សៀមរាប ៖ ហេតុការណ៍​គ្រោះ​ចរាចរ​មួយ​បាន​ធ្វើ​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​ដោយ​សារ​តែ​មាន​ម៉ូតូ​មួយ​គ្រឿង បើក​ជ្រុល​ចង្កូត​ផ្លោង​ទៅ​ទើរ​នឹង​របង​ផ្ទះ​អ្នក​ភូមិ បណ្តាល​អោយ​មនុស្ស​សន្លប់ និង​របួស​គរ​ជើង​គ្នា។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ ដែល​លាត​សន្ធឹង​ពី​ថ្នល់​ចែក ទៅ​ឃុំ​កំពង់​ឃ្លាំង នៅ​ត្រង់​ចំណុច​ភូមិ​ថ្នល់​ចែក ឃុំ​គៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប កាល​ពី​វេលា​ម៉ោង ៣.៣០ នាទី​រសៀល ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ បណ្តាល​ឲ្យ​មាន​មនុស្ស​សន្លប់​ធំ​ចំនួន​៣​នាក់​នៅ​នឹង​កន្លែង​កើត​ហេតុ ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ វណ្ណៈ​ភេទ​ប្រុស និង​ពីរ​នាក់​ទៀត​ពុំ​ស្គាល់​អត្តសញ្ញាណ ក្នុង​នោះ​មាន​ស្រី​ពីរ​នាក់ ត្រូវ​បាន​សន្លប់​ទាំងអស់​គ្នា។ ​បើ​តាម​ប្រភព​ព័ត៌មាន​មុន​ពេល​កើត​ហេតុ​បាន​អោយ​កម្ពុជា​ថ្មី​ដឹង​ថា ជន​រង​គ្រោះ​ទាំង​បី​នាក់​ធ្វើ​ការ​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ហើយ​ថ្ងៃ​កើត​ហេតុ​អ្នក​ទាំង​បី​បើក​បរ​ម៉ូតូ​មក​ពី​ពិធី​មង្គល​ការ មួយ​កន្លែង​នៅ​ក្នុង​ឃុំ​កំពង់ឃ្លាំង ដោយ​បាន​ពិសា​​ជាតិ​សុរា​ដល់​កំណត់​ ក៏​នាំ​គ្នា​ត្រឡប់​មក​ខេត្ត​សៀមរាប​វិញ។ ដោយ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​​គោល​បំណង​បង្ហោះ​ម៉ូតូ​អោយ​ដល់​មុន​​ម៉ោង​ ចូល​ធ្វើ​ការ ​ក៏​ជ្រុល​ទៅ​បុក​របង​ផ្ទះ​អ្នក​ស្រុក​ម្នាក់​ឈ្មោះ ម៉ាប់ ម៉េង យ៉ាង​ពេញ​ទំហឹង​បណ្តាល​អោយ​ម្នាក់​បាក់​ជើង​និង​សន្លប់​ទាំង​បី​នាក់​ ដោយ​​ដង្ហើមចង្រិត​គ្រប់ៗ​គ្នា។

ក្រោយ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​ទាំង​បី​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​គៀន​សង្កែ ជួយ​ធ្វើ​អន្តរាគមន៍ និង​ជួយ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ជន​រង​គ្រោះ និង​បាន​រៀប​ចំ​ដឹក​បញ្ជូន​ជន​រងគ្រោះ ទៅ​កាន់​មន្ទីរ​ពេទ្យ ស្រុក​សូទ្រ​និគម ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់៕

http://www.kampucheathmey.com/local-...-10-54-04.html