កាលពីវេលាម៉ោង ១២និង២០នាទី រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ នេះ  បុរសម្នាក់ អាយុជាង ៤០ឆ្នាំ ត្រូវបានគេដឹងថា ជាអ្នកកាសែតនៅអង្គភាព រស្មីបុរី ត្រូវបានជនមិនស្គាល់មុខ ចាក់សាំងដុតទាំងរស់ ខណៈដែលជនរងគ្រោះរូបនេះ កំពុងដេកលក់ នៅលើប៉ាវអ៊ី ក្រោមដើមស្វាយ ក្នុងបរិវេណ ពុទ្ធសាសនបណ្ឌិត្យ ក្បែរវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។ គេមិនទាន់ ដឹងថា តើជនរងគ្រោះ មានស្ថានភាពយ៉ាងណានោះទេ ខណៈកំពុងជួយសង្គ្រោះជាបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ ម៉ែត ។

/

យោងតាមប្រភពព័ត៌មានពីកាសែតដើមអម្ពិលបានឲ្យដឹងថា លោក អ៊ឹម វុទ្ធី អាយុជាង ៤០ឆ្នាំ ក្រៅពីធ្វើជាអ្នកកាសែតក្នុងអង្គភាព ដែលមិនល្បីឈ្មោះមួយនេះ ជនរងគ្រោះបានរត់ម៉ូតូកង់បី ដើម្បីរកប្រាក់ចំណូល បន្ថែមក្នុងគ្រួសារ ។

លុះដល់វេលាម៉ោង ១២ និង២០នាទី រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ដោយសារតែ រាងអស់កម្លាំងបន្ដិច ជនរងគ្រោះរូបនេះ បានចតម៉ូតូកង់បីរបស់ខ្លួន រួចហើយទៅដេកនៅលើប៉ាវអ៊ី ក្រោមដើម ស្វាយ ក្នុងបរិវេណពុទ្ធសាសនបណ្ឌិត្យ ក្បែរវិមានរដ្ឋសភា។ ពេលកំពុងដេកលក់ យ៉ាងស្កប់ស្កល់នោះ ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ បានជិះម៉ូតូមួយគ្រឿង មកឈប់នៅកន្លែងជនរងគ្រោះ ដេក ពេលនោះបានយកសាំងចាក់ទៅលើជនរងគ្រោះ រួចដុតតែម្ដង ហើយគេចខ្លួនបាត់ ដោយសុវត្ថិភាព។

/

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជក់ពីហេតុផលពិត ប្រាកដ ដែលនាំឱ្យមានការ ដុតមនុស្សទាំងរស់នេះនៅឡើយទេ ហើយបច្ចុប្បន្នកំពុងធ្វើការ ស្រាវជ្រាវ តាមចាប់ ឃាតក៕

ដោយ​​​៖ មិនាប្រភព៖ ដើមអម្ពិល