លោកសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីហ្ស៊ីមូរ៉ា (Hidetoshi Nishimura) នាយកប្រតិបត្តិ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA)មានប្រសាសន៍ថាក្នុងថ្ងៃបញ្ចប់សន្និសីទ ដោយស្នើអ្នកចូលរួមឆ្លើយតបនឹង វិធានការ១១ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បី កសាងសហគមន៍អាស៊ានកាន់តែសម្រេចបាន សហគមន៍អាស៊ានដែលមានសមាហរណកម្ម ការប្រកួតប្រជែង សមធម៌ និងភាពរឹងមាំ ។

លោកបណ្ឌិត វីលាម អូវើហូល អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាកលវិទ្យាល័យហាវើត ដ៏មាន កេរ្តិ៍ឈ្មោះល្បីល្បាញបានកត់សម្គាល់ថាអាស៊ានមានតួនាទីយ៉ាង សំខាន់ក្នុង ប្រវត្តិសាស្ត្រ អាស៊ី និងពិភពលោក។ ភាពជោគជ័យដ៏ធំធេងរបស់អាស៊ានមានឥទិ្ធពលចំពោះ ពិភពលោក តាមរយៈការចែករំលែក បទពិសោធមេរៀនអំពីភាពអស្ចារ្យផ្នែកសេដ្ឋកិច្ចដែលធ្លាប់ មានកន្លង មកដល់ពេលបច្ចុប្បន្ន។
លោកបណ្ឌិតវីលាម បានអំពាវនាវអាស៊ានបន្តដំណើរដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លំនឹងអំណាចសកលលោកថ្មី។ គាត់ជឿជាក់ថាមាគាអាស៊ានដែលប្រើអំណាចត្រជាក់ក្នុងការដោះស្រាយទំនាស់ដែលបង្កការគំរាមកំហែងដល់ធនធានក្នុងតំបន់នឹងអាចធានាស្ថិរភាពនយោបាយ។
ភាពខ្លាំងរបស់អាស៊ានអាចកំណត់បានតាមស្ថានភាពសមាជិកដែលទន់ខ្សោយជាងគេ ដូច្នេះចំណុចសំខាន់នៃសន្និសីទគឺត្រូវធ្វើដំណើរដើម្បីសម្រេចបានសហគមន៍ដែលមានសមធម៌ជាងនេះថែមទៀត។
លោកបណ្ឌិតវីលាម យល់ថាអាស៊ានគួរតែពង្រឹងវិធានពាណិជ្ជកម្មនិងវិនិយោគ ក្នុងតំបន់និងគាំទ្រសំណើវិនិយោគនិងពាណិជ្ជកម្មផេ្សងៗ ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងដែលអាចជម្រុញប្រទេសមហាអំណាចធំៗនិងតូចៗប្រកាន់យកវិធានដែលកាន់តែប្រសើរ ។ អាថ៌កំបាំងនៃភាពជោគជ័យរបស់អាស៊ានគឺកំណត់ឲ្យបានច្បាស់អំពីភាពខ្លាំងនិងភាពនៅមានកម្រិត របស់សមាគមនេះដើម្បីយល់យ៉ាងច្បាស់អំពីបញ្ហាប្រឈមចម្បងៗដែលចូលរួមធ្វើអាស៊ានទទួលការគោរពកោតសរសើរ ជោគជ័យ និងខ្លាំងក្លា។
លោកសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីហ្ស៊ីមូរ៉ា (Hidetoshi Nishimura) នាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA)បានរាយការណ៍លទ្ធផល វាគ្មិន សំខាន់ៗដែលបានលើកឡើងថាបញ្ហាប្រឈមក្នុងការធ្វើសមាហរណកម្ម សេដ្ឋកិច្ចអាស៊ានគឺ ការគ្រប់គ្រងកំណែទម្រង់និងសម្រេចគោលដៅប្រចាំតំបន់។បានពន្យល់ ថាការបង្កើន ភាពរឹងមាំ និងការផ្សារភ្ជាប់រវាងបណ្តាសមាជិក នៅកំពុងតែជាបញ្ហាដែលត្រូវដោះស្រាយជាពិសេស ត្រូវពង្រឹង ការតាមដានអនុវត្តផែនការការផ្សារភ្ជាប់និងលទ្ធផលជាក់ស្តែង។ ហើយយោងតាមគុណសម្បត្តិអំពីទីតាំងជាយុទ្ធសាស្ត្រអាស៊ានអាចជាមូលដ្ឋាននៃបណ្តាញ ផលិតកម្មក្នុងពិភពលោក ។ បើទោះបីជាយ៉ាងនេះក្តី ក៏ផលិតភាពពលកម្ម និងតម្លៃនៃការផ្សារភ្ជាប់សេវាកម្ម នឹងក្លាយជាចំណុចសំខាន់ក្នុងការសម្រេចបានតួនាទីកណ្តាលរបស់អាស៊ានក្នុងបណ្តាញផលិតកម្មសកលនេះ ដែរ ។
លោកបានបន្ថែមទៀតថា “នៅក្នុងរយៈពេលពីរថ្ងៃនេះ យើងមើលឃើញថាការសម្រេចឲ្យបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ គឺជាផែនការមហិច្ឆតាមួយ ប៉ុន្តែទិដ្ឋភាពសំខាន់នៃសមាហរណកម្មគឺកំពុងតែដំណើរការទៅមុខបានយ៉ាងល្អប្រសើរ។ យើងត្រូវតែសម្រេច គោលដៅឆ្នាំ ២០១៥ និងពេលបន្ទាប់ ពីឆ្នាំ ២០១៥ទៀត។ ដោយសមាហរណកម្មគឺជាដំណើរការបន្តឥតឈប់ គោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវតែកំណត់ឲ្យហួសពីឆ្នាំ២០១៥ដើម្បីសម្រេចឲ្យបាននូវសហគមន៍អាស៊ានមួយដែលកាន់តែមានសមាហរណកម្ម ភាពប្រកួតប្រជែង សមធម៌ និងរឹងមាំជាងមុន”។
នៅក្នុងឱកាសបិទសិក្ខាសាលានោះផងដែរឯកឧត្តមបណ្ឌិតស៊ូរិនពិតស៊ូវណ្ណ អគ្គលេខាធិការអាស៊ាន បានផ្តល់អនុសាសន៍ឲ្យផ្តល់ការវិនិយោគបន្ថែមទៀតលើវិស័យអប់រំ ការស្រាវជ្រាវ វិទ្យាសាស្ត្របច្ចេកវិទ្យាបន្ថែមទៀត ដោយធ្វើការប្រៀបធៀបការចំណាយរបស់ អាស៊ានគឺមានចំនួនតិចជាងប្រទេសជប៉ុន កូរ៉េ និងចិន។ “បើយើងមិន វិនិយោគបន្ថែមលើ ការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវដើម្បីផលិតទំនិញ ឬសេវាថ្មីៗនោះទេ យើងនឹងជាប់ក្នុងស្ថានភាពសេដ្ឋកិច្ចប្រទេសដែលមានចំណូលមធ្យមជារៀងរហូតមិនអាចងើបលើសពីនេះទេ”។ប្រទេសសឹង្ហបុរីចំណាយជាង ២.៦%នៃផលទុនជាតិសរុប(GDP) សម្រាប់ធ្វើការស្រាវជ្រាវ ថ្មីៗ ដែលជាហេតុដែលអាចងើបផុតពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្មច្រើននិងការពឹងផ្អែកលើធនធានធម្មជាតិ។
ថ្លែងក្នុងសុន្ទរកថាបិទ ឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ដោយផ្សារភ្ជាប់ជាមួយនឹងវិស័យឯកជន ភាគីកំណត់នយោបាយសេដ្ឋកិច្ចអាស៊ាននឹងស្វែងរកនូវដំណោះស្រាយដែលមានលក្ខណៈឆ្លើយតបដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម និងពន្ធគយ ដើម្បីឲ្យក្លាយជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្ម។ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា “នៅខែក្រោយនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលវិនិយោគ និងធុរកិច្ចអាស៊ាននៅទីក្រុងភ្នំពេញ យើងផ្តល់ជាការឆ្លើយតបដ៏ពេញលេញដែលមានរៀបរាប់អំពីអនុសាសន៍ជាគោលនយោបាយប្រៀបធៀបបែបម៉ាទ្រីសនិង ដោះស្រាយបញ្ហារបស់ផ្នែកឯកជន ដែលពាក់ព័ន្ធនឹងការសម្របសម្រួលពាណិជ្ជកម្ម នីតិវិធីពន្ធគយ និងកែលំអ។ ភាពជាម្ចាស់ផ្ទះប្រធានអាស៊ានរបស់កម្ពុជានឹងបន្សល់ទុកជាកេរតំណែលក្នុងការជម្រុញ និងទទួលស្គាល់ផ្នែកឯកជន ចូលរួមក្នុងកិច្ចសន្ទនា”៕
ដោយ ៖ សូរីយ៉ា