រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ជាបុគ្គលិក​​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​​សាវីម៉ិច ​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​​បាញ់​គំរាម និងវាយបំបែក​កញ្ចក់​​ចំហៀង​​រថយន្ត​របស់លោក​ប្លន់​យក​​លុយ​៦​ម៉ឺន​ដុល្លារ កាលពីវេលាម៉ោង​​៩​និង​​១០នាទី​​​ព្រឹក​ថ្ងៃទី​៧ កុម្ភៈ ២០១១ ខណៈពេល​ជន​រងគ្រោះ​​បើក​រថយន្ត​មក​ដល់មុខ​​ក្រុមប្រឹក្សា​​អភិវឌ្ឍន៏កម្ពុជា (CDC) វិថី​ព្រះស៊ីសុវត្ថិ​​ ស្ថិត​​ក្នុង​សង្កាត់​​វត្តភ្នំ​ ខណ្ឌ​ដូនពេញ ។

ស្ត្រី​​ម្នាក់​​ដែលឃើញ​​ហេតុការណ៍​​​នេះ​បាន​និយាយ​​​ថា មុនពេលកើត​ហេតុ​ គេឃើញ​​រថ​យន្ត​​មួយគ្រឿង​​ម៉ាកវីហ្គោ​​ ពណ៌​ទឹក​ប្រាក់ ពាក់ស្លាក​លេខ ភ្នំពេញ 2K-1688 បើក​បរ​តាម​​បណ្តោយ​វិថី​​ព្រះ​ស៊ីសុវត្ថិ ឆ្ពោះទៅ​​ទិស​ខាងត្បូង លុះ​ដល់​​ចំណុចមុខ​​ក្រុមប្រឹក្សា​​អភិវឌ្ឍន៏កម្ពុជា (CDC) ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ ​​ស្រាប់តែ​មាន​យុវជន​ស្ទាវ​ពីរនាក់​​បើក​​ម៉ូតូម៉ាក​សេ១២៥ ស៊េរី​២០១០ ពណ៌ខ្មៅ មិនចាំស្លាក​លេខ ចូល​​កៀរ​រថយន្ត​​ឱ្យឈប់ ។

ខណៈ​ពេល​រថយន្ត​វីហ្គោ​​ឈប់​​ង៉ក់​ យុវជន​​ម្នាក់​គ្មាន​​ពាក់​មួកការពារ​សុវត្ថិភាព ហើយ​​គ្មាន​ពាក់​ម៉ាស់ បានលោត​​​ចុះពីលើ​ម៉ូតូ​ ដក​កាំភ្លើង​​ខ្លី​ភ្ជង់​​គំរាម​ឱ្យ​ភាគី​រថយន្ត​​​ប្រគល់​ស្បោង​ប្រាក់​​ទៅ ​ឱ្យពួកវា ។ ​ពេលនោះ​​ទំនង​ម្ចាស់​​​​​​រថ​យន្ត​មានការ​ភិត​ភ័យ​​ ក៏ត្រូវ​ជនដៃ​ដល់​​​យកកាំ​ភ្លើង​​​ខ្លី​វាយ​​បំបែកកញ្ចក់​​​ចំហៀង​ខាង​ឆ្វេង ​ និង​ស្រែក​គំរាម​​​ខ្លាំងៗ ព្រមទាំង​បាញ់​​ឡើងលើ​​មួយគ្រាប់ទៀត​ផង​ ។ ឃើញ​ដូច្នេះ​​​ម្ចាស់រថយន្ត​​​បានលូក​យក​ស្បោង​​ខ្មៅ​ដាក់​ប្រាក់​​ដុល្លារ​ នោះ​ហុច​​ទៅ​ឱ្យ​​ជន​ដៃ​​ដល់​​​ជា​ថ្នូរនឹង​ការ​រួច​ផុត​ពីសេចក្តីស្លាប់ ។​ ភ្លាមៗ​នោះ​​ក្រុម​​ចោរបាន​​បើកត្រឡប់​ទៅ​ទិស​ខាងលិច​​គេចខ្លួន​​បាត់ស្រមោល ៕

http://kohsantepheapdaily.com.kh/art...07-002328.html