យោងតាមព័ត៌មាន ពីគេហទំព័រ Channel News Asia បានឱ្យដឹង នៅថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១១ នេះថា ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃ ចន្ទ បានសម្តែងនូវ ការព្រួយបារម្ភជាខ្លាំង ទៅលើការប៉ះទង្គិចគ្នារយៈពេល ៤ ថ្ងៃ នៅតាមបណ្តោយព្រំដែន រវាងកម្ពុជា-ថៃ ហើយគេមានឆន្ទៈ ក្នុងការរៀបចំ នូវកិច្ចប្រជុំមួយ ដើម្បីដោះស្រាយជម្លោះនេះ។

លោកស្រី ម៉ារៀ លូស្សា រីប៊ែរ៉ូ វីយូតទី (Maria Luiza Viotti) ជាឯករដ្ឋទូតប្រេស៊ីល និងក៏ជាប្រធាន នៃក្រុម ប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានលើកឡើងថា សមាជិកទាំងអស់ នៃ ក្រុមប្រឹក្សាសន្តិសុខ មានការព្រួយបារម្ភ ជាអតិបរមា ភាពតានតឹងខ្លាំងដែលកំពុងធ្ងន់ធ្ងរឡើងៗ នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ចំពោះការប្រយុទ្ធគ្នា កន្លងទៅនេះ ដែលបានបណ្តាលឱ្យមនុស្ស ៧ នាក់ស្លាប់ និង រាប់ពាន់នាក់ទៀត រត់ភៀសខ្លួននោះ លោកស្រី ម៉ារៀ បានអំពាវនាវឱ្យបញ្ឈប់ការបាញ់គ្នា ហើយជម្រុញឱ្យ ភាគីទាំងពីរ ងាកមកដោះស្រាយបញ្ហា ដោយសន្តិវិធីវិញ ។ លោកស្រីបានបន្តទៀតថា អង្គការសហប្រជាជាតិ នឹងតាមដានបញ្ហានេះ យ៉ាងដិតដល់បំផុត ដោយសារតែភាគីទាំងពីរ បាន បង្ហាញនូវ សុឆន្ទៈរបស់ខ្លួន ដើម្បីចូលរួមបើកកិច្ចប្រជុំមួយ នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។

គួរបញ្ជាក់ថា ការអះអាងរបស់លោកស្រី ម៉ារៀ នៅពេលនេះ ក៏ស្របទៅតាមការចង់បាន របស់ប្រធានអាស៊ាន ដែលត្រូវជារដ្ឋមន្ត្រី ការបរទេសឥណ្ឌូនេស៊ីផងដែរ ដោយចង់ឱ្យក្រុមប្រឹក្សា សន្តិសុខ នៃអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥ ប្រទេស រៀបចំ ពិគ្រោះយោបល់ ជាលក្ខណៈបិទជិតមួយ ។

http://dap-news.com/index.php?option...rld&Itemid=457