​ព្រំដែន​កម្ពុជា​ ៖ ​ស្ថានការណ៍​​ផ្ទុះ​អាវុធ​​នៅ​តាម​ខ្សែ​​បន្ទាត់ព្រំដែន​​ខេត្តព្រះវិហារ ត្រូវ​បាន​ស្ងប់ស្ងាត់​​ហើយ​កាលពីវេលាម៉ោង​​១១ព្រឹក​ម្សិល​មិញ​​រហូតមក​ដល់​ ព្រឹក​ថ្ងៃទី​៨ កុម្ភៈ ២០១១នេះ ​ដោយ​ចាប់​​​តាំង​ពី​មេ​បញ្ជា​វរៈ មេបញ្ជា​ការ​​​ភូមិ​​​ភាគ និង​មេ​បញ្ជា​ការ​​ជាន់​ខ្ពស់​រវាង​ភាគី​កម្ពុជា​-សៀម​បាន​​ព្រម​ព្រៀង​​​ គ្នា​បញ្ឈប់​​ការ​បាញ់​ផ្តក់​​​ទៅវិញ​ទៅ​មក ​​រក្សា​ទីតាំង​​ឱ្យ​​នឹងន៎ ហាម​ចល័ត​ទ័ព​ពីតំបន់​​​មួយទៅ​តំបន់មួយ ចៀស​វាង​ការ​​មន្ទិល​សង្ស័យ​​នាំ​ឱ្យ​មានការវាយប្រយុទ្ធគ្នា​​តទៅ​ទៀត ។​

សូមបញ្ជាក់​ថា ការបាញ់​ផ្តក់​​ទៅវិញ​​ទៅ​មក​​​រវាង​ទាហាន​កម្ពុជា-​សៀម​ បាន​ចាប់​ផ្តើម​​​​​​បញ្ឆេះ​ឡើង​ ​​កាលពីវេលាម៉ោង​​៣​​​និង​៣០​នាទី​​នាទី​រសៀល​ថ្ងៃទី​៤ កុម្ភៈ ហើយ​បន្ត​រហូត​​ដល់​វេលា​​ម៉ោង​​៨​និង​​៣០នាទីព្រឹក ​ថ្ងៃទី​​​៧ កុម្ភៈ ២០១១ គឺរយៈ​ពេល​​៤ថ្ងៃ​ជាប់​ៗ​គ្នា​បង្ក​​ឱ្យទាហាន​សៀម​ស្លាប់​​រាប់សិប​នាក់​​ រង​របួសច្រើន​រយ​នាក់​​ និង​ឆេះ​លេណដ្ឋានយោធា​​ជាច្រើន​​កន្លែង​​ ព្រម​ទាំង​​រថក្រោះ​​​ រថយន្ត-គ្រឿង​ចក្រ​​ជា​ច្រើន​គ្រឿង​​ទៀត ។ ចំណែក​ទាហាន​កម្ពុជា​ស្លាប់​​និង​រង​របួស​តិច​តួច ហើយ​ខូច​លេណ​ដ្ឋាន​​យោធា​​ក៏​តិច​តួច​ដែរ ។ ​ការប្រយុទ្ធគ្នា​​នេះ​ដែរ គឺ​​​ភាគី​សៀម​​​ធ្វើការ​​​តាំង​​ចិត្ត​ខ្ពស់​​ថា នឹង​វាយ​​កាន់​កាប់​​តំបន់​​​ជុំ​វិញ​​​​ប្រា​សាទ​ព្រះវិហារ​ឱ្យ​ខាង​តែ​បាន ​​ប៉ុន្តែ​ទីបំផុត​​មិន​ដូច​ការ​​តាំង​ចិត្ត​ទេ ​ទាហានសៀម​​បែរជា​បាក់ស្បាត​​រត់ចោល​​​សមរ​​ភូមិ​​ទៅវិញ ​និង​ចោល​​សាកសព​​​-អ្នក​​របួស​​ពាស​​វាល​​ពាស​កាល​ទៀតផង ៕​​

http://kohsantepheapdaily.com.kh/art...07-204118.html