រាជធានីភ្នំពេញ ៖ ​តាមប្រភពព័ត៌មាន​​​ពី​មន្ត្រី​​កង​រាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​​បាន​ឱ្យ​ ដឹង​ថា អាជ្ញាធរ​​រាជធានីភ្នំពេញ ​សហការ​ជាមួយ​​ទីបញ្ជា​ការ​​កងរាជអាវុធ​​​ហត្ថលើ​ផ្ទៃ​ប្រទេស​ត្រៀម​បញ្ជូន​ ​កំលាំង​កងរាជអាវុធ​​ហត្ថ​ជា​កង​​កុម្មង់ដូ​ពិសេស​ជាង​​១.០០០​នាក់បន្ថែម​ ទៀត​​ទៅកាន់​​សមរ​ភូមិ​​មុខ​នៃ​ព្រំដែន​​ខេត្តព្រះវិហារ និង​​​ដាក់ពង្រាយ​​តាម​​​ខ្សែ​បន្ទាត់ព្រំដែន​​​ផ្សេង​ៗទៀត ការពារទប់ទល់​​ការ​ឈ្លានពាន​​របស់​ទាហាន​​សៀម​ បើ​មិន​​រសៀល​ថ្ងៃនេះ​​​ គឺ​ព្រឹក​​ថ្ងៃ​ទី​៨ កុម្ភៈ ២០១១ ។​
តាម​មន្ត្រី​​​កង​រាជអាវុធហត្ថ​​ ដដែល​​​ឱ្យដឹង​ទៀត​​ថា ​កំលាំង​កង​រាជអាវុធ​ហត្ថ​​​នៅ​តាម​បណ្តា​ខណ្ឌ​ទាំង​​៨ ត្រូវ​បញ្ចេញ​​ក្នុង​មួយ​ខណ្ឌ​ៗ​​ចំនួន​​១៥​នាក់ ​ហើយ​កំលាំង​​របស់​បញ្ជា​ការដ្ឋាន​​រាជធានី ភ្នំពេញ ត្រូវ​បញ្ចេញ​​ប្រមាណ​​​២០០នាក់ ដោយ​ឡែក​​​ទីបញ្ជាការដ្ឋាន​​លើ​ផ្ទៃ​ប្រទេស​​ត្រូវបញ្ចេញ​​កំលាំង​​ប្រមាណ​​ ១.០០០​នាក់ទៀត សរុបទៅ​ជាង​​១.៣០០នាក់ ​នឹង​ធ្វើដំណើរទៅ​​កាន់សមរ​ភូមិ​​មុខ​តាមការ​គ្រោងទុក ។ ​សូមបញ្ជាក់​ថា កំលាំង​កង​រាជអាវុធហត្ថ​ទាំង​នេះ គឺ​ជា​កង​កម្មង់​ដូ​​ពិសេស​បញ្ចប់ការ​ហ្វឹកហ្វឺន​ច្រើនឆ្នាំ ផ្នែក​សឹក​សង្គ្រាម មានបទពិសោធន៍​​​ និងជំនាញ​ខាង​វាយ​លុក​​ឆ្មក់​​វាយប្រហារ​​ជំរំខ្មាំង និង​ខ្លាំង​ក្លា​​ខាង​វាយ​ដណ្តើម​​​កាន់កាប់​ទីតាំង​​របស់ខ្មាំងសត្រូវ​​ ឥឡូវ​​ដល់ពេល​​​ដែលពួកគេ​​​ចេញ​ប្រតិបត្តិ​ការ​ហើយ ។
គួររំលឹកថា ការ​វាយ​​ប្រយុទ្ធ​​អូសបន្លាយ​​​​ជាង​​១ម៉ោង​​ គេឮ​ស្នូរ​អាវុធ​បាន​ផ្ទុះ​​ស្ទើរតែ​​គ្រប់​កន្លែង​​​​នៅ​តាមខ្សែ​​ បន្ទាត់ព្រំដែន ​ចាប់​ពីស្លាប​​ខាង​ឆ្វេង​​​ទៅដល់​ស្លាបខាង​ស្តាំនៃ​ប្រាសាទ​ព្រះ​វិហារ ​។ គួរបញ្ជាក់​ថា ទាហាន​សៀម​​​​បានប្រើ​ល្បិច​​​​បោក​ប្រាស់ទាហាន​កម្ពុជា​ផងដែរថា ដោយ​​ពួកគេ​​ទាក់ទង​តាមវិទ្យុ​ថា ស្នើ​​ឱ្យ​​ឈប់​បាញ់​...​លុះ​ដល់​ទាហាន​កម្ពុជា​​ផ្អាក​បាញ់ ស្រាប់​តែ​​​​ថៃ​គេ​ផ្តក់​​កាំ​ភ្លើង​​ធុនធ្ងន់​​​ចូលមក​សំដៅ​​ជំរំ​យោធា​ កម្ពុជា​​ ប៉ុន្តែ​មិន​ចំគោលដៅ​​ទេ​..​.​​គឺ​ថៃ​​​គេ​បាញ់​​កំញើញ​​​ និង​ការពារ​ដើម្បី​ឆ្លៀត​​ឱកាស​​ចូល​មក​យកសព​​ និងអ្នក​របួស​​របស់គេ ដែល​កំពុង​​រដូក​​រណែល​​លើ​សមរភូមិ ។
ឃើញ​ថា ចាប់តាំង​​ពីវេលាម៉ោង​​ជាង​៩ព្រឹក​ថ្ងៃទី​​​៧ កុម្ភៈ ​​២០១១ ការវាយ​ប្រយុទ្ធ​​គ្នា​​​កាន់​តែ​ស្វិតស្វាញ​ឡើង ដោយទាហាន​​សៀម​បាន​ទាញ​យក​​រថ​ក្រោះ​​​មកដាក់​​នៅ​ចំណុច​​តា​ថាវ ​​ដើម្បី​​គាំទ្រ​​ទាហាន​​ថ្មើ​រជើង​​របស់គេ​...​​​លុះ​ពេល​កម្ពុជា​​សួរថា ​អ្នក​ឯង​​​ស្នើ​ឱ្យ​ឈប់​បាញ់ ​​ហេតុម៉េច​ក៏​​​បញ្ចេញ​​រថក្រោះ​? ខាង​សៀម​​គេ​ថា បញ្ចេញ​​ឡាន​ទេ មិនមែន​រថក្រោះ​​ឡើយ។ មន្ត្រីយោធា​​​​​កម្ពុជា​និយាយ​ថា ​បើទាហានសៀម​​ក្រឡេច​ក្រឡុច​​​បែប​នេះ ការ​ឈប់​បាញ់​ទំនង​​ជា​មិនងាយ​​ឈប់​​ងាយៗនោះទេ ។​​
សូមបញ្ជាក់​ថា ការបាញ់​ផ្តក់​​ទៅវិញ​​ទៅ​មក​​​រវាង​ទាហាន​កម្ពុជា-​សៀម​ បាន​ចាប់​ផ្តើម​​​​​​បញ្ឆេះ​ជាថ្មី​ទៀត​​ ​​កាលពីវេលាម៉ោង​​៨​​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​​៧ កុម្ភៈ ២០១១ បន្ទាប់ពីភាគី​សៀម​​​ធ្វើការ​​​តាំង​​ចិត្ត​ខ្ពស់​​ថា នឹង​វាយ​​កាន់​កាប់​​តំបន់​​​ជុំ​វិញ​​​​ប្រា​សាទ​ព្រះវិហារ​ឱ្យ​ខាង​តែ​បាន ​នៅ​យប់​មិញ​នេះ ។ ប៉ុន្តែ​ទីបំផុត​​មិនដូចការ​​តាំង​ចិត្ត​ទេ ​ទាហានសៀម​​បែរជា​បាក់ស្បាត​​រត់ចោល​​​សមរ​​ភូមិ​​ទៅវិញ ​និង​ចោល​​សាកសព​​​-អ្នក​​របួស​​ពាស​​វាល​​ពាស​កាល​ទៀតផង ៕

http://kohsantepheapdaily.com.kh/art...206-23363.html