
មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា ពេលនេះក្រសួងកំពុងសាងសង់ស្ទូឌីយោ
ដ៏ធំលក្ខណៈស្តង់ដារអន្តរជាតិ មួយសម្រាប់បម្រើឱ្យការថតកុននៅលើផ្ទៃដីជាង៣ហិកតា
នៅក្នុងទីរួមខេត្តកំពង់ស្ពឺ ដោយនឹងចប់សព្វគ្រប់នៅដំណាច់ ឆ្នាំ២០១១នេះ។
លោក ប្រាំង សុផល មន្ត្រីទទួលបន្ទុកផ្នែកសំណង់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអ្នកទទួលបន្ទុកលើការសាងសង់ស្ទូឌីយោនេះ បានឱ្យដឹងថា គម្រោងសាងសង់
ស្ទូឌីយោមាន៣អគារ។ អគារទី១- សម្រាប់ថតភាពយន្ត។ អគារទី២-សម្រាប់ផ្ទុក
សម្ភារៈឧបករណ៍ថតកុន និងអគារទី៣ ជារោងជាងសម្រាប់ជួសជុលសម្ភារៈ
ឧបករណ៍ថតភាពយន្ត។ ជាងនេះទៅទៀតក៏ត្រូវធ្វើសួនមួយដែលគេរចនារៀបចំ
សម្រាប់វិស័យថត ភាពយន្ត ។ចំណែកផ្លូវនៅក្នុងបរិវេណនឹងចាក់បេតុង។
លោកសុផលបានឱ្យដឹងទៀតថា ក្រោយការបញ្ចប់ការសាងសង់ស្ទូឌីយោ ក្រសួងក៏
មានគម្រោងសាងសង់មហោស្រពសិល្បៈធំមួយនៅទីនេះ។
នេះជាលើកទីមួយហើយ ដែលកម្ពុជានឹងមានស្ទូឌីយោលក្ខណៈស្តង់ដារអន្តរជាតិសម្រាប់
ទាក់ទាញ ផលិតកម្ម និងផលិតករភាពយន្តបរទេស ឱ្យមកថតខ្សែភាពយន្តនៅ
ព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតកម្ពុជាមានធនធានមនុស្សនិងសម្ភារៈ
ឧបករណ៍គ្រប់គ្រាន់ សម្រាប់ បម្រើឱ្យវិស័យថតភាពយន្ត៕
http://www.cen.com.kh/localnews/show...VkYzBhYzdiYjI5