រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានបរទេសបានឱ្យដឹង ថា រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោកស្រី មីស៊ែល អាលីយ៉ូត ម៉ារី បានមានប្រសាសន៍ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធ ទី៩ កុម្ភៈ ២០១១ ម្សិលមិញថា បារាំងនឹងប្រគល់ផែនទី ដងរែកដែលទទួលស្គាល់ដោយបារាំង-សៀមឆ្នាំ១៩០៧ ប្រសិនបើកម្ពុជា និងថៃត្រូវការថតចម្លងដើម្បីយកទៅដោះស្រាយបញ្ហាជម្លោះ ព្រំដែននោះ ។
លោកស្រីរដ្ឋមន្ត្រីការបរទេសបារាំងបន្តថា បារាំងបានដាក់នឹមអាណានិគមលើប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម នៅក្នុងសតវត្សទី១៩ ហើយប្រសិនបើភាគីជម្លោះទាំង២ត្រូវការផែនទីដងរែក ដើម្បីយកធ្វើជាឯកសារសំរាប់ចូលរួមដោះស្រាយនៅក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិនោះ បារាំងនឹងថតចម្លងប្រគល់ឱ្យភ្លាម ។ គួរបញ្ជាក់ថា ប្រសាសន៍លើកឡើងរបស់លោកស្រីមីស៊ែល អាលីយ៉ូត ម៉ារី រដ្ឋមន្ត្រីការបរទេសបារាំងខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មកថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានប្រទេសមហាអំណាចធំៗចំនួន១៥ក្នុងពិភពលោក គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហាជម្លោះកម្ពុជា -ថៃនាថ្ងៃទី១៤ កុម្ភៈ ២០១១ ដើមសប្តា៍ក្រោយនេះ ។
ពីទីក្រុងបាងកកឯណោះវិញ លោកស៊ូ ថេប ធឿកស៊ូបាន់ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិរបស់ថៃ បានច្រានចោលចំពោះកិច្ចអន្តរាគមន៍ណាមួយពីប្រទេសបារាំង ដោយអះអាងថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវតែដោះស្រាយជាលក្ខណៈទ្វេភាគី ។ យ៉ាងណាក៏ដោយ ជាថ្មីម្តងទៀត សម្តេចតេជោហ៊ុន សែន បានបញ្ជាក់កាលពីរសៀលថ្ងៃពុធ ទី ៩ កុម្ភៈ ២០១១ ម្សិលមិញរួចហើយថា ការដោះស្រាយទ្វេភាគីជាមួយសៀមមិនអាចធ្វើទៅរួចទៀតនោះទេ ដោយសារសៀមស៊ីញ៉េនឹងដៃលុបនឹងជើង ហើយថាមានតែយន្តការអន្តរជាតិដូចជាក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឬអាស៊ាន និងអង្គការផ្សេងៗទៀតប៉ុណ្ណោះ ដែលត្រូវចូលរួមអន្តរាគមន៍ជួយដោះស្រាយបញ្ហាឈ្លានពាននេះ ៕ (Note: not this one)
http://kohsantepheapdaily.com.kh/art...09-214024.html