
យោងតាមប្រភពព័ត៌មានពីកាសែតថៃបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៩ កុម្ភៈ កន្លងមក នៅឯមជ្ឈមណ្ឌលជនភៀសខ្លួនក្នុងស្រុកកាន់ថា ឡាក់ ខេត្តស៊ីសាកេត អ្នកស្រុកមួយចំនួនបានវិលត្រឡប់ទៅផ្ទះសំបែងរបស់ខ្លួនវិញ ខណៈពេលអាជ្ញាធររំពឹងថា ក្នុងអំឡុងពេល១ ឬ២ថ្ងៃទៀតស្ថានការណ៍នឹងមានភាពស្ងប់ស្ងាត់ហើយ។ ស្របពេលជាមួយគ្នានេះសកម្មភាពរបស់ក្រុមអាវលឿងដែលគ្រោងប្រមូល ផ្តុំគ្នានៅបរិវេណភ្នំព្រះវិហារលើទឹកដីខ្លួននៅថ្ងៃទី១១ កុម្ភៈ ខាងមុខត្រូវប្រតិបត្តិ២ចំណុច គឺប្រសិនបើធ្វើដំណើរដោយយកជំនួយមកជួយសង្គ្រោះអ្នកភៀសខ្លួនអាច ស្វាគមន៍ ប៉ុន្តែបើធ្វើដំណើរមកធ្វើបាតុកម្មអ្នកស្រុកនៅតាមតំបន់ព្រំដែន អាចប្រមូលផ្តុំគ្នាប្រឆាំង ។
តាមប្រភពពីកាសែតថៃដដែលបន្តថា កាលពីព្រឹកថ្ងៃទី៩ កុម្ភៈ លោកប្រាវីត វង្សសុវណ្ណ រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយលោកប្រាយុទ្ធ ច័ន្ទអូឆា មេបញ្ជាការកងទ័ពជើងគោករបស់សៀម បានធ្វើដំណើរមកកាន់ខេត្តស៊ីសាកេត ដើម្បីត្រួតពិនិត្យកងទ័ពនៅក្នុងតំបន់។ លោកប្រាវីត បញ្ជាក់ថា យើងចង់ឱ្យបញ្ហាព្រំដែនកម្ពុជា-ថៃ មានរបៀបរៀបរយល្អ និងបង្កើតទំនុកចិត្តដល់អ្នកស្រុកឡើងវិញ តែយើងមានក្តីបារម្ភចំពោះក្រុមអាវលឿង ប្រសិនបើពួកគេដង្ហែក្បួនបាតុករចូលទៅក្បែរតំបន់មានជំលោះ។ កាសែតថៃដដែលបានបន្តទៀតថា អ្នកស្រុកកាន់ថាឡាក់យល់ព្រមកាន់កាំភ្លើងតបតនឹងកម្ពុជា។
ការផ្សាយបែបនេះត្រូវបានគេមើលឃើញថា អ្នកស្រុកជាយដែនខេត្តស៊ីសាកេតដឹងច្បាស់ណាស់ថា កម្ពុជាមិនដែលទៅរំលោភឬឈ្លានពានទឹកដីសៀមមួយចំអាមនោះទេ ដូច្នេះកាំភ្លើងដែលបានបំពាក់នេះអាចនឹងប្រើប្រាស់ប្រឆាំងពួក ជ្រុលនិយមអាវលឿងទៅវិញទេ ដែលមកបង្កបញ្ហាធ្វើឱ្យតំបន់នេះក្លាយជាសមរភូមិសង្គ្រាម។ តាមប្រភពព័ត៌មានថា ចៅហ្វាយខេត្តស៊ីសាកេត បានប្រគល់កាំភ្លើងចំនួន១.០០០ដើម រួមទាំងគ្រាប់ផងដល់កងជីវពលចំនួន៤ឃុំ៤១ភូមិជាប់នឹងព្រំដែន កម្ពុជា-ថៃ នៅភ្នំព្រះវិហារដើម្បីការពារភូមិ-ឃុំ ៕
http://kohsantepheapdaily.com.kh/art...09-190435.html