រតនគីរី*៖ ម្តាយក្មេងប្រុស អាយុ ៧ ឆ្នាំ រស់នៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី នៅថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កុម្ភៈ នេះ បានស្វែងរកកិច្ច អន្តរាគមន៍ ដើម្បីអនុវត្តសាលក្រមឱ្យលោក កែវ ផាន់ ជាគ្រូបង្រៀន ជាអ្នកជិតខាងគ្នា ដើម្បីសងសំណងគាត់ បន្ទាប់ ពីកូនប្រុសត្រូវបានឆ្កែខាំ ចាប់តាំងពីឆ្នាំ ២០០៨ បណ្តាលឱ្យខ្វាក់ភ្នែក រហូតមកដល់សព្វថ្ងៃ ។

ក្មេងប្រុស ណេ រដ្ឋា ត្រូវបានឆ្កែខាំបណ្តាលឱ្យរងរបួស លើផ្ទៃមុខ និងខ្វាក់ភ្នែកមួយចំហៀងខាងឆ្វេង ខណៈដែលក្មេងប្រុសរូបនេះ បានដើរទៅទិញនំ នៅតូបអ្នក ជិតខាង នៅទល់មុខផ្ទះម្ចាស់ឆ្កែ កែវ ផាន់ អាយុ ៤៣ ឆ្នាំ ។

អ្នកស្រី ជា ស្រី ជាម្តាយ ឱ្យដឹងថា រហូតមកដល់ពេលនេះ ទោះបីតុលាការខេត្តរតនគីរី បានចេញសាលក្រម បង្គាប់ឱ្យម្ចាស់ឆ្កែនោះ សងប្រាក់សំណង ២០ លាន រៀលក៏ដោយ តែជននោះនៅមិនទាន់បានប្រគល់ប្រាក់ សូម្បីតែ ១០០ រៀល ។

អ្នកស្រី ជា ស្រី បានបន្តថា ក្នុងការព្យាបាលកូនប្រុសរបស់គាត់ បានចំណាយប្រាក់អស់ដល់ទៅជាង ៥ លានរៀល ហើយសព្វថ្ងៃនេះ កូនប្រុសរបស់គាត់ មិនបាន ចូលរៀនដោយសារតែត្រូវ ព្យាបាលភ្នែកខាងស្តាំជាប្រចាំ ដោយក្នុងមួយខែ គាត់ត្រូវចំណាយប្រាក់ ១០ ដុល្លារ ក្នុងការចាក់ ថ្នាំការពារ កុំឱ្យឆ្លងទៅភ្នែកម្ខាង ទៀត។

លោក ឆាយ ធី មន្ត្រីអង្កការអាដហុក ប្រចាំនៅខេត្តរតនគីរី បានចាត់ទុកករណីនោះថា ជារឿងអយុត្តិធម៌មួយ។ លោកបានមាន ប្រសាសន៍ថា វាពិតជាអយុត្តិ ធម៌ខ្លាំងណាស់ ដោយសាលក្រមបានចេញ ៤ ឆ្នាំមកហើយ តែមិនទាន់បានអនុវត្តតាមផ្លូវច្បាប់ ទោះបី ជាជនរងគ្រោះបានឈ្នះក្តីក៏ដោយ តែមិនទាន់ទទួលបាន យុត្តិធម៌នៅឡើយ

យ៉ាងណាក៏ដោយ ស្នងការនគរបាលខេត្តរតនគីរី លោក រ៉ាយ វ៉ៃ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងថា លោក មិន ដឹងអំពីសាលក្រមនោះទេ ដោយលោករុញឱ្យទៅ សួរខាងតុលាការខេត្តវិញ ។ យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពី លោក កែវ ផាន់ បាននោះទេ ។

យោងតាមសាលក្រម តុលាការខេត្តរតនគីរី ដែលសម្រេចសាលក្រម ដោយចៅក្រម យ៉ា ណារិន កាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០០៨ បានបង្គាប់ឱ្យម្ចាស់ឆ្កែ លោក កែវ ផាន់ សងសំណង ទៅជនរងគ្រោះ ២០ លានរៀល។

http://dap-news.com/index.php?option...news&Itemid=50