
រាជធានីភ្នំពេញ ៖ ថ្ងៃទី១០ កុម្ភៈ សាលាដំបូងរាជធានីភ្នំពេញ បានសំរេចឃុំខ្លួនសមាសភាពជាមុខសញ្ញាសង្ស័យប្លន់២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ
លួចមានស្ថានទំងន់ទោសដោយមរណភាពដល់ជនរងគ្រោះ តាមក្រមព្រហ្មទណ្ឌថ្មី ។ ជនជាប់សង្ស័យ២នាក់ម្នាក់ឈ្មោះសុផល សារិទ្ធិ ហៅស ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨C ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះផាន ឧត្តម ហៅឡិច ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៩២Eo ផ្លូវលេខ៣៦៩ ភូមិបឹងព្រលិត សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួង មហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី៧ កុម្ភៈ តាមរយៈការស្រាវជ្រាវក្រោយពីកើតមានអំពើប្លន់ជាច្រើនករណីក្នុង ដើមខែមករា ២០១១ នេះ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២បានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ចំនួន៣លើក លើកទី១ប្លន់បាញ់សម្លាប់យុវជនម្នាក់ក្នុងចំណោមពួកគេ៦នាក់នៅ ខាងក្រោយវត្តព្រះពុទ្ធយកម៉ូតូស្គូពីពណ៌សលាយផ្កាឈូក១គ្រឿង។ លើកទី២ ប្លន់យកម៉ូតូ C125 មួយគ្រឿង និងលើកទី៣ ប្លន់យកម៉ូតូម៉ាកស្គូពីពីនារីម្នាក់នៅខាងក្រោយវត្តមហាមន្ត្រី ទឹកដីខណ្ឌចំការមន ដែលករណីនេះមិនបានបាញ់ប្រហារទៅលើជនរងគ្រោះទេ ។
គួររំលឹកថា ហេតុការណ៍ប្លន់នេះកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី១០ មករា គឺប្លន់ម៉ូតូនៅលើដងផ្លូវខាងក្រោយវត្តព្រះពុទ្ធមានបុណ្យ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ ជនរងគ្រោះឈ្មោះឃឹម ដាឡែន អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង និងបានមកស្នាក់នៅផ្ទះជួលក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីរៀនអ៊ុតសក់ និងម៉ាស្សា ។ មិត្តភក្តិរៀបរាប់ឱ្យដឹងថា ជនរងគ្រោះនិងមិត្តភក្តិសរុប៦នាក់ ក្នុងនោះស្រីម្នាក់បានទៅកំសាន្តនៅភោជនីយដ្ឋានមួយ ហើយបន្ទាប់មកនៅម៉ោងជាង១០យប់ជិះម៉ូតូ២គ្រឿងក្នុងនោះ ម៉ាកស្គូពី១គ្រឿង និងស្មាស់១គ្រឿងទៅកំសាន្តនៅមជ្ឈមណ្ឌលកោះពេជ្រ។ លុះដល់ម៉ោង១រំលងអធ្រាត្រពួកគេធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ ពេលនោះម៉ូតូ១គ្រឿងជិះគ្នា៣នាក់ ហើយពេលទៅដល់ខាងក្រោយវត្តព្រះពុទ្ធត្រូវក្រុមចោរ៤នាក់ជិះម៉ូតូ ២គ្រឿង កៀរពួកគេឱ្យឈប់ ។
ប្រភពដដែលបន្តថា ខណៈនោះមិត្តភក្តិ២នាក់ជិះពីក្រោយបានលោតចោលជនរងគ្រោះដែលជិះ ម៉ូតូម៉ាកស្គូពីដោយសារជនល្មើសប្រើកាំភ្លើងខ្លី២ដើមភ្ជង់និង វាយដណ្តើមយកម៉ូតូ។ ដោយសារជនរងគ្រោះមិនព្រមប្រគល់ម៉ូតូ ទើបត្រូវចោរបាញ់១គ្រាប់ចំដើមទ្រូងបណ្តាលឱ្យស្លាប់នៅនឹងកន្លែង កើតហេតុ ។ មិត្តភក្តិ៥នាក់នោះរៀបរាប់ឱ្យដឹងទៀតថា ក្រោយពេលចោរប្លន់ចេញទៅផុតពួកគេឃើញឃឹម ដាឡែន ផុតដង្ហើមទៅហើយ ក៏ទាក់ទងទៅអាណាព្យាបាល និងសមត្ថកិច្ចឱ្យទៅពិនិត្យ ។ រយៈពេលជិត១ម៉ោងក្រោយនគរបាលប៉ុសិ៍្តវាលវង់ទៅដល់ ហើយយករថយន្តដឹកសពទៅកាន់ឈាបនដ្ឋានវត្តទឹកថ្លា ។ សូមបញ្ជាក់ថា ជនរងគ្រោះ៥នាក់ទៀតដែលរួមដំណើរជាមួយយុវជន ដែលបាត់បង់ជីវិតនោះ ១-ឈ្មោះហ៊ាន ស័កដូលីកា ២-ឈ្មោះឃួន កែវសារិន ៣-ឈ្មោះម៉ាន ស៊ុបគី ៤-ឈ្មោះម៉េង ហេង និង៥-ឈ្មោះឆេង មួយហ័ង ដែលមុនកើតហេតុ និងពេលកើតហេតុពួកគេបានដើរលេងកំសាន្តជាមួយយុវជនឃឹម ដាឡែន ដែរ ។ ប៉ុន្តែពេលនោះចោរបានបាញ់១គ្រាប់ទៅលើឈ្មោះឃឹម ដាឡែន ដោយសារភាពរឹងរូសមិនព្រមប្រគល់ម៉ូតូឱ្យពួកគេ៕
http://kohsantepheapdaily.com.kh/art...10-043010.html