
រាជធានីភ្នំពេញ ៖ កម្មការិនីសិប្បកម្មផលិតឥដ្ឋនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មួយរូបត្រូវគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីជួបគ្រោះអកុសលត្រូវម៉ាស៊ីនកិនដីឥដ្ឋកៀបជាប់ប្រអប់ ដៃខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ កុម្ភៈ ២០១១ ។
បុរសឈ្មោះបូរ ពេជ្រ ជាប្តីរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា ប្រពន្ធដែលជួបគ្រោះចង្រៃត្រូវម៉ាស៊ីនកិនឥដ្ឋកៀបជាប់ប្រអប់ដៃ នេះមានឈ្មោះហាន សុភា អាយុ៣២ឆ្នាំ ស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ហើយរូបគេពីរនាក់ប្តីប្រពន្ធមកធ្វើការនៅសិប្បកម្មផលិតឥដ្ឋ ស្វាយប៉ាកជាច្រើនខែមកហើយ រួមទាំងកូនតូចៗ៥នាក់ផងដែរ ។
នៅព្រឹកថ្ងៃកើតហេតុ ស្ត្រីរងគ្រោះបានរៀបចំបោសសំអាតដីចេញពីម៉ាស៊ីនសំរាប់កិនដីឥដ្ឋ ប៉ុន្តែទំនងជាជាប់ដៃអាវទៅនិងម៉ាស៊ីននោះ ទើបបណ្តាលឱ្យទាញចូលកៀបជាប់ប្រអប់ដៃខាងឆ្វេង ហើយត្រូវបានកម្មកររួមអាជីព ឃើញក៏ស្រែកឆោឡោខ្លះនាំគ្នារត់ទៅពន្លត់ម៉ាស៊ីនទាន់មិន បណ្តាលឱ្យស្រូបទាញដល់ស្មាឡើយ រួចដឹកស្ត្រីរងគ្រោះមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ៕
http://kohsantepheapdaily.com.kh/art...10-210736.html