គ្រូពេទ្យ នៅគ្លីនិកសុខវិសាល ក្នុងក្រុងប៉ោយប៉ែត ចាក់ថ្នាំខុសបច្ចេកទេស បណ្តាលឱ្យមនុស្សស្លាប់

-ជនរងគ្រោះ ជាសមាជិក សង្កាត់ប៉ោយប៉ែត និងជាមេភូមិបម្រុង

បន្ទាយមានជ័យ*៖ ដោយសារ តែគ្មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការចាក់ថ្នាំ ពីគ្រូពេទ្យនៅគ្លីនិក សុខវិសាល ស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើឱ្យ ជនរងគ្រោះម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាសមាជិកសង្កាត់ប៉ោយប៉ែត និងជាមេភូមិចំណុច ប៉ោយប៉ែតថ្មី (មេភូមិបម្រុង) បានបែបពពុះមាត់ស្លាប់ភ្លាមៗតែម្តង ។

ជនរងគ្រោះខាងលើ មានឈ្មោះ នូ ឡុក ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ លោកស្រីនាង មុំ ប្រពន្ធរបស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១១ នេះ ប្តីរបស់គាត់បានទៅធ្វើការដូចធម្មតា ប៉ុន្តែ ដល់ម៉ោងបាយក៏ត្រឡប់មកផ្ទះវិញ ស្រាប់ តែនៅម៉ោង ១ ជាង ថ្ងៃដដែល ប្តីរបស់គាត់បានប្រាប់ថា ចុកដើមទ្រូង និងមានអារម្មណ៍វិលមុខ ។ ពេលឮយ៉ាងដូច្នេះ លោកស្រី នាង មុំ និងកូនបាននាំប្តីរបស់ខ្លួន ទៅកាន់គ្លីនិកសុខវិសាល ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាល ពេលនោះគ្រូពេទ្យ បានលាយថ្នាំ និងសេរ៉ូមបញ្ចូលគ្នា ចាក់ឱ្យប្តីរបស់ គាត់ ។ មួយសន្ទុះក្រោយមក ប្តីរបស់គាត់ក៏មានអាក្កាៈប្លែក ដោយបែកពពុះមាត់ ប្រកាច់ប្រកិនដូច្នេះ ដោយឃើញហេតុការណ៍នេះ ក្រុមគ្រូពេទ្យនៅគ្លីនិកខាងលើ បានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ប៉ុន្តែ ជាអកុសល ជនរងគ្រោះបានស្លាប់ទៅហើយ ។

ប្រភពព័ត៌មាន ពីក្រុមគ្រូពេទ្យបង្អែកខេត្តបានឱ្យដឹងថា ពួកគាត់មិនអាចជួយសង្គ្រោះបានទេ ពីព្រោះជនរងគ្រោះ មិនដឹងជាដាច់ខ្យល់ស្លាប់តាំងពីពេលណា មុនពេលបញ្ជូនមកកាន់មន្ទីរពេទ្យ នេះ ។

គួរបញ្ជាក់ថា គ្រូពេទ្យនៅគ្លីនិកសុខវិសាលនេះ ក៏ធ្លាប់ចាក់ថ្នាំឱ្យមនុស្សស្លាប់ជាញឹកញាប់ផងដែរ ក្នុងអំឡុងដើមឆ្នាំ ២០១០ ដែលអ្នកស្លាប់ ២ នាក់ ក្នុងចំណោមជនរងគ្រោះផ្សេងទៀត ជាសន្តិសុខ នៅកាស៊ីណូ និងម្នាក់ទៀត ជាជាងភ្លើង ។

កត្តាទាំងនេះ មកពីក្រុមគ្រូពេទ្យរបស់គ្លីនិកវិសាលសុខ ជាមនុស្សគ្មានចំណេះវិជ្ជា និងជំនាញ ឬ បច្ចេកទេសពិតប្រាកដ ។

ប្រជាពលរដ្ឋជាច្រើននៅក្រុងប៉ោយប៉ែត បានរិះគន់យ៉ាងចាស់ដៃ ចំពោះគ្លីនិកខាងលើនេះ ហើយ សូមអំពាវនាវឱ្យក្រសួងសុខាភិបាល ចុះពិនិត្យ និងស្រាវជ្រាវគ្លីនិកនេះ ដើម្បីជៀសវាងបង្កឱ្យមាន មនុស្សស្លាប់ថែមទៀត ដោយសារតែគ្រូពេទ្យគ្មានជំនាញ និងបច្ចេកទេសពិតប្រាកដនោះ ។

ប្រជាពលរដ្ឋបានរិះគន់ទៀតថា នៅក្នុងក្រុងប៉ោយប៉ែតទាំងមូល គ្លីនិកឯកជនដុះដូចផ្សិតទៅហើយ ប៉ុន្តែ មិនដឹងថា គ្រូពេទ្យមានជំនាញ និងបច្ចេកទេសព្យាបាល ក្នុងកម្រិតណានោះទេ ។

ទាក់ទិនទៅនឹងករណីនេះ ប្រធានគ្លីនិកសុខវិសាល និងលោក ស៊ុត គឹមសាន ប្រធានមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត មិនអាចសុំការបំភ្លឺបានទេ ដោយសារតែក្រោយពីកើតហេតុ ទូរស័ព្ទរបស់ អស់លោកទាំងហ្នឹង មិនអាចទាក់ទងបាន ។

ប្រជាពលរដ្ឋសង្ឃឹមថា ក្រសួងសុខាភិបាល ជាពិសេសលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង នឹងបញ្ជូនមន្ត្រី រ៉បស់ខ្លួន ចុះធ្វើអធិការកិច្ចគ្លីនិកសុខវិសាល និងគ្លីនិកជាច្រើនទៀត នៅក្រុងប៉ោយប៉ែត បើមិន ដូច្នោះទេ ជំនាញវេជ្ជបណ្ឌិត និងការព្យាបាល របស់គ្រូពេទ្យកម្ពុជា ដែលមានចំណេះដឹងខ្ពស់ផ្សេង ទៀត នឹងទទួលរងការអាម៉ាស់ អាប់ឱនកិត្តិយសមិនខាន ដោយសារតែគ្លីនិកប៉ុន្មានខាងលើនេះ។

http://dap-news.com/index.php?option...news&Itemid=50