រាជធានីភ្នំពេញ ៖ រថយន្ត​ឡិចស៊ីស​មួយ​គ្រឿង​​ ស៊េរី​​៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-1961 ត្រូវ​​​​កំលាំង​ប៉េអឹម​​ ខណ្ឌ​ដូន​ពេញ តាមប្រមាញ់​​ និងឃាត់​បាន​នៅ​ចំណុច​កែង​មហាវិថី​​ព្រះនរោត្ត និង​ផ្លូវ​លេខ​​១០៨ ស្ថិត​ក្នុង​សង្កាត់​​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ កាលពីវេលាម៉ោង​​​៥​និង​​៣០នាទីល្ងាច​ថ្ងៃទី​​៦ កុម្ភៈ ក្រោយពី​មាន​ការ​​ប្រដេញ​​រថយន្ត​​យ៉ាង​អនាធិបតេយ្យ​​​បង្ក​​ឱ្យ​មាន​ការ​ ភ្ញាក់​ផ្អើល​​ ហើយ​សង្ស័យ​​ថា មាន​ការ​ផ្ទុះ​​អាវុធ​​ផងដែរ ។​

តាមសាក្សី​​​និយាយ​ថា ​មុនពេលកើតហេតុ​​គេឃើញ​​រថយន្ត​បួនគ្រឿងជា​ប្រភេទ​​​រថយន្ត​​​ទំនើប ប្រដេញ​គ្នា​​តាមបណ្តោយ​ផ្លូវ​លេខ​៧២ ឆ្ពោះ​​ទៅទិស​​​ខាង​លិច ក្នុង​នោះ​មាន​រថយន្ត​​ម៉ាក​​កាមរី​បាឡែន ​ឡិចស៊ីស ស៊េរី​​៥៧០ ​អេស្កាឡែត និងឡិចស៊ីស​ស៊េរី​​៤៧០ ។ ពេលកំពុង​ធ្វើស​កម្ម​ភាព​នោះ​ គេ​ឃើញ​​ភាគី​​រថយន្ត​អេស្កា​ឡែត​ដក​កាំ​ភ្លើង​​​ពី​ក្នុង​​រថយន្ត​​កាន់​ លើកឡើង​​លើ ហើយ​​ខាង​រថយន្ត​ឡិចស៊ីស​​ស៊េរី​​​៤៧០ ពណ៌ស ដេញ​តាម​ពីក្រោយ​​ទំនង​ជា​​​មានទំនាស់​ពាក្យ​សំដី​​​​ក្នុងហាង​​ផឹកស៊ី​​​ ណាមួយ​ ។ ​ស្រប​ពេល​នោះ​ក៏មាន​សមត្ថ​កិច្ច​​​ទាក់ទង​​តាម​វិទ្យុ​​​សុំ​ឱ្យ​​​ជួយ​ អន្តរាគមន៍​​ឃាត់​រថយន្ត​​អេស្កា​ឡែត​ ​និង​រថយន្ត​​ឡិចស៊ីស​​ស៊េរី​​៤៧០ ពណ៌ស ​ដែល​បាន​​ដក​កាំ​ភ្លើង​​​វាយ​​កញ្ចក់​ចំហៀង​​រថយន្ត​កាមរីបា​ឡែន ​​​​ផ្នែក​​ខាងស្តាំ រួចបើក​គេច​ខ្លួន ។ ភ្លាម​នោះ​​កំលាំង​​ប៉េ​អឹម​​ខណ្ឌ​ដូនពេញ ​តាម​​ប្រមាញ់ ហើយ​ឃាត់​រថយន្ត​​ឡិច​ស៊ីស​ ពណ៌ស ​ស៊េរី​​៤៧០ ខាងលើ​នៅ​ចំណុច​​កែង​ផ្លូវ​​ព្រះ​នរោត្តម និង​​១០៨ ​សង្កាត់​វត្ត​ភ្នំ ​ហើយ​បាន​​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ និង​បុរស​ម្នាក់​​មកស្នាក់​ការ​​ប៉េអឹម ​ដើម្បី​សាក​សួរ ។​

​តាម​ប្រភព​​ពី​ប៉េអឹម​​បានបញ្ជាក់​ថា យោង​តាម​ពាក្យ​បណ្តឹង​​​ម្ចាស់​​​រថយន្តកាមរី​​បាឡែន​ឈ្មោះ​​ឡី សុភាព​​ ភេទ​ប្រុស អាយុ​​​២៤​ឆ្នាំ ​ស្នាក់​នៅ​​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ​បាន​ឱ្យ​​ដឹង​ថា ​មុនពេល​​កើតហេតុ​​ ជន​រងគ្រោះបានបើក​​រថ​យន្ត​មកឈប់នៅ​មុខ​ផ្ទះ​​​លើ​កំណាត់​ផ្លូវ​​លេខ​៩១ ស្រាប់តែ​​មាន​រថយន្ត​​​៣គ្រឿង បើកមក​ឈប់​​​ក្រោយ​​​រថយន្ត​​របស់​​ខ្លួន​ ហើយ​ម្នាក់ៗ​​​​កាន់កាំ​ភ្លើង​​​​ក្នុង​ដៃ តែមិន​បាន​បាញ់ទេ ។ ពេលនោះ​​មាន​​បុរស​ម្នាក់​​​​​​មក​វាយ​កញ្ចក់​​​រថយន្ត​ខ្លួន​​​ផ្នែក​ចំហៀង ​​​​ក្រោយ​ខាង​ឆ្វេង​ បណ្តាល​ឱ្យ​​​បែក​រួច​នាំ​​​គ្នា​ជិះ​រថយន្ត​​គេច​​​ខ្លួន​អស់​ ។ ទោះជា​យ៉ាង​ណា ភាគី​ម្ចាស់​​​រថយន្ត​​ឡិច​ស៊ីស ស៊េរី​​៤៧០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-1961 មិន​​​បាន​សារ​​ភាព​​ថា ខ្លួន​ប្រព្រឹត្ត​ខុស​រឿង​អ្វី​នោះទេ ។

សាក្សី​បញ្ជាក់​ថា ​ម្ចាស់​​រថយន្ត​ម៉ាក​អេស្កា​​ឡែត ​ដែល​បំផ្លិចបំផ្លាញ​រថយន្តកាមរី​​បា​ឡែន នោះ​ត្រូវ​​បានគេ​ស្គាល់​​​លេខ​រថយន្ត​ផងដែរ ។​ បច្ចុប្បន្ន​​​​​រថយន្ត​សង្ស័យ​មួយ​​គ្រឿង​​និង​​​រថយន្ត​រងគ្រោះ ត្រូវ​បាន​​​រក្សាទុក​នៅ​ស្នាក់​​ការ​​ប៉េអឹមខណ្ឌ​ដូនពេញ ដើម្បី​ចាត់​​ការ​បន្ត​តាម​​នីតិ​វិធី ៕​

http://kohsantepheapdaily.com.kh/art...06-202346.html