
រាជធានីភ្នំពេញ ៖ កម្មករសំណង់-លីសែងដែលបំរើការសាងសង់អគារផ្សេងៗនៅក្នុង តំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រប្រមាណជាង១០០នាក់ នៅតែប្រមូលផ្តុំគ្នាធ្វើការតវ៉ាយ៉ាងខ្លាំងក្លាដដែល នៅមុខការិយាល័យរដ្ឋបាលនៃទីក្រុងកោះពេជ្រ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ កុម្ភៈ ២០១១ ប្រយោជន៍ទាមទារកុំឱ្យកងសន្តិសុខដែលយាមកាមនៅក្នុងមូលដ្ឋាន កោះពេជ្រនេះធ្វើការជំរិតយកអីវ៉ាន់ គ្រឿងឧបភោគ បរិភោគ របស់ពួកគាត់ទៅទៀត និងសុំឱ្យដកឈ្មោះប៉ូ សុខម៉េង ជាប្រធានសន្តិសុខ ចេញពីតំបន់កោះពេជ្រជាបន្ទាន់ ព្រោះជននេះជើងខ្លាំងខាងគំរាមជំរិត។
សូមបញ្ជាក់ថា ការធ្វើបាតុកម្មតវ៉ាកាលពីម្សិលមិញក្រុមកម្មករសំណង់-លីសែង មានគ្នាប្រមាណ៦០០នាក់ បានតវ៉ាយ៉ាងផុសផុលសុំឱ្យប្រធានក្រុមហ៊ុនបញ្ឈប់សកម្មភាព គំរាមកំហែង និងជំរិតយកអីវ៉ាន់របស់កម្មករពីសំណាក់ក្រុមសន្តិសុខយាមកាម ទីក្រុងកោះពេជ្រ ប៉ុន្តែមិនទទួលបានលទ្ធផលទេ ដោយខាងក្រុមហ៊ុនប្រាប់ថា រង់ចាំដោះស្រាយជូនកម្មករតំរូវឱ្យទៅធ្វើការសិនទៅ...រហូតមក ដល់ពេលនេះនៅតែមិនទាន់មានដំណោះស្រាយទៀត។
តំណាងកម្មករសំណង់ -លីសែងម្នាក់បាននិយាយឱ្យដឹងថា មានបងប្អូនកម្មករសំណង់-លីសែងខ្លះគាត់ទិញអីវ៉ាន់គ្រឿង ហូបចុកមួយចំនួនមករក្សាទុកនៅបន្ទប់ស្នាក់នៅ គ្រាន់ដាំស្លហូបដូចជាស្រា សាច់ មី គឺទុកគ្រាន់ពេលហេវហត់ថ្មើរណាធ្វើហូបថ្មើរហ្នឹង មិនចាំបាច់ទៅទិញនៅកន្លែងឆ្ងាយនាំឱ្យខាតពេល ។
ចំណែកស្រាទុកគ្រាន់ផឹករំលាយឈាម ឬគ្រាំក្នុង ក្រោយពេលធ្វើការលីសែងហត់នឿយតែប៉ុណ្ណោះ ប៉ុន្តែជាមួយគ្នានេះក៏មានបងប្អូនកម្មករសំណង់-លីសែងមួយ ចំនួនគាត់បានទិញគ្រឿងហូបចុកពីខាងក្រៅមកទុកលាក់ឱ្យកម្មករ ដូចគ្នានៅក្នុងទីនេះផងដែរ...ចំណែកកងសន្តិសុខរបស់ក្រុមហ៊ុន ទីក្រុងកោះពេជ្រជាច្រើននាក់ មានប្រដាប់ដោយកាំភ្លើងគ្រប់ដៃតែងតែដើរឆែកឆេររៀងរាល់ យប់ ហើយគំរាមកំហែងប្រមូលយកគ្រឿងហូបចុករបស់បងប្អូនកម្មករយ៉ាង សន្ធឹកសន្ធាប់ទៅផឹកស៊ីខ្ជះខ្ជាយ ដូច្នេះពួកគាត់ជាកម្មករត្រូវតែតវ៉ាចំពោះរឿងនេះ ។
ចំណែកកងសន្តិសុខម្នាក់ប្រចាំនៅទីក្រុងកោះ ពេជ្របាននិយាយផងដែរថា តាមគោលការណ៍របស់ក្រុមហ៊ុនទីក្រុងកោះពេជ្របានកំណត់ថា មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ឬកម្មករណាប្រមូលយកគ្រឿងហូបចុក ឬគ្រឿងទេស
ផ្សេងៗមកលាក់ទុកក្នុងបន្ទប់ ឬលក់ដូរនៅក្នុងតំបន់ទីក្រុងកោះពេជ្រនេះទេ លើកលែងត្រូវបានអនុញ្ញាតពីក្រុមហ៊ុន ។
http://kohsantepheapdaily.com.kh/art...214-20479.html