រាជធានីភ្នំពេញ ៖ នារី​បុគ្គលិក​​បេឡា​​របស់​​ក្រុមហ៊ុន​មិត្ត​ហ្វូន​​២នាក់ ត្រូវក្រុមចោរ​​​មាន​គ្នា​២​នាក់ ធ្វើសកម្ម​ភាព ឆក់​យក​ស្បោង​ប្រាក់​អស់​​​​៣៥.០០០​​ដុល្លារ ខណៈ​​​​ធ្វើដំណើរ​​មក​ពី​បើក​ប្រាក់​នៅធនាគារ​អេស៊ីលីដា ​ដែល​មានទីតាំង​នៅ​​ទល់​មុខ​ពហុកីឡដ្ឋាន​​ជាតិ​​​​​អូឡាំពិក ​ដែល​ពេល​នោះគឺ​​នារី​បុគ្គលិក​មិត្តហ្វូន​២នាក់​​ឡើងជិះ​រថយន្ត​​របស់ខ្លួន ​ធ្វើ​ដំណើរ​ត្រឡប់ទៅ​ដល់​​ក្រុម​ហ៊ុន​វិញ​ទៅហើយ លុះ​​ពេលបើក​ទ្វារ​ចុះ​ចេញ​ស្រាប់តែ​​ពួក​ចោរ​ជិះម៉ូតូ​​ឆាប​ឆក់វឹង​តែម្តង​ ។​

អំពើ​ឆក់​នេះត្រូវ​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា កើត​ឡើង​កាលពីវេលាម៉ោង​​១១​និង​​២០នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​​៩ កុម្ភៈ ​២០១១ នៅ​​តាមផ្លូវ​លេខ​១៨៨ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​​ទួលគោក ​​ត្រង់​ផ្លូវ​​ចូល​ខាង​​ក្រោយ​ក្រុមហ៊ុន​​មិត្តហ្វូនតែម្តង ។ បុគ្គលិក​​ដែលត្រូវ​បាន​ចោរ​ឆក់​នេះ ​​សមត្ថ​​កិច្ច​​ឱ្យ​ដឹង​ថា ១-​ឈ្មោះ​​​ជា សំនៀង ភេទ​ស្រី អាយុ​​២៤​ឆ្នាំ ​ជាបុគ្គលិក​​​ផ្នែកបេឡារបស់​ក្រុមហ៊ុន​​មិត្តហ្វូន មាន​ទី​លំនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ​២-​ឈ្មោះ​​វិសិដ្ឋ សាដួង ភេទស្រី អាយុ​​២៨​ឆ្នាំ មាន​ទី​លំនៅ​​ផ្ទះលេខ​១៤B ផ្លូវលេខ​​៤៦៨ សង្កាត់​ទួល​​ទំពូង​ទី​១ ខណ្ឌ​ចំការមន ។​

តាមព័ត៌មាន​​ឱ្យ​ដឹង​ថា ក្រុមចោរ​ឆក់​មាន​គ្នា​​​២នាក់ ជិះ​ម៉ូតូម៉ាកហុង​ដា ពណ៌ខ្មៅ ​បិទ​ស្លាក​លេខ បានធ្វើ​សកម្ម​ភាព​ឆក់​ស្បោង​ប្រាក់​របស់​ស្ត្រី​​បុគ្គលិក​មិត្តហ្វូន​ ខណៈ​ចុះចេញពីរថយន្ត​​ប្រុង​​ចូលទៅ​ក្នុងក្រុមហ៊ុនទៅហើយ​ ។ ​មុនពេល​កើត​ហេតុ​​ ស្ត្រីជា​បេឡា​ក្រុម​ហ៊ុន​​​មិត្ត​ហ្វូន​​២​នាក់​ខាង​លើ​​​បាន​ជិះ​រថយន្ត​ ម៉ាកកូរ៉ូ​ឡា ​ពណ៌​សំបក​​ឪឡឹក ​មាន​ស្លាកលេខ​​ ភ្នំពេញ 2C-7829 មួយគ្រឿង ធ្វើ​​ដំណើរ​​ទៅ​បើក​ប្រាក់​​ធនាគារ​​អេស៊ីលីដា ដែលមានទីតាំង​ដូចខាងលើ​។ ​នៅពេល​​បើក​ប្រាក់​​​​​បាន​ហើយ​ក៏​ជិះ​រថយន្ត​ត្រឡប់​​មក​ក្រុមហ៊ុន​​វិញ ដោយ​ឈប់​តាម​ផ្លូវ​​លេខ​១៨៨ សង្កាត់​​ផ្សារ​ដេប៉ូទី​១ ខាងក្រោយ​​ស្នាក់ការ​ក្រុម​ហ៊ុន​​តែម្តង​ ។ ​​ពេល​​​ស្ត្រីឈ្មោះ​​ជា សំនៀង​​ បាន​បើក​​ទ្វារ​​រថ​យន្ត​ចុះ​មកស្រាប់តែ​ពួកចោរ​ដែល​តាម​តាំង​ពីដើម​ទីមក​​ នោះ ជិះ​ម៉ូតូមកឆក់​​ស្បោង​ប្រាក់​​យក​ទៅ​​វឹងតែម្តង ៕​

http://kohsantepheapdaily.com.kh/art...209-00372.html