ព្រះវិហារៈ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១១ នេះ លោកអភិបាលខេត្តសៀមរាប ស៊ូ ភិរិន្ទ និងមន្ត្រីក្រោមឱវាទជាច្រើននាក់ បាននាំយកអំណោយ ជាសម្ភារៈ និងថវិកាមកចែកជូនដក់គ្រួសារកងទ័ព ដែលត្រូវបានគេជម្លៀសមកឱ្យស្នាក់នៅក្នុងថ្នល់បត់ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលការជម្លៀសគ្រួសារកងទ័ពទាំងនេះ បានធ្វើឡើងបន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំងពីរកាលពីពីរថ្ងៃមុននេះ។

យោងតាមមន្ត្រីដែលមើលការខុសត្រូវនៅទីនេះ បានឱ្យដឹងថា គ្រួសារកងទ័ពមាន២៨០គ្រួសារ ដែលរស់នៅភូមិធម្មជាតិ និង ភូមិស្រអែម ស្រុកជាំក្សាន្ត ត្រូវបានគេជម្លៀស។

នៅក្នុងឱកាសចែកអំណោយដល់គ្រួសារកងទ័ពទាំងនេះ លោក ស៊ូ ភិរិន្ទ បានបញ្ជាក់សារជាថ្មីថា អាចោរសៀមឈ្លានពាន ត្រូវតែបរាជ័យ ត្រូវតែងាប់ភ្លាមហើយកងទ័ពអង់អាចក្លាហាន កម្ពុជានឹងវាយសត្រូវឱ្យងាប់នៅក្នុងសមរភូមិ។

លោកក៏បានលើកឡើងពីការដឹកនាំ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក្នុងការការពារបូរណភាពទឹកដីមិនឱ្យអាចោរសៀមឈ្លានពានបានឡើយ។

លោកបានបញ្ជាក់ថា កម្ពុជានៅតែរក្សាសន្តិភាពក្នុងការចរចា តែបើចោរសៀមនៅតែគំរាមកំហែង នៅតែឈ្លានពានយើងក៏ធ្វើតាមនោះដែរកងទ័ពកម្ពុជាត្រូវតែវាយកម្ទេចអាចោរសៀមឱ្យងាប់នៅនឹងសមរភូមិ។

លោក ស៊ូ ភិរិន្ទ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែចង់ដោះស្រាយបញ្ហាដោយសន្តិវិធី តែអាចោរសៀមនៅតែចង់ឈ្លានពានដូច្នេះកងទ័ពកម្ពុជានៅជួរមុខត្រូវតែការពារកុំឱ្យអាចោរឈ្លានពានទាំងអស់នេះ ចូលមកដីកម្ពុជាសូម្បីតែមួយមីលិម៉ែត្រ។

http://dap-news.com/index.php?option...news&Itemid=50