ខេត្តតា​កែវ​ ៖ តូប​ស្នាក់​នៅ​មុខ​ផ្ទះ​១​ខ្នង​ បាន​ត្រូវ​រថ​យន្ត​១​គ្រឿង​រេ​ចង្កូតបុក​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ខូច​​ខាត​ ទាំង​ស្រុង​ ចំណែក​​រថ​យន្ត​​ក៏​ខ្ទេច​មុខ​​ដែរ​ ខណៈ​បើក​បរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​ត្បូង​ទៅ​ជើង​ឆ្ពោះ​ទៅ​រាជ​ធានី​ ភ្នំពេញ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​តាម​ផ្លូវ​ជាតិ​​លេខ​២​ចន្លោះ​គីឡូ​ម៉ែត្រ​ លេខ​៧៣ និង​លេខ​៧៤ម៉ែត្រ​ កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល​ ស្ថិត​ក្នុង​ភូមិ​អូរ​ស្វាយ​ចេក​ សង្កាត់​រកា​ក្នុង​ ក្រុង​ដូន​កែវ​។

លោក​កប សុខុម មន្ត្រី​ប៉ូលិស​ចរា​ចរ​ខេត្ត​ដែល​ឈរ​ជើង​​នៅកែង​អូរ​ចំបក់ផ្លូវ​ជាតិ​លេខ​២​ ​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​បង្ក​ម៉ាក​សឺ​លី​កា ​ពណ៌​ទឹក​ប្រាក់​ អត់​ស្លាក​លេខ​បើក​បរ​ដោយ​ឈ្មោះ​អ៊ីត សុខសោម ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​​ទួល​គោក រាជ​ធានី​ភ្នំពេញ​ និង​អ្នក​រួម​ដំណើរ​២​នាក់​ ម្នាក់​ឈ្មោះ​សៀង សុជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់​នៅ​ក្រោយ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ និង​ម្នាក់​ទៀត​ឈ្មោះ​​តិច ប៊ុន​ស៊ីម ភេទ​ប្រុស អាយុ​២១​ឆ្នាំដែរ​ រស់​នៅ​​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។ អ្នក​ទាំង​៣​នាក់​ជា​ជាង​ជួស​ជុល​រថ​យន្ត​ក្នុង​យាន​ដ្ឋាន​មួយ​កន្លែង​នៅ​ សង្កាត់​បឹង​សាឡាង ហើយ​ជា​សំណាង​ល្អ​​ពុំ​មាន​នរ​ណា​ម្នាក់​​មាន​គ្រោះ​ថ្នាក់​​អ្វី​ឡើយ​។

លោក​កប សុខុម បាន​បន្ត​ទៀត​ថា ចំណែក​ម្ចាស់​តូប​ឈ្មោះ​​សួន អូន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ​ ពុំ​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ តូប​ដែល​មាន​​ទំហំ​៤​គុណ៦​ម៉ែត្រត្រូវ​ខូច​​ខ្ទេច ​ងាប់​គោ​១​ក្បាល​ មាន់​១​សំបុក ចាន​ឆ្នាំង​ និង​ទូរ​ទស្សន៍​​ ហើយ​ក្រោយ​ពេល​កើត​ហេតុ​ សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​អ្នក​បើក​បរ​រថ​យន្ត​។ តាម​សាក្សី​​និយាយ​ថា ​គេ​ឃើញ​រថ​យន្ត​នេះ​​បើកបរ​​យ៉ាង​លឿន​មក​ពី​ទិស​ខាង​ត្បូង​ លុះ​មក​ដល់​ចំងាយប្រមាណ​៥០​ម៉ែត្រពី​កន្លែង​កើត​ហេតុ​​ស្រាប់​តែ​ឃើញ​​ រថ​យន្ត​​រេ​ចង្កូត​មកខាង​ឆ្វេង​ដៃ​បុក​តូប​ស្នាក់​នៅ​អែប​ផ្លូវ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រថ​យន្ត​ខូច​ខាត​មួយ​កំណាត់​មុខ​ទាំង​ស្រុង​។ ពេល​នេះ​អ្នក​បើក​បរ​ និង​រថ​យន្ត​ត្រូវ​បាន​ប៉ូលិស​​ចាប់​ឃាត់​ និង​នាំយក​​ទៅ​ដោះ​ស្រាយ​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ដូន​កែវ។ មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា បាន​ជា​រថ​យន្ត​រេ​ចង្កូត​បុក​តូប​តាម​ផ្លូវ​នោះ ​ដោយ​សារ​តែ​បែក​កង់​​ឆ្វេង​ខាង​មុខ​ ទោះ​បី​ជា​បែប​ណា​​សំណាង​ល្អ​ណាស់​ដែល​មិន​មាន​មនុស្ស​នៅ​ក្នុង​តូប​នោះ​ពេល ​កើត​ហេតុ​ ៕

http://kohsantepheapdaily.com.kh/art...09-185713.html