
អាជ្ញាខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា បានឲ្យដឹងថាគេបានជូនដំណឹងឲ្យ
ប្រជាពលរដ្ឋខ្មែររាប់ពាន់ គ្រួសារ ដែលកំពុងរស់នៅក្នុងស្រុកចំនួន៤ ជាប់ព្រំដែន
ខ្មែរ-ថៃ ធ្វើការជីកលេណដ្ឋាននៅតាមផ្ទះរៀងៗ ខ្លួន ដើម្បីត្រៀមជាកន្លែងសុវត្ថិភាព
ការពារខ្លួនជាមុន ក្នុងករណីដែលអាចមានសង្គ្រាមផ្ទុះឡើងរវាងទាហានខ្មែរ-ថៃ ក្នុងរឿងជម្លោះព្រំដែននៅតំបន់ក្បែរនោះ។
លោក វ៉ាត ប៉ារ៉ានីន នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ បានមានប្រសាសន៍កាលពី
រសៀលថ្ងៃច័ន្ទ ទី១៤ ខែកុម្ភៈថាអាជ្ញាធរបានធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់
ប្រជាពលរដ្ឋចំនួន ៤ស្រុក នៃខេត្តនេះ ឲ្យជីកលេណដ្ឋាននៅតាមផ្ទះ ដើម្បីការពារខ្លួន បន្ទាប់ពីអាជ្ញាធរខេត្តបានទទួលសេចក្ដីជូនដំណឹងពីក្រសួងមហាផ្ទៃ មកនោះ។
មន្ត្រីដដែលបានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាច្រើននៅក្នុងស្រុកចំនួន៣ និងក្រុង១ បានជីកលេណដ្ឋានរួចរាល់ជាបន្តបន្ទាប់ហើយ ៖ តាមការប៉ាន់ប្រមាណ ចំនួនប្រជាជន
ប្រហែលជា ៨០%ហើយ ជីកបានសូម្បីតែអ្នកផ្សារក៏គាត់បានជីកដែរ។ ជីកនេះ
គឺសំខាន់ស្រុកទាំង៤ មានខាងស្រុកបន្ទាយអំពិល ក្រុងសំរោង ស្រុកអន្លង់វែងនិង
ស្រុកត្រពាំងប្រាសាទ។
កាលពីថ្ងៃច័ន្ទ ទី១៤ ខែកុម្ភៈនេះ ទាហានខ្មែរដែលកំពុងប្រចាំការពារព្រំដែននៅ
តំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្នុងស្រុកបន្ទាយអំពិល បានរាយការណ៍ថា គេឃើញទាហានថៃ ដែលកំពុងប្រឈមមុខដាក់គ្នាជាមួយទាហានខ្មែរនៅតំបន់នោះ បានធ្វើសកម្មភាពយោធាខុសប្រក្រតី។
ទាហានខ្មែរម្នាក់ដែលកំពុងប្រចាំការពារព្រំដែននៅប្រាសាទតា មាន់ធំ បានឲ្យដឹងថា ចាប់តាំងពីព្រឹករហូតដល់ម៉ោងជាង ២រសៀល ថ្ងៃច័ន្ទនេះ គេឃើញទាហានថៃជាច្រើន
បានលើកគ្នាជីកលេណដ្ឋានត្រៀមប្រយុទ្ធនៅខាង មុខ មិនឆ្ងាយប៉ុន្មានពីកងទាហានខ្មែរ ៖ ខុសប្លែកណាស់ថ្ងៃណេះ វាជីកត្រង់សេច្រើនណាស់។ ជីកមួយកន្លែង ៤-១០នាក់ ជីកបណ្ដើរទៅកើត។
ចំណែកនៅឯប្រាសាទតាក្របី ដែលមិនឆ្ងាយពីគ្នាប៉ុន្មាន ទាហានខ្មែរបានរាយការណ៍ថា កងទាហានថៃដែលនៅទល់មុខគ្នា បានជីកលេណដ្ឋានត្រៀមប្រយុទ្ធតាំងពី៤ថ្ងៃមុន ហើយថៃបានបន្ថែមកម្លាំងទាហានខ្លះចូលទៅជិតតំបន់ប្រាសាទតាក្របី នៅថ្ងៃជាមួយគ្នា
ដែលជីកលេណដ្ឋាននោះដែរ។
នៅឯច្រកព្រំដែនអូរស្មាច់ លើខ្នងភ្នំដងរែក នៃក្រុងសំរោងឯណោះវិញ មាន
សេចក្ដីរាយការណ៍ថា ថ្វីត្បិតតែស្ថានការណ៍ប្រឈមមុខដាក់គ្នាដោយទាហានខ្មែរ-ថៃ នៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ហើយទាហានខ្មែរ-ថៃ បានប្រយុទ្ធគ្នាចំនួន
៤ថ្ងៃជាប់ៗគ្នា នៅជិតប្រាសាទព្រះវិហារក៏ដោយ ក៏ច្រកទ្វារព្រំដែនអន្តរជាតិខ្មែរ-ថៃ នៅតែបើកឲ្យប្រជាពលរដ្ឋទាំងសងខាងចេញចូលទៅមករកគ្នានៅឡើយ។
លោក ង៉ុយ ជាង អនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរ
ជាតិអូរស្មាច់ បានមានប្រសាសន៍ថា មានប្រជាពលរដ្ឋខ្មែរខ្លះនៅតែចេញចូលទៅ
លក់ដូរឥវ៉ាន់នៅទីផ្សារ ក្នុងទឹកដីថៃ ហើយជនជាតិថៃខ្លះនៅតែនាំគ្នាមកចូលលេងកាស៊ីណូ នៅជាប់ព្រំដែនក្នុងទឹកដីខ្មែរនៅឡើយ៕
http://www.rfa.org/khmer/indepth/ord...011072508.html