ខេត្ត ​ព្រៃ​វែង ៖ កូន​ជ្រូក​ចម្លែក​ពីរ​ក្បាល​​​បាន​កើត​មក​ដុះ​ប្រមោយ​ដូច​សត្វ​ដំរី ស្លឹក​ត្រចៀក​ដំរី ភ្នែក​ក៏​ដូច​ជា​ដំរី តែ​គួរ​ឱ្យ​ស្តាយ​កើត​មក​បាន​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​​ក៏​ផ្ទុះ​ធ្លាយ​ផ្ចិត ​​​ងាប់​ទាំង​ពីរ​ក្បាល។ ​បើ​តាម​ស្ត្រី​​ជា​ម្ចាស់​ជ្រូក​​​ឈ្មោះ​ជា សាយ អាយុ​៥១​ឆ្នាំ ​នៅ​​ភូមិ​អំពិល​ ឃុំ​ប្រាសាទ​ ស្រុក​កំពង់​ត្របែក ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មេ​ជ្រូក​របស់​គាត់​​​នេះ​​ចិញ្ចឹម​​រយៈ​ពេល​ជាង​១ឆ្នាំ​ ទើប​មាន​កូន ហើយ​ដោយ​ជីវ​ភាព​ខ្វះ​ខាត​គាត់​​មិន​ហ៊ាន​ចិញ្ចឹម​​ច្រើន​ទេ គឺ​ចិញ្ចឹម​តែ​​​មេជ្រូក​​​១​ក្បាល​ប៉ុណ្ណោះ ។

គាត់​និយាយ​ថា ​គាត់​ខំ​បំប៉ន​រហូត​ធំ​ធាត់​​​ ទើប​ដាក់​បា​​ដោយ​​សង្ឃឹម​​ថា ពេល​កើត​កូន​មក​លក់​បាន​ប្រាក់​​រក​មុខ​របរ​បន្ថែម តែ​អ្វី​ដែល​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​នោះ​ គឺ​ពេល​មេជ្រូក​កើត​កូន​មក​ ស្រាប់​តែ​កូន​ទី​១ ក្បាល​ដូចសត្វ​ដំរី ឯ​កូន​ទី​២​ក៏​ដូច​សត្វ​ដំរី មាន​ប្រមោយ​ដូច​ដំរី ត្រចៀក​ដូច​ដំរី ហើយ​មេ​ជ្រូក​បាន​កើត​​កូន​រហូត​​ដល់​៧​ក្បាល តែ​ប្រាំ​ក្បាល​​ជា​កូន​ជ្រូក​ធម្ម​តា។ ​រីឯ​កូន​​ជ្រូក​ចម្លែក​ទាំងពីរ​ក្បាល កើត​មក​​​បាន​ប្រមាណ​ជាង​កន្លះ​ម៉ោង​ក៏​​​ផ្ទុះ​ទង​ផ្ចិត​ទាំងពី​រ​​ក្បាល​ ហើយ​ងាប់​ជា​បន្ត​បន្ទាប់​គួរ​ឱ្យ​ស្តាយ​បំផុត ។

កូន​ជ្រូក​ចម្លែក​ពីរ​ក្បាល​​​នេះ​បាន​កើត​កាល​ពី​ ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ ២០១១ វេលា​ម៉ោង​៧​យប់ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៣ កុម្ភៈ មនុស្ស​ម្នា​ក៏​នាំ​គ្នា​មក​​មើល​​កូន​ជ្រូក​ចម្លែក​នេះ ខ្លះ​ក៏​ថត​យក​រូប​ភាព​ទុក​មើល ។ ​ម្យ៉ាង​ទៀត​ក្រោយ​ពី​ងាប់​បាន​ពីរ​​​​ថ្ងៃ​​ក៏​ត្រូវ​​ចាស់​ទុំ​ និង​អ្នក​ភូមិ​​​ឱ្យ​​យក​​​ទៅ​​កប់​​នៅ​ក្នុង​វត្ត​អំពិល​​ ដើម្បី​សុំ​សេច​ក្តី​​សុខ ដោយ​គិត​ថា នេះ​ជា​ហេតុ​ចម្លែក​​​ដែល​មេជ្រូក​កើត​កូន​មក​ដូច​ដំរី ។

http://kohsantepheapdaily.com.kh/art...20-175632.html