យោងទៅលើការប្រតិកម្មកំដៅ Flir One អាចស្ទង់បាននូវចំហាយកំដៅរបស់វត្ថុដែលនៅជុំវិញ ហើយប្រែក្លាយវាទៅជាសញ្ញាអេឡិចត្រូនិច និងបង្ហាញរូបភាពច្បាស់នៅលើអេក្រង់ស្មាតហ្វូនបើទោះជាស្ថិតក្នុងទីងងឹត។

ថ្មីៗនេះ ក្រុមហ៊ុន Flir ដែលមានជំនាញខាងបង្កើតគ្រឿងលំអ ទាក់ទិននឹងការថតរូបដោយប្រើកាំរស្មី infrared បានឧទ្ទេសនាមម៉ូដែលទ្រនាប់ខ្នង សម្រាប់ iPhone 5 និង iPhone 5S ដែលមានឈ្មោះថា Flir One ។ ទ្រនាប់ខ្នងនេះ គឺជាឧបករណ៍មួយ អាចប្រើប្រាស់កម្មវិធីដែលបានបំពាក់ក្នុងម៉ាស៊ីន ដើម្បីថតរូប និងបង្ហាញរូបភាពបែប កាំរស្មី infrared ។

ដំណើរការរបស់ Flir One គឺយោងទៅលើឥទ្ធិពលនៃកំដៅ ហើយវាអាចស្ទង់បាននូវកម្រិតនៃកំដៅដែលបានបញ្ចេញពីវត្ថុធាតុនៅជុំវិញ រួចប្រែក្លាយវាទៅជាសញ្ញាអេឡិចត្រូនិច និងបង្ហាញរូបភាព នៅលើអេក្រង់ស្មាតហ្វូនដែលប្រើ Flir One ។ តាមរយៈបច្ចេកវិទ្យានេះ មុនងាររបស់ Flir One ក៏អាចជួយឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន មើលឃើញវត្ថុទាំងឡាយ ដែលនៅជុំវិញ បើទោះជាស្ថិតក្នុងភាពងងឹត។

Flir One អាចដំណើរការបាន ៤ម៉ោងជាប់ៗគ្នា ក្រោយពីបានបញ្ចូលថ្មពេញ។ ក្រៅពីនេះ Flir One ក៏មានតួនាទីជាថ្មមួយគ្រាប់ សម្រាប់បង្ការពេលថ្មរបស់ស្មាតហ្វូនអស់ថាមពល។


តាមការរំពឹងទុក Flir One នឹងត្រូវបានគេផលិត តម្រូវទៅតាមប្រភេទស្មាតហ្វូនល្បីៗក្នុងទីផ្សារអន្ដរជាតិ ប៉ុន្ដែ នៅចំពោះមុខ Flir One នឹងត្រូវបានដាក់លក់នៅតាមបណ្ដាហាងលក់រាយរបស់ Apple នៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុប ក្នុងតម្លៃ ៣៤៩,៩៩ដុល្លារអាមេរិក៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Appleinsider