ព្រំដែន ​ប្រាសាទ​ព្រះវិហារ​ ៖ ​ព្រះសង្ឃ​​៧​អង្គ និង​កូនសេក្ខ​លោក​ច្រើន​នាក់​ទៀត​នៅតែ​តស៊ូ​​ក្រាញ​ននៀល​​​គង់នៅ​ក្នុង​វត្ត ​កែវ​​សិក្ខា​គិរី​ស្វារៈរបស់កម្ពុជា ​មុខ​​​ប្រាសាទព្រះ​វិហារ​ដដែល ​បើ​ទោះ​​ណាកំពុង​​រង​ការ​​បាក់បែក​ស្ទើរ​ខ្ទេច​​ខ្ទី​ដោយសារ​គ្រាប់​កាំ​ ភ្លើង​​ធុនធ្ងន់​​របស់​ទាហាន​​​សៀម​ឈ្លានពាន​​វាយប្រហារ​ផ្ទួនៗរយៈ​​ពេល​​ ៤ថ្ងៃ និងប្រើ​​អាវុធ​គីមី​ផ្សែង​ធ្វើ​​ឱ្យប៉ះ​ពាល់​​ដល់​សុខ​ភាព​​ក៏ដោយ ។​
នៅព្រឹក ​​ថ្ងៃទី​៨ កុម្ភៈ ​២០១១ ​ក្រុម​មន្ត្រី​​អាជ្ញាធរ​​ និង​យោធា​​កម្ពុជា​ច្រើននាក់​​​បាន​ចូល​ទៅ​ពិនិត្យ​​​មើលស្ថាន​​ភាពខូច​ខាត​ ​នៅក្នុង​​ទីវត្ត​ ​​​ដើម្បី​សំរួល​ដល់​​​​ព្រះ​សង្ឃ​​គង់នៅ​បន្តទៀត ​និង​​រៀបចំ​កន្លែង​​ខូច​ខាត​បាក់បែក​​ខ្លះ​ឱ្យ​​បាន​ស្រួល​​​បួល​​ផងដែរ ប៉ុន្តែ​ត្រង់ថា ជួសជុល​​ឱ្យល្អ​​ឡើង​វិញ​នោះ គឺ​មិនទាន់​​​អាច​ធ្វើបាន​ទេ ស្ថិត​ក្នុង​​កាលៈ​ទេសៈ​​បែប​នេះ ទាល់តែ​រង់ចាំ​ការ​​បញ្ចប់ជំលោះ​ដោះស្រាយ​គ្នា​រវាង​​ភាគីសៀម​​ និងកម្ពុជា​ឱ្យ​ត្រឹម​ត្រូវ​​សិន ។
គួររំលឹក​ថា ស្ថានការណ៍​​ផ្ទុះ​អាវុធ​​នៅ​តាម​ខ្សែ​​​បន្ទាត់ព្រំដែន​​ខេត្តព្រះវិហារ ត្រូវ​បាន​ស្ងប់​ស្ងាត់​​ហើយ​កាលពីវេលាម៉ោង​​១១ព្រឹក​ម្សិល​មិញ​​រហូតមក​ដល់ ​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ ២០១១នេះ ​ដោយ​ចាប់​​​តាំង​ពី​មេ​បញ្ជា​វរៈ មេបញ្ជា​ការ​​​ភូមិ​​​ភាគ និង​មេ​បញ្ជា​ការ​​ជាន់​ខ្ពស់​រវាង​ភាគី​កម្ពុជា​-សៀម​បាន​​ព្រម​ព្រៀង​​​ គ្នា​បញ្ឈប់​​ការ​បាញ់​ផ្តក់​​​ទៅវិញ​ទៅ​មក ​​រក្សា​ទីតាំង​​ឱ្យ​​នឹងន៎ ហាម​ចល័ត​ទ័ព​ពីតំបន់​​​មួយទៅ​តំបន់មួយ ចៀស​វាង​ការ​​មន្ទិល​​សង្ស័យ​​នាំ​ឱ្យ​មានការវាយប្រយុទ្ធគ្នា​​តទៅ​ទៀត ។​
សូមបញ្ជាក់ ​ថា ការបាញ់​ផ្តក់​​ទៅវិញ​​ទៅ​មក​​​រវាង​ទាហាន​កម្ពុជា-​សៀម​ បាន​ចាប់​ផ្តើម​​​​​​បញ្ឆេះ​ឡើង​ ​​កាលពីវេលាម៉ោង​​៣​​​និង​៣០​នាទី​​នាទី​រសៀល​ថ្ងៃទី​៤ កុម្ភៈ ហើយ​បន្ត​រហូត​​ដល់​វេលា​​ម៉ោង​​៨​និង​​៣០នាទីព្រឹក ​ថ្ងៃទី​​​៧ កុម្ភៈ ២០១១ គឺរយៈ​ពេល​​៤ថ្ងៃ​ជាប់​ៗ​គ្នា​បង្ក​​ឱ្យទាហាន​សៀម​ស្លាប់​​រាប់សិប​នាក់​​ រង​របួសច្រើន​រយ​នាក់​​ និង​ឆេះ​លេណដ្ឋានយោធា​​ជាច្រើន​​កន្លែង​​ ព្រម​ទាំង​​រថក្រោះ​​​ រថយន្ត-គ្រឿង​ចក្រ​​ជា​ច្រើន​គ្រឿង​​ទៀត ។ ចំណែក​ទាហាន​កម្ពុជា​ស្លាប់​​និង​រង​របួស​តិច​តួច ហើយ​ខូច​លេណ​ដ្ឋាន​​យោធា​​ក៏​តិច​តួច​ដែរ ។ ​ការប្រយុទ្ធគ្នា​​នេះ​ដែរ គឺ​​​ភាគី​សៀម​​​ធ្វើការ​​​តាំង​​ចិត្ត​ខ្ពស់​​ថា នឹង​វាយ​​កាន់​កាប់​​តំបន់​​​ជុំ​វិញ​​​​ប្រា​សាទ​ព្រះវិហារ​ឱ្យ​ខាង​តែ​បាន ​​ប៉ុន្តែ​ទីបំផុត​​មិន​ដូច​ការ​​តាំង​ចិត្ត​ទេ ​ទាហានសៀម​​បែរជា​បាក់ស្បាត​​រត់ចោល​​​សមរ​​ភូមិ​​ទៅវិញ ​និង​ចោល​​សាកសព​​​-អ្នក​​របួស​​ពាស​​វាល​​ពាស​កាល​ទៀតផង ៕

http://kohsantepheapdaily.com.kh/art...07-233333.html