រាជ​ធានី​ភ្នំពេញ ៖ មេតុង​ទីន​ល្បី​ឈ្មោះ​ម្នាក់​នៅ​ផ្សារ​ឯក​រាជ្យII ភូមិ​ព្រៃ​ព្រីង​ខាង​ជើង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ​ បាន​ប្រមូល​ប្រាក់​ពី​កូន​តុង​ទីន​ដែល​ភាគ​ច្រើន​ជា​អាជីវ​ករ​ប្រមាណ​ជិត​ ១០០​នាក់​បាន​រាប់សិប​​ម៉ឺន​ដុល្លារ​ ហើយ​វេច​បង្វេច​រត់​គេច​ខ្លួន​បាត់​ដោយសុវត្ថិ​ភាព និង​​ចាក់​សោ​ផ្ទះ​ទុក​ចោល​។ ទន្ទឹម​នឹង​ការ​រត់​គេ​ច​ខ្លួន​នេះ កូន​តុង​ទីន​​ប្រមាណ​ជិត​១០០​នាក់​បាន​នាំ​គ្នា​ភ្ញាក់​ផ្អើល​ ហើយ​ខ្លះ​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​សមត្ថ​កិច្ច​មូល​ដ្ឋាន​។

មេ​តុង​ទីន​ដែល​ប្រើ​ល្បិច​ឆ​បោក​នេះ​ត្រូវ​អាជីវ​ករ​ ឱ្យ​ដឹង​ថា ឈ្មោះ​លី គីម​ហួយ ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ និង​ប្តី​ឈ្មោះ​សុខ​ណា​ មាន​ទី​លំនៅ​ផ្ទះ​លេខ​​១D ផ្សារ​ឯក​រាជ្យទី​II ។ ២​នាក់​ប្តី​ប្រពន្ធ​​នេះបាន​នាំ​គ្នា​រត់​គេច​ខ្លួន​តាំង​ពី​​​យប់​ថ្ងៃ​ទី ​៣១ ខែ​មករា ឆ្នាំ​២០១១ ដោយ​ចាក់​សោ​ផ្ទះ​ទុក​ចោល​។ តាម​អាជីវ​ករ​ផ្សារ​ឯក​រាជ្យ​ទី​II បាន​ឱ្យ​ដឹង​ថា មេ​តុង​ទីន​ឈ្មោះ​លី​ គីម​ហួយ បាន​លេង​តុង​ទីន​នៅ​ផ្សារ​ឯក​រាជ្យ​​IIជា​ច្រើន​ឆ្នាំ​មក​ហើយ ដែលមុន​ដំបូង​ធ្វើ​ឱ្យ​គេ​ទុក​ចិត្ត​ ហើយ​មាន​អាជីវ​ករ​នៅ ក្នុង​ផ្សារ​ រួម​ទាំង​អ្នក​ភូមិ​ផង​​នាំ​គ្នា​លេង​​ប្រមាណ​ជិត​១០០​នាក់​ ដែល​មាន​ក្បាល​៤០០​​ដុល្លារ​, ១០០​ដុល្លារ, ៥០​ដុល្លារ, ៤០ដុល្លារ, ៣០​ដុល្លារ, ២០​ដុល្លារ និង​៥​មឺុនរៀល ដែល​ក្បាល​ខ្លះ​ដេញ​៥​ថ្ងៃ​ម្តង​១​អាទិត្យ​ម្តង កន្លះ​ខែម្តង​​ និង​១​ខែ​ម្តង​។

អាជីវករ​បន្ត​ទៀត​ថា ការ​លេង​តុង​ទីននេះ​ទៀត​​កូនៗ​មិន​ស្គាល់​គ្នាទេ ស្រាប់​តែ​នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១ មេតុង​ទីន​​រូប​នោះ​ រួម​ទាំង​ប្តី​បាន​វេច​បង្វេច​រត់​គេច​ខ្លួន​បាត់​ដោយ​ចាក់​សោ​ផ្ទះ​ទុក​ចោល ​​​ធ្វើ​ឱ្យ​កូន​តុង​ទីន​​រក​មេ​មិន​ឃើញ​ដូច​សព្វ​ដង​ទើប​មាន​ការ​ភ្ញាក់​ ផ្អើល​ ។ តាម​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា ទឹក​ប្រាក់​ដែល​​មេតុង​ទីន​ប្រមូល​យក​ទៅ​នោះ​គឺ​ប្រមាណ​ជិត១​លាន​ដុល្លារ​។ ការ​រត់​គេច​ខ្លួន​នេះ គឺ​ដោយ​សារ​​មេ​តុង​ទីន​រូប​នេះ​លង់​នឹង​ល្បែង​ស៊ីសងដែល​​គេ​តែង​តែ​ឃើញ​​​ ទៅ​លេង​ល្បែង​នៅកា​ស៊ីណូ​​ណា​ហ្គា​ ៕

http://kohsantepheapdaily.com.kh/art...211-01262.html