ព្រះវិហារ៖ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែបន្តតឹងតែងយ៉ាងខ្លាំងក្លា ខណៈដែលប្រទេសថៃបានបញ្ជូនរថពាសដែកជាច្រើនគ្រឿង ចូលមកស្រុកគន្ថាល័ក្ខ ខេត្តស៊ីសាកេត នៅទល់មុខព្រំដែនប្រាសាទព្រះវិហារ បើទោះបីជាសម្លេងផ្ទុះអាវុធមិនត្រូវបានគេលឺក៏ដោយ។
ព័ត៌មានពីរ៉យទ័រ បានឲ្យដឹងថា ថៃបានបញ្ជូនរថពាសដែកប្រហែល ២០គ្រឿងចូលមកជិតតំបន់ព្រំដែន បើទោះបីជាក្រុមមន្ត្រីយោធាប្រទេសនេះអះអាងថា ពួកគេមិនមែនកំពុងបង្កើនកម្លាំងទ័ពក៏ដោយ។
សម្លេងអាវុធស្ងប់ស្ងាត់អស់រយៈពេល ២ថ្ងៃហើយ ប៉ុន្តែ ជម្លោះការទូតកំពុងតែក្តៅគគុកឡើងរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជាស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែ ប្រទេសថៃបែរជាព្យាយាមបង្វែរវិវាទនេះ ឲ្យមកស្ថិតនៅត្រឹមកម្រិតទ្វេភាគីទៅវិញ។
តែទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានឈានទៅដល់ការសម្រេចចិត្តមួយ ដោយអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះ ប្រជុំជាបន្ទាន់មួយ ដើម្បីនាំប្រទេសថៃចូលទៅវេទិកាអន្តរជាតិ។
សំណើរបស់ប្រទេសកម្ពុជា ទទួលបានការឆ្លើយតបពីស្ថាប័នកំពូលលើលោកនេះហើយ ដោយក្រុមប្រឹក្សានេះបានសម្រេចកោះប្រជុំមួយនៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខ។
ប៉ុន្តែ ប្រទេសថៃនៅតែព្យាយាមអះអាងម្តងហើយម្តងទៀតថា បញ្ហានេះគួរតែត្រូវបានដោះស្រាយដោយទ្វេភាគី ហើយមិនចង់ឲ្យភាគីទីបីចូលមកពាក់ព័ន្ធឡើយ។
ដំណោះស្រាយទ្វេភាគី ត្រូវបានកម្ពុជាទទួលយកអស់រយៈពេលជាង ២ឆ្នាំមកហើយ ចាប់តាំងថៃបានលើកកងទ័ពចូលមកទន្រ្ទានលើបូរណភាពទឹកដីកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០០៨ ប៉ុន្តែ តើទទួលបានលទ្ធផលបែបណា? ជាលទ្ធផល ការប៉ះទង្គិចគ្នាដោយអាវុធរវាងទាហានកម្ពុជា និងសៀម បានកើតឡើងជាបន្តបន្ទាប់ រហូតដល់មានការបាញ់ផ្លោងដាក់គ្នានូវគ្រាប់កាំភ្លើងធំកាលពី ប៉ុន្មានថ្ងៃថ្មីៗនេះ។ ជាលទ្ធផល ជីវិតមនុស្សជាច្រើននាក់បានបាត់បង់ និងច្រើននាក់ទៀតរងរបួស។ ជាលទ្ធផល ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងនូវការបំផ្លាញដោយសារការបាញ់របស់ទាហានសៀម។ ជាលទ្ធផល ជម្លោះនៅតែអូសបន្លាយតទៅទៀត ដោយពុំដឹងថានឹងត្រូវចប់នៅពេលណា និងពុំដឹងថាមានលទ្ធផលបែបណាទៀតនោះឡើយ៕
http://khmer.phnompenhpost.com/index...ion&Itemid=102