ព័ត៌មានកីឡា៖ ក្លឹប Chelsea បានសម្លឹងឃើញខ្សែប្រយុទ្ធម្នាក់ក្នុងទឹកដីអាល្លឺម៉ង់ ដែលអាចចូលខ្លួនជំនួសតំណែង Diego Costa បាននាពេលអនាគត ប៉ុន្ដែមុខសញ្ញាដែលសម្លឹងឃើញនោះ ក៏ជាគោលដៅរបស់ ក្លឹប បិសាចក្រហម Man United ដែរ គេនោះគឺ Thomas Muller របស់ Bayern Munich ។

Thomas Muller ក៏មានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយក្លឹប Man United​ កាលពីរដូវកាលមុន ខណៈដែលកីឡាករក៏មានបំណងចាកចេញ ផងដែរ ប៉ុន្ដែត្រូវបានដំណឹងមួយលេចធ្លាយផងដែរថា ក្លឹប ហ៊ាន​ផ្ដល់ឲ្យនូវតម្លៃខ្លួនត្រឹមតែ ៧០ លានផោនតែប៉ុណ្ណោះ ហើយក៏ត្រូវបានកីឡាករបដិសេធចោល ក្រោយ​មកទៀត ដំណឹងក៏ស្ងាត់ទៅវិញ។ ប៉ុន្ដែមកទល់ពេលនេះ ដំណឹងទីផ្សារកីឡាករទំនងដូចជា កក្រើកឡើងវិញម្ដងទៀត ហើយ ដោយសមាជិក Premier League ម្នាក់ទៀត គឺ Chelsea ក៏មានចំណាប់អារម្មណ៍នឹង​កីឡាករ​ផងដែរ​ដោយគម្រោង នឹងចូលជំនួសតំណែង Diego Costa ។

ប្រធានគ្រប់គ្រងក្រុមជម្រើសជាតិ អាល្លឺម៉ងលោក Lothar Matthaus បានថ្លែងដែរថា សម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះ គឺមិនចូលចិត្ដនឹងផ្ទេរទៅកាន់ក្លឹប ទាំងពីរនោះឡើយ ដោយឡែកបើ Barcelona ទំនង​ជាអាចសម្រាប់គេ​ ប៉ុន្ដែមិនដឹងថា ទម្រង់លេងរបស់គេអាចរៀបចំត្រូវជើង​គ្នាដែរឬ​ ក៏យ៉ាងណា។ បើតាម គំនិតគាត់ Thomas Muller មិនគួរផ្ទេរចេញទៅណាទាំងអស់ គួរតែនៅ Bayern រហូតចូលនិវត្ដ ព្រោះ​ភាព​ល្បីល្បាញរបស់គេ កើតឡើងនៅទីនោះ ដូច្នេះ គាត់ចាប់ផ្ដើមទីណា ក៏គួរតែបញ្ចប់ទៅវិញនៅទីនោះ ។ 

តែទោះបីជាយ៉ាងណាក៏ដោយ​ សម្រាប់ Chelsea មិនទាន់បានលេចឮដំណឹងអ្វីទាក់ទងនឹងតម្លៃខ្លួន កីឡាករម្នាក់នេះទេ ហើយក្លឹប ក៏មិនទាន់អះអាងទាំងស្រុងផងដែរថា ត្រូវតែតាមទិញ យកឲ្យបាន។ 

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ footballfancast