​ព្រំដែន​​ភាគពាយ័ព្យ​ ៖ ​បើ​ទោះ​​​ណា​ការ​វាយ​ប្រយុទ្ធ​គ្នា​​ដ៏កក្រើក​​ស្វិតស្វាញ​​នៅ​តាមខ្សែ​​​ បន្ទាត់ព្រំដែន​​ខេត្តព្រះវិហារ​​យ៉ាង​ណា​ក៏ដោយ ​ក៏កិច្ច​​ដំណើរការ​​​ចេញ​-ចូល​របស់​ភ្ញៀវ​​​ទេសចរ​​​ ការ​ដឹកជញ្ជូន​ទំនិញ ​តាមច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែត នៅតែ​​ប្រព្រឹត្ត​​ទៅធម្មតា ​ខណៈ​ស្ថានទូត​ថៃ​​ប្រចាំ​​រាជធានីភ្នំពេញ​​ឯណោះវិញ ​​ត្រូវបាន​ឯកអគ្គ​​​រាជទូតរ​បស់​​គេ​កោះហៅ​​អាជីវករ​ ពាណិជ្ជករ ​វិនិយោគិន ដែលកំពុង​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា​​ទាំងអស់​​ជួបប្រជុំ​​ពិភាក្សា​គ្នា​ នៅ​វេលាម៉ោង​​៣​រសៀល​ថ្ងៃទី​​៧ កុម្ភៈ ២០១១ នេះ។

​គេ​មិន​ទាន់​ដឹង​ថា ការ​ជួប​ប្រជុំ​​ក្រុម​ពាណិជ្ជ​ករ​​​របស់ថៃ​នេះ​នឹង​លើកឡើង​​អំពី​​បញ្ហា​​ អ្វីខ្លះ​​នោះ​ទេ​...​ប៉ុន្តែ​​​ក្រុម​​អ្នក​តាមដាន​​ព្រឹត្តិការណ៍​​​ ក្តៅគគុក​​​រវាង​កម្ពុជា-សៀម​​​បានសន្និដ្ឋាន​​ថា គ្មាន​​អ្វីក្រៅ​ពី​​លោក​ឯកអគ្គ​រាជទូតថៃ ​លើកឡើង​ពីការ​​បំពាក់​បំប៉ន​​ស្មារតី​​ដល់​ក្រុម​​​អ្នកជំនួញ​ថៃ ​ឱ្យមានការ​ប្រុងប្រយ័ត្ន​​ចំពោះ​ស្ថាន​ការណ៍​​​បច្ចុប្បន្ន​​នោះទេ​...​​ អាច​ថា ផ្អាក​ចរាចរ​​ទំនិញ​​​សេវា​កម្ម​ជួញដូរ​​រយៈ​ពេល​ខ្លី​​ ឬយ៉ាង​ណា​នោះ​ក៏ស្ថិត​នៅក្នុង​​វេលា​​រសៀលនេះ​ដែរ ។ ខុសគ្នា​ពី​ច្រកទ្វារ​​​អន្តរ​ជាតិ​​ប៉ោយប៉ែត​ដែលកំពុង​ដំណើរការ​​ចេញ​​ចូល​ ធម្ម​តា​នោះ ​ច្រកទ្វារ​​អន្តរជាតិ​​អូរស្មាច់ និង​​អន្តរ​ជាតិ​​ជាំ ត្រូវ​​បានបិទ​​ដំណើរ​​ការ​ចេញ​-ចូល​បណ្តោះ​អាសន្ន​​​ បន្ទាប់ពី​​កើត​​ការ​វាយ​ប្រយុទ្ធ គ្នា​​ខ្លាំង​ក្លា​​នៅ​តាម​ខ្សែ​​បន្ទាត់ព្រំដែន​​​ខេត្តព្រះវិហារ ​តាំង​ពី​​ក្បាល​​ព្រលប់​​ថ្ងៃទី​​៦ កុម្ភៈ នឹង​បន្ត​​មក​ដល់​ព្រឹក​​ថ្ងៃទី​៧ កុម្ភៈ ២០១១​ នេះ ។​

សូម​បញ្ជាក់​ថា ច្រកទ្វារ​​អន្តរជាតិ​​​អូរស្មាច់ ស្ថិត​ក្នុង​​សង្កាត់អូរស្មាច់ ​ក្រុង​សំរោង ​​ខេត្ត​ឧត្តរ​មានជ័យ ​​​ទល់មុខ​​​ស្រុក​កាប់ជើង​​ ខេត្ត​សុរិន្ទ ប្រទេសថៃ ​ចំណែក​​ច្រកអន្តរជាតិ​​ជាំ ស្ថិត​ក្នុង​ឃុំ​​ត្រពាំង​ប្រីយ៍ ស្រុកអន្លង់វែង ទល់​មុខ​ស្រុក​​​ភូ​ស៊ីង ​ខេត្តស៊ីសាកេត ​ប្រទេសថៃ ៕

http://kohsantepheapdaily.com.kh/art...07-011852.html