RIM ជាក្រុមហ៊ុនផលិតទូរស័ព្ទ BlackBerry និងឧបករណ៍ Tablet PlayBook កាលពីពេលថ្មីៗនេះបានប្រកាសអោយដឹងថាក្រុមហ៊ុនទទួលការខាតបង់ប្រាក់ចំណូលមានបរិមាណដ៏ធំដែលមានចំនួនឡើងរហូតដល់ ១២៥ លានដុល្លានៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១១ កន្លងមកនេះ។អាស្រ័យដោយលទ្ធផលខាតបង់ប្រាក់ចំណូលដ៏ធំនោះហើយ ទើបជាហេតុធ្វើអោយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរបស់ក្រុមហ៊ុន RIM បានលាលែងតំណែងចេញពីក្រុមហ៊ុនកាលពីពេលថ្មីៗនេះ។
បណ្តាថា្នក់ដឹកនាំដែលបានលាលែងចេញពីតំណែងនិងចាកចេញពីក្រុមហ៊ុន RIM ក្នុងនោះមានដូចជាលោក David Yach - ទទួលភារកិច្ចផ្នែក Software , Jim Rowan -ទទួលភារកិច្ចខាងផ្នែកប្រតិបត្តិសកម្មភាពទូទាំងពិភពលោក និង Jim Balsillie -អតីតអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន RIM ។ ដោយឡែកកាលពីថ្ងៃទី ៥ ខែមេសាកន្លងទៅនេះ អ្នកនាំពាក្យរបស់ RIM បានអោយដឹងថាលោក Alistair Mitchell អគ្គនាយករងទទួលភារកិច្ចផ្នែកសេវាកម្មផ្ញើសារលើប្រព័ន្ធអ៊ីនធើណែតនៅលើ BlackBerry ក៏បានលាលែងពីដំណែងផងដែរ។ បន្ថែមលើនោះ លោក Alan Brenner អគ្គនាយកផ្សេងមួយទៀតទទួលបន្ទុកផ្នែកប្រព័ន្ធប្រតិបត្តិសំរាប់ទូរស័ព្ទ BlackBerry ក៏នឹងត្រៀមខ្លួនដើម្បីចាកចេញពីក្រុមហ៊ុនផងដែរនៅបន្ទាប់ពីបញ្ចប់ការងាររួចរាល់។ RIM បច្ចុប្បន្នកំពុងប្រឈមនឹងដំណាក់កាលមួយដែលពិបាកស្មុគស្មាញបំផុត។ ក្រុមហ៊ុននេះបានធ្វើអោយបាត់បង់ប្រហែល ១៤% នៃចំណែកនៅលើទីផ្សារទូរស័ព្ទ Smartphone នៅទូទាំងពិភពលោក ជាមួយបរិមាណអ្នកប្រើប្រាស់ BlackBerry បច្ចុប្បន្នសល់ត្រឹមតែប្រហែល ៨,២% ប៉ុណ្ណោះ។ នៅលើទីផ្សារហិរញ្ញវត្ថុ ភាគហ៊ុនរបស់ RIM ក៏បានធ្លាក់តំលៃរហូតដល់៧៧ % កាលពីឆ្នាំកន្លងទៅនេះ៕ ប្រភព៖ Computersightដោយ៖ រស្មី