រាជធានីភ្នំពេញ ៖ អគាររោងចក្រផលិតស្បែកជើងមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះ សន្ធោសន្ធៅជះអណ្តាតភ្លើងឡើងទៅលើអាកាសវេហាស៍ក្រហមច្រាល បង្កឱ្យមានការភ្ញាក់ផ្អើលខ្ញៀវខ្ញាជាមួយសម្លេងស្រែករន្ថើន ជួយផងៗស្តាប់ទៅគួរឱ្យរន្ធត់ពន់ពេកក្រៃ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២១ កុម្ភៈ ២០១១ លើបណ្តោយផ្លូវអូដឹម-កប់ស្រូវ ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ។
អគាររោងចក្រឈ្មោះមែក ណេតហ៊្វូតវែរ ជារោងចក្រផលិតស្បែកជើងនាំចេញទៅក្រៅប្រទេស ហើយអគារដែលរងការឆេះបំផ្លិចបំផ្លាញនេះមានទំហំ៣៦ម៉ែត្រគុណ១១០ ម៉ែត្រ ជាអគារស្តុកផលិតផលសម្រេច (ស្បែកជើងដែលផលិតហើយរង់ចាំការនាំចេញ), ផលិតផលមិនសម្រេចខ្លះ និងម៉ាស៊ីនចង្វាក់ផលិតកម្ម...នៅវេលាភ្លើងចាប់ផ្តើមឆេះ នោះត្រូវបានគេដឹងថា មានសន្តិសុខយាមកាមច្រើននាក់ និងបុគ្គលិកផ្នែករដ្ឋបាលក៏ច្រើននាក់ផងដែរ ធ្វើការ និងស្នាក់នៅក្នុងរោងចក្រនេះ ។ មិនយូរប៉ុន្មានរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចជិត ២០គ្រឿង បានចូលទៅដល់កន្លែងកើតហេតុដើម្បីបង្ក្រាបអណ្តាតភ្លើង និងបាញ់ទឹកទប់ស្កាត់ទៅលើអគារក្បែរខាង ព្រមទាំងលំនៅឋានប្រជាពលរដ្ឋដែលនៅកៀកនោះកុំឱ្យភ្លើងប្រើ មហិច្ឆតារាលដាលបានតទៅទៀត ។
ស្ទើរតែមួយយប់ទល់ភ្លឺអណ្តាតភ្លើងហាក់មិនព្រម ចុះចាញ់សមត្ថកិច្ចសោះ បើទោះណារថយន្តពន្លត់អគ្គីភ័យចល័តគ្នាបាញ់ទឹកជាច្រើនកន្លែងក៏ ដោយគឺបាញ់ខាងលិចឆេះខាងកើត បាញ់ខាងជើងឆេះខាងត្បូង...ណាមួយយប់ងងឹតពិបាករកទីតាំងឈរជើង បាញ់ទឹកខ្លាំងណាស់ ។ ប៉ុន្តែមកដល់វេលាទៀបភ្លឺថ្ងៃទី២២ កុម្ភៈ ទើបអណ្តាតភ្លើងក្រាបបាក់បបខ្លបខ្លាចរលត់បន្តិចម្តងៗ ក្រោមការបាញ់ទឹកយ៉ាងសកម្មពីសមត្ថកិច្ចដោយផ្លាស់ប្តូរ វេនគ្នា ទៅដឹកទឹកយ៉ាងរហ័សរហួន គិតសរុបមកដល់ព្រឹកព្រលឹមថ្ងៃដដែលនេះ គឺប្រើប្រាស់ទឹកជតិ១០០ឡាន (១០០ជើង) ទើបអណ្តាតភ្លើងបានរលត់ជាស្ថាពរ ។
ព័ត៌មានជំហានដំបូងបានឱ្យដឹងថា អគ្គីភ័យដ៏កាចសាហាវនេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់ស្លាប់បាត់បង់ជីវិត និងរងរបួសទេ ប៉ុន្តែការខូចខាតគឺមានទំហំធំធេងណាស់ ព្រោះឃ្លាំងក៏ធំ និងស្តុកផលិតផលសម្រេចរង់ចាំការដឹកចេញទៅប្រទេសក្រៅនៅថ្ងៃ ទី២៣ កុម្ភៈ ២០១១ ស្អែកនេះតែប៉ុណ្ណោះ ឥឡូវឆេះម៉ដ្ឋអស់រលីង ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ការឆាបឆេះនេះបណ្តាលមកពីប្រព័ន្ធខ្សែភ្លើងទុស្សេ ដែលដំបូងឡើយគេឮសូរសម្លេងប្រេះប្រោះៗ រួចហើយកើតជាអណ្តាតភ្លើងតែម្តង ៕
http://kohsantepheapdaily.com.kh/art...21-182817.html