
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៤ខែ កុម្ភៈឆ្នាំ២០១១នេះ រថយន្តដឹកអំណោយរបស់មូលនិធិបាយ័នទ្រទ្រង់សមរភូមិមុខនិងការ ពារប្រាសាទព្រះវិហារបានធ្វើដំណើរចេញពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ ឆ្ពោះទៅចែកជូនកងទ័ពនៅសមរភូមិមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដីពីការ រំលោភឈ្លានពានរបស់សៀម។
ក្រុមការងារមូលនិធិទូរទស្សន៍បាយ័នទ្រទ្រង់សមរ ភូមិមុខនិងការពារប្រាសាទព្រះវិហារ ដឹកនាំដោយលោកទិត ថាវរិទ្ធ អគ្គនាយករង និងជាតំណាងលោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន នឹងធ្វើការចែកជូនដល់កងទ័ពកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារព្រឹកស្អែក។
សម្ភារៈដែលត្រូវយកទៅចែកជូនកងទ័ព មានគ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ធ្វើសឹកសង្គ្រាមជាមួយចោរសៀមឈ្លានពានទឹកដី។
លោកទិត ថាវរិទ្ធតំណាងលោកជំទាវហ៊ុន ម៉ាណាមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលមូលនិធិបាយ័នទ្រទ្រង់សមរភូមិមុខនិងការពារ ប្រាសាទព្រះវិហារបានចុះទៅតំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីមានការផ្ទុះអាវុធកាលពីថ្ងៃទី៤-៧ ខែកុម្ភៈ។
អំណោយរបស់សប្បុរសជនដែលត្រូវចែកជូនដល់កងទ័ព និងនាំយកថវិកាទៅជូនដល់ដៃគ្រួសារសពយោធិនពលីក្នុងសង្គ្រាម មាន អង្ករ មីយើង ត្រីខកំប៉ុង ទឹកសុទ្ធ ផ្លែចប និងដង ចបជំពុះត្រសេះ និងដង តង់តូចធំ ប៊ីដុងទឹកចំណុះ ២០លីត្រ ការ៉ុងច្រកខ្សាច់ធ្វើលេណដ្ឋាន វិទ្យុ Sony F12-3Bands វិទ្យុSony F10-2Bands វិទ្យុ Sony IVF-321 ថ្មវិទ្យុធំ Sony-Ultra ថ្មវិទ្យុតូច Sony-Ultra ពិល ថ្មពិល៥៥៥ និងថវិកាមួយចំនួន។
តាមរយៈការផ្ដល់មូលនិធិដោយផ្ទាល់ដៃដល់គ្រួសារ យោធិនពលីនេះ ក៏ជាការបង្ហាញនូវទំនុកចិត្តដល់ប្រជាពលរដ្ឋដែលបានបរិច្ចាគ ថវិកា ផ្ទាល់ខ្លួនដល់មូលនិធិបាយ័នដើម្បីទ្រទ្រង់សមរភូមិមុខ ហើយមូលនិធិបាយ័នសូមសន្យាថា ប្រាក់មួយកាត់មួយសេនរបស់ប្រជាពលរដ្ឋ ក្រុមការងារយើងខ្ញុំធានាថា នឹងមិនអោយបាត់បង់ឡើយ។
លោកអគ្គនាយករងបានបន្តថា មូលនិធិបាយ័ននៅតែបន្តទទួលថវិការបស់សប្បុរសជន ដែលបានចូលរួមក្នុងចលនានៃវប្បធម៌ចែករំលែក ចូលរួមចំណែកក្នុងសកម្មភាពការពារបូរណភាព ទឹកដី ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការទន្ទ្រានឈ្លានពាន ពីសំណាក់ ចោរសៀម៕
http://www.kampucheathmey.com/local-...-11-08-46.html