ខេត្តស្ទឹង​ត្រែង ៖ ស្ពាន​មិត្ត​ភាព​កម្ពុជា​-ចិន ឬ​ហៅថា ស្ពាន​សេកុង គឺ​ជា​ស្ពាន​ឆ្លង​កាត់​​ទន្លេ​សេកុង​ដែល​មាន​​​ប្រវែង​១.០៥៧​ម៉ែត្រ ​កាត់​ពី​ក្រុង​ស្ទឹង​ត្រែង​ឆ្ពោះ​ទៅ​កាន់​ព្រំ​​ដែន​កម្ពុជា-ឡាវ និង​បាន​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​តាំងពី​​ខែ​មេសា ឆ្នាំ​២០០៨ កន្លង​មក​នេះ ។ ចាប់​តាំង​ពី​ស្ពាន​នេះ​​សម្ពោធ​​បើក​ឱ្យ​ដំណើរ​ការ​​បាន​ផ្តល់​នូវ​​ភាព​ ងាយ​ស្រួល​ដល់​អ្នក​ដំណើរ​​​គ្រប់​​ទិស​ទី​ឆ្លង​កាត់​​ ទាំង​ភ្ញៀវ​ទេសចរ ប្រជា​ពល​រដ្ឋ​ ក៏​ដូច​ជាពាណិជ្ជ​​ករ​ដែល​​មានទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ បាន​ដឹក​ទំនិញ​ឆ្លង​​កាត់​យ៉ាង​​​ងាយ​ស្រួល ។

អ្នក​ដំណើរ​​ជា​ភ្ញៀវ​ទេស​ចរ​ជាច្រើន​បាន​ឱ្យ​ដឹង​ថា ពួក​គាត់​សប្បាយ​ចិត្ត​ជា​មួយ​ការ​ធ្វើ​ដំណើរ​តាម​ស្ពាន​នេះ​ទៅ​ប្រទេស​ឡាវ ដោយ​​សារ​​បច្ចុ​ប្បន្ន​​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ពេល​ដែល​ពួក​​គាត់​មក​ដល់​ខេត្ត​ស្ទឹង​ត្រែង ហើយ​​ចង់​ឆ្លង​​ទន្លេ​សេកុង​ទៅ​កាន់​ប្រទេស​ឡាវ គឺ​ត្រូវ​​ឆ្លង​សាឡាង។ ប៉ុន្តែ​ឥឡូវ​នេះ​យើង​មាន​ស្ពាន​​​អាច​ឱ្យ​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​​ យ៉ាង​ងាយ​ស្រួល ហើយ​នៅ​ពេល​មក​ដល់​ស្ពាន​នេះ មិត្ត​ភក្តិ​​របស់​គាត់​ដែល​ពុំ​ធ្លាប់​មក​តែង​តែ​ថត​រូប​នៅ​លើ​ស្ពាន​ទុក​ ជា​អនុ​ស្សាវរីយ៍​ផង​ដែរ។ តែ​អ្វី​ដែល​ពួក​គាត់​កត់​សំគាល់​​នោះ គឺ​ពួក​គាត់​បាន​ឃើញ​អក្សរ​មាន​ខ្លឹម​សារ​មិន​គួរ​គប្បី​ជា​ច្រើន​សរសេរ​នៅ​ ​លើ​បង្កាន់​ដៃ​​ស្ពាន​នូវ​ពាក្យ​​​ចំអាសចំអូង​មើល​ទៅ​មិន​សម​ភ្នែក​​ភ្ញៀវ​ ដែល​កំពុង​ធ្វើ​ដំណើរ​​សោះ។ ម្យ៉ាង​ទៀត​តាម​ប៉ម​នី​មួយៗ​សំរាប់​សន្តិ​សុខ​យាម​លើ​ស្ពាន​បាន​ក្លាយ​ទៅ​ជា ​​កន្លែង​​បន្ទោរ​បង់​អស់​ទៅ​ហើយ ឱ្យ​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ប៉ម​ម្តងៗ​តែង​តែ​ធុំ​​ក្លិន​ឆ្អេះ​ឆ្អាប​ធ្វើ​ ឱ្យ​អ្នក​ដំណើរ​ទាំង​នោះ​លាន់​មាត់​គ្រប់​ៗ​​គ្នា​ ។ ពួក​គាត់​បាន​សំណូម​ពរ​​សុំ​ឱ្យ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ជួយ​ពិនិត្យ​​ មើល​តាម​​​បង្កាន់​ដៃ​ស្ពាន​ និង​មាន​វិធាន​ការ​យ៉ាង​ណា​ទៅ​លើ​ប៉ម​​យាម​ទាំង​អស់​នៅ​លើ​ស្ពាន​នោះ​ផង ។

​លោក​វរ​សេនីយ៍​ត្រី ឈូក កុម៉ល់ អធិ​ការ​ក្រុង​ស្ទឹង​ត្រែង​បាន​និយាយ​សារ​ភាព​ថា លោក​មិន​ដឹង​ថា មាន​គេ​​សរសេរ​អក្សរ​ក្រវេម​ក្រវាម​​​​នូវ​ពាក្យ​មិន​គប្បី​នៅ​តាម​​បង្កាន់ ​ដៃ​​ស្ពាន​​សោះ ទើប​តែ​ភ្នាក់​ងារ​កោះ​សន្តិ​​ភាព​សួរ ទើប​ដឹង​ពី​ហេតុ​ការណ៍​នេះ។ ​លោក​នឹង​ចាត់​វិធាន​ការ​ស្រាវជ្រាវ​​ដើម្បី​ចាប់​​ខ្លួន​ក្រុម​ក្មេង​​ ទំនើង​ទាំង​នោះ​មក​​​ធ្វើ​ការ​អប់រំ​ណែនាំ ។ ចំណែក​​ឯ​តាម​​ប៉ម​​របស់​សន្តិ​សុខ​​យាម​ស្ពាន​ដែល​មាន​ក្លិន​ឆ្អេះ​ទឹក​នោម ​នោះ លោក​អធិ​ការ​បាន​បញ្ជាក់​ថា តាម​ប៉ម​​នីមួយៗ​នៅ​​លើ​​​ស្ពាន​​តែង​តែ​មាន​ការ​លាង​សំអាត​ជានិច្ច ហើយ​មិន​ដឹង​ជា​ហាម​ឃាត់​យ៉ាង​ដូចម្តេច​ចំពោះ​ជន​​អគតិ​ដែល​លួច​ទៅ​នោម​នៅ​ តាម​ប៉ម​នោះ​​ ពី​ព្រោះ​សព្វ​ថ្ងៃ​ប៉ូលិស​យាម​តែ​នៅ​ចំណុច​ជើង​ស្ពាន​ប៉ុណ្ណោះ​ ចំណែក​នៅ​កណ្តាល​ស្ពាន​ប៉ូលិស​ពិបាក​ចង​អង្រឹង​​យាម​នៅ​ពេល​យប់​ណាស់ ​ទើប​ធ្វើ​ឱ្យ​ជន​ខិល​ខូច​យក​ប៉ម​ទាំង​នោះ​ធ្វើ​ជា​​កន្លែង​បន្ទោ​​បង់​។ ​ទោះ​បី​ជា​បែប​ណា លោក​​នឹង​មាន​វិធាន​ការ​ដើម្បី​កុំ​ឱ្យ​ជន​ខិល​ខូច​​យក​​​ប៉ម​នៅ​លើ​ស្ពាន​ ធ្វើ​ជាកន្លែង​នោម ឬ​បន្ទោ​​បង់​បាន​តទៅ​ទៀត​ឡើយ ៕

http://kohsantepheapdaily.com.kh/art...17-194833.html