កម្មករ-កម្មការិនីចំនួន ៥៧ នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារក្រឡាប់រថយន្ត ដែលបានដឹកក្រុមកម្មកររោងចក្រ ទៅធ្វើការនៅរោងចក្រក្រុងបាវិត កាលពីវេលាម៉ោងប្រមាណ ៧ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ នៅលើផ្លូវលេខ៣១៦ដេ ស្ថិតនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។រថយន្តបង្កម៉ាកកូរ៉េ ចំណុះពីរតោនកន្លះ ពាក់ស្លាក ភ្នំពេញ 3A-0119 បើកបរដោយបុរសម្នាក់ ឈ្មោះ អ៊ុង ជានជួប អាយុ ២៣ឆ្នាំ មានទីលំនៅភូមិដូនណូយ ឃុំច្រេស ស្រុកចន្រា ខេត្តស្វាយរៀង។
ក្រុមកម្មករដែលរងរបួសបានឲ្យដឹងថា នៅមុនពេលកើតហេតុ តៃកុងឡានបានដឹកកម្មករចេញពីផ្ទះដូចសព្វមួយដង ដោយផ្ទុកមនុស្សសរុបប្រមាណជា ៨០ នាក់។ លុះដល់ពេលកំពុងធ្វើដំណើរចេញពីផ្លូវលំ ឡើងមកដល់ផ្លូវចាក់កៅស៊ូបានបន្តិច ស្រាប់តែរថយន្តមានបញ្ហាកាច់ចង្កូតលែងបាន ជាន់ហ្វ្រាំងក៏មិនស៊ី ហើយក៏បានរេចង្កូតមកខាងឆ្វេងដៃធ្លាក់ចេញពីផ្លូវ ទៅបុកដើមឈើតូចៗជាច្រើនជាប់របងផ្ទះអ្នកស្រុក រួចក៏ក្រឡាប់មកខាងស្តាំ។សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីបញ្ហាបច្ចេកទេសរថយន្តដាច់ចង្កូត ហ្វ្រាំងមិនស៊ី និងដឹកមនុស្សច្រើនពេក។
ដោយ ៖ សីហាប្រភព ៖ CEN