្តដ៏ល្អរបស់ លោក ងួន ចាន់ដេវី ដែលបានបង្ហាញនៅពេលនេះផងដែរ៕




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង