រាជធានីភ្នំពេញ ៖ ​អគ្គីភ័យ​​​បាន​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ទៅលើ​ផ្ទះ​ប្រជាពលរដ្ឋ​​លក់​គ្រឿង ​ទេស​​មួយខ្នង ធ្វើអំពីឈើ​​ បណ្តាល​ឱ្យ​មាន​ការ​​ភ័យ​តក់ស្លុត​ និង​សម្រែក​​​រញៀវ ប្រកាស​​ឱ្យជួយ​ផងៗ ច្របូកច្របល់​នឹង​ការ​ជញ្ជូន​អីវ៉ាន់​យ៉ាង​ប្រញាប់​ប្រញាល់​​កាលពីវេលាម៉ោង​ ​​​៧​និង​​២០នាទី​​ព្រឹកថ្ងៃទី​​៩ កុម្ភៈ ២០១១ ស្ថិត​ក្នុង​​ក្រុម​១ ​តាមបណ្តោយ​ផ្លូវ​​​២០០៤ (ណតប្រ៊ីដ) ទល់​មុខ​​សាលា​ដុន​បូស្កូ ភូមិ​ស្លែង​រលីង សង្កាត់​​ទឹកថ្លា ខណ្ឌសែនសុខ ។

ស្ត្រី​ម្ចាស់​ផ្ទះ​​ឈ្មោះហេង គឹមសឿន អាយុ​​៤៨​ឆ្នាំ ជា​អ្នក​លក់​គ្រឿងទេស​ក្នុង​ផ្ទះនេះ​តែ​ម្តង ​បាន​ឱ្យ​​ដឹង​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​​​គឺ​បណ្តាល​​មកពី​ទុស្សេ​ខ្សែ​ភ្លើង ព្រោះ​មុនពេល​​កើត​ហេតុនេះ អ្នកស្រី​​បាន​ដាក់ដាំ​បាយ​​ឆ្នាំ​ខ្សែ​ភ្លើង (ឆ្នាំង​អគ្គិសនី) ដោតឌុយចោល ​​និង​ចាក់​សោ​ផ្ទះ​​​ចេញទៅក្រៅ​​​មួយភ្លែត ស្រាប់តែ​​​គេ​ទូរស័ព្ទ​​ប្រាប់​ថា ​ភ្លើងឆេះ​​ផ្ទះហើយ ​ធ្វើ​ឱ្យ​​គាត់​ស្លុត​​​ប្រមា​​​​ពន់ពេក​​ប្រមាណ​។​

អ្នកស្រី​​ហេង​ គឹមសឿន បាន​ឱ្យ​ដឹង​​​ថា រូប​គាត់​​ ព្រមទាំង​​​អ្នកជិត​ខាង​​មិន​បាន​​​​យកអីវ៉ាន់​​ធំដុំ​​ណា​​មួយចេញ​ទាន់ទេ ​ព្រោះអណ្តាត​​ភ្លើង​បាន​​វាយលុយ​​​ពេញ​ទំហឹងទៅហើយ ​​យក​បាន​​​តែ​សំបុកសម្បត្តិ​​​​អាជ័យ​​តែប៉ុណ្ណោះ (អីវ៉ាន់​​កំប៉ិក​​កំប៉ុក) ​។ អគ្គីភ័យ​​​នេះ​មិន​បណ្តាល​ឱ្យ​រាលដាល​​ដល់​ផ្ទះ​​អ្នកជិត​ខាង​​​តទៅទៀត​ទេ ហើយ​ការ​បង្ក​ឱ្យ​មនុស្ស​របួស និង​ស្លាប់​ក៏​ទេ​ដែរ... ដោយ​គ្រាន់​តែ​​​​​រោល​ផ្សែង​​ខ្មៅ​​ទៅ​លើ​ផ្ទះ​ជាប់ៗ​នោះ​តិចៗ​ប៉ុណ្ណោះ​ និង​ឆេះ​​​ខ្សែ​ភ្លើង​​​តាម​ផ្លូវ​​​​ខូច​ខាត​ច្រើន ។

ភ្លាមៗ​នោះ រថយន្ត​ពន្លត់អគ្គីភ័យ​​បាន​ចេញ​ទៅ​ធ្វើ​​អន្តរាគមន៍​​​បាញ់ទឹក​ពន្លត់​​ យ៉ាង​សកម្ម​​ ទើប​ភ្លើ​ង​មិន​​អាច​មាន​ឥទ្ធិពល​​ឆេះ​រាលដាល​​​តទៅ​​​ទៀត​​ ហើយ​​បាន​​​រលត់​​ជា​ស្ថាពរ​​រយៈ​ពេល​ប្រមាណ​​១ម៉ោង​​ ក្រោម​អំណាច​​ការបាញ់​ទឹក​​របស់ស​មត្ថ​កិច្ច​​​​រថយន្ត​​ពន្លត់​អគ្គីភ័យ​​​ ប្រើប្រាស់​​ចំនួន​៤គ្រឿង និង​រថយន្ត​ត្រៀម​​នៅទីនោះ​៤​គ្រឿង​​ទៀត ៕​

http://kohsantepheapdaily.com.kh/art...08-184413.html