
ខេត្តព្រះសីហនុ ៖ បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ MARDY ROBERT JESSUP JR អាយុ៤៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចូលមកកម្ពុជាក្នុងនាមជាអ្នកទេសចរ មានទិដ្ឋាការចុះថ្ងៃទី១៩ មករា ឆ្នាំ២០១១ ផុតកំណត់ថ្ងៃទី១០ មីនា ឆ្នាំ២០១១ ត្រូវស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និង FBI សហរដ្ឋអាមេរិក សហការជាមួយលោកប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ រួមជាមួយសមត្ថកិច្ចប៉ូលិសនៃការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនរបស់ស្នងការដ្ឋានខេត្ត ឃាត់ខ្លួនកាលពីថ្ងៃទី១២ កុម្ភៈ វេលាម៉ោង១០និង៣០នាទីព្រឹក នៅក្នុងផ្ទះជួល ពីបទទិញពេស្យាចារកុមារ។
ជនរងគ្រោះមានក្មេងប្រុសអាយុ១១ឆ្នាំ និង១៥ឆ្នាំ ជាអ្នកលក់ខ្សែ.ក ខ្សែដៃជាវត្ថុអនុស្សាវរីយ៍តាមឆ្នេរសមុទ្រ ព្រមទាំងនារីម្នាក់អាយុ២៨ឆ្នាំ ក៏ត្រូវបានទិញទៅបំរើផ្លូវភេទដែរ។ ពេលឃាត់ខ្លួនជនជាតិអាមេរិកនោះ សមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងមួយចំនួនរួមមាន កុំព្យូទ័រ Laptop ១គ្រឿង, Mouse១, USB Flas ២, កញ្ឆាក្រៀម២កញ្ចប់តូច, ទឹករំអិល KY ២ដប, កាំបិតចុច១, ក្រដាសមូរបារី ១ប្រអប់តូច, លិខិតឆ្លងដែនចាស់១ក្បាល និង Speaker ១គូ។
ជនជាតិអាមេរិកនោះត្រូវបានចោទពីបទទិញ ពេស្យាចារកុមារ និងប្រើប្រាស់គ្រឿងញៀន ហើយសមត្ថកិច្ចបានជូនដំណឹងដល់ស្ថានទូត ដែលមានស្នាក់ការនៅភ្នំពេញ និង FBI រហូតឈានទៅដល់ការចាប់ខ្លួនតែម្តង។ ជនជាតិអាមេរិកម្នាក់នោះនឹងត្រូវស្ថានទូតអាមេរិកប្រចាំនៅ កម្ពុជា និង FBI បញ្ជូនខ្លួនទៅកាត់ទោសនៅសហរដ្ឋអាមេរិក ប៉ុន្តែបច្ចុប្បន្នស្ថានទូត និង FBI ផ្ញើទុកបណ្តោះអាសន្ននៅពន្ធនាគារខេត្តព្រះសីហនុ រង់ចាំការបញ្ជូនខ្លួន។
ពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនជនជាតិ អាមេរិកម្នាក់នោះ ម្ចាស់ផ្ទះជួលគ្មានស្លាកយីហោនោះសំដែងការក្រេវក្រោធយ៉ាងខ្លាំង នៅពេលអ្នកយកព័ត៌មានកោះសន្តិភាពចូលថតយករូបភាពនៃការឃាត់ ខ្លួន និងរូបភាពផ្ទះជួលដែលជាកន្លែងធ្វើសកម្មភាពសេពគ្រឿងញៀន និងទិញពេស្យាចារកុមារ។ ម្ចាស់ផ្ទះជួលទំនងចង់លាក់លៀមរឿងអ្វីមួយដែលមិនប្រក្រតី ដូចនេះសមត្ថកិច្ចគួរតែស៊ើបអង្កេតបន្ថែមទៀត៕
http://kohsantepheapdaily.com.kh/art...13-033841.html