ខេត្ត ​ព្រះ​សីហនុ​ ៖ ស្ត្រី​អ្នក​ចំរៀង​២​នាក់​បង​ប្អូន​ និង​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ និង​អ្នក​របួស​ធ្ងន់​ម្នាក់​បាន​ស្លាប់​ ហើយ​មនុស្ស​ចំនួន​ជាង​១០​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​​ក្នុង​ឧប​ទ្ទ​វ​ ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ដ៏​រន្ធត់​​​មួយ​កើត​ឡើង​រវាង​រថ​យន្ត​​ដឹក​ ក្រុម​តន្ត្រី​​សម័យ​នឹង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ដឹក​ប្រេង​យ៉ាង​ច្រើន​ប៊ី​ដុង ​​បណ្តាល​ឱ្យ​មាន​ការ​ឆាប​ឆេះ​យាន​យន្ត​ទាំង​២​យ៉ាង​សន្ធោ​រ​សន្ធៅ​។ ហេតុ​ការណ៍​​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​គួរឱ្យ​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​ ថ្ងៃ​ទី​១៩ កុម្ភៈ​ ២០១១ វេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​ចន្លោះ​គីឡូ​ ម៉ែត្រ​លេខ​១៨៦​ទៅ​១៨៧​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ស្អុយ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់​។

ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​ដឹក​ក្រុម​តន្ត្រី​សម័យ​​អូរ​សេ​តេ​ដែល​ជា​ក្រុម​តន្ត្រី​ល្បី​មួយ​ ​នៅ​ក្រុង​ព្រះ​សីហនុ​ត្រូវ​បាន​គេ​ជួល​មក​ប្រគំ​កំដរ​ក្នុង​ពិធី​អាពាហ៍​ ពិពាហ៍​មួយ​នៅ​ចំការ​ដូង​ប្រេង​។ តាម​ព័ត៌​មាន​ពី​មន្ត្រី​សមត្ថ​កិច្ច​ស្រុក​ដែល​ចុះ​ទៅដល់​​កន្លែង​គ្រោះ​ ថ្នាក់​ចរា​ចរណ៍​នោះ​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​ដែល​ដឹក​ក្រុម​តន្ត្រី​អូរ​សេ​តេ​នោះ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ចំណុះ​២​ តោន​កន្លះ​ពណ៌​​ស​គ្មាន​​ស្លាក​លេខ​បាន​ផ្ទុក​ឧប​ករណ៍​ភ្លេង​ និង​ក្រុម​តន្ត្រី​ចំនួន​១២​នាក់​បើក​បរ​ក្នុង​ទិ​សដៅ ពី​ខេត្ត​ព្រះ​សីហនុ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤។

លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​ រ៉ឺម៉ក​កង់​បី​ដែល​បើក​បរ​ បញ្រ្ចាស​ទិ​ស​គ្នា​យ៉ាង​ពេញ​ទំហឹង​លើ​ផ្លូវ​ជាតិ​​លេខ​៤ ។ អ្នក​ឃើញ​ហេតុ​ការណ៍​និយាយ​ថា ពេល​បុក​លាន់​ដូច​រន្ទះ​នោះ​ រថ​​យន្តឆាប​​ឆេះ​បណ្តើរ​បើក​ទៅ​មុខ​បណ្តើរ​ហើយ​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​​​ ​ទើប​ឆាប​ឆេះ​ខ្លាំង​​នៅ​ចំងាយ​ប្រហែល​១០​ម៉ែត្រពី​​ផ្លូវ​ជាតិ​ ។ រី​ឯ​មនុស្ស​ខ្លះ​ឆេះ​ស្លាប់​ក្នុង​​កាប៊ីន​ ខ្លះ​ខ្ទាត​ចេញ​មក​ស្លាប់​ក្រៅ​រថ​យន្ត​ និង​ខ្លះ​របួស​ត្រូវ​ភ្លើង​ឆេះ​ដួល​ដេក​រដូក​រណែល​ ។ ចំណែក​អ្នក​បើក​បរ​រ៉ឺម៉ក​ម៉ូតូ​ត្រូវ​​រថ​យន្ត​អូស​ទៅ​ជាមួយ​ដែល​គេ​ឃើញ​ មនុស្ស​ជាប់​ក្រោម​រថ​យន្ត​ រី​ឯម៉ូតូ​ឆេះ​ខ្ទេចជាមួយ​រថ​យន្ត​ដែរ​​។ ហេតុ​ការណ៍​បុក​គ្នា​នេះ​ សមត្ថ​កិច្ច​នៅ​ពុំ​ទាន់​សន្និ​ដ្ឋាន​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​កំពុង​តែ​ស្រាវ​ជ្រាវ​រក​ការ​ពិត​ ។

អ្នក​រង​គ្រោះ​ដែល​ជិះ​ក្នុង​រថ​យន្ត​ចំនួន​១២​នាក់​ មាន​១-ឈ្មោះ​ឡេង​ សុខ​នី​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នក​បើក​បរ​រថ​យន្ត​ របួស​ធ្ងន់​, ២-ឈ្មោះ​ភួង សានី​កា ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​អ្នក​ចំរៀង​ ពេល​កើត​ហេតុ​បាន​ខ្ទាត​ចេញ​ពី​រថ​យន្ត​ស្លាប់​នៅ​នឹង​កន្លែង​, ៣-ឈ្មោះ​ភួង​ ម៉ារ៉ា ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​អ្នក​ចំរៀង​ និង​ជា​ប្អូន​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ស្លាប់​នៅ​នឹង​កន្លែង​, ៤-ឈ្មោះ​សូរ សារ៉េត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់​នៅ​ក្រុង​ព្រះ​សីហនុ របួស​ធ្ងន់ និង​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ។ ៥-ឈ្មោះ​ម៉ែន រស្មី ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ របួស​ធ្ងន់​​, ៦-ឈ្មោះ​អ៊ឹម សោភ័ណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ រស់​នៅ​ក្រុម​១០​មណ្ឌល​៣ សង្កាត់​២ ខណ្ឌ​មិត្ត​ភាព​ របួស​ធ្ងន់​, ៧-ឈ្មោះ​រឿង​ កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ របួស​ធ្ងន់​, ៨-ឈ្មោះ​ធន សំអុល ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ របួស​ធ្ងន់, ៩-ឈ្មោះ​ស៊ុន សុតាល់​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ របួស​ធ្ងន់, ១០-ឈ្មោះ​ខេត រ៉ា ភេទ​ប្រុស អាយុ​៣៤ឆ្នាំ របួស​ធ្ងន់​, ១១-ឈ្មោះ​តែង​ អន​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ របួស​ធ្ងន់​ និង​១២-​បាត់​អត្ត​សញ្ញាណ រក​មិន​ឃើញឈ្មោះ។ ចំណែក​ខាង​ម៉ូតូ​រ៉ឺម៉ក​មាន​តែ​អ្នក​បើក​ម្នាក់​ឯង​ទេ ឈ្មោះ​នាក់​ សារ៉ាត ហៅ​វ៉ាត​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ភ្នំ​តូច ឃុំ​បឹង​តា​ព្រហ្ម​ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ​ ត្រូវ​រថ​យន្ត​អូស​ទាំង​មនុស្ស​ ទាំង​ម៉ូតូ​ដាច់​ចេញ​ពី​រ៉ឺម៉ក​ជាប់​ពី​ក្រោម​រថ​យន្ត​​ស្លាប់​នៅ​នឹង​ កន្លែង​ ហើយ​ម៉ូតូ​ត្រូវ​ឆេះ​ខ្ទេច​។​

http://kohsantepheapdaily.com.kh/art...19-203349.html