​ខេត្តព្រះវិហារ​ ៖ ​នៅ​មិនទាន់​​មានសេចក្តី​​​រាយការណ៍​ពី​​ចំនួន​​អ្នក​ស្លាប់​​នៅឡើយទេ ជុំវិញ​​ការ​បាញ់​គ្នា​ដ៏កក្រើយ​​នៅតាមខ្សែ​​បន្ទាត់ព្រំដែន​​ខេត្ត​ ព្រះវិហារ​​ ខណៈ​​ទាហានសៀម​​បាន​​បាក់​ទ័ព​​រត់​ចូល​​​ទៅក្នុង​​ទឹក​ដី​របស់គេ​វិញ គឺរត់​​ហួស​​ផ្ទះ​ក្រហម​​​​សៀម​ខ្លួន​​​ឯង​​ទៅទៀត​ ហើយផ្ទះ​ក្រហម​​សៀម​នេះ​​ក៏ត្រូវ​បាន​ឆេះ​រួចហើយ​ដោយសារ​​តែ គ្រាប់​​កាំភ្លើង​​​ធុនធ្ងន់​​​បាញ់​ទៅបាញ់​មក​​បង្ក​ជា​អណ្តាត​ភ្លើង​​​​ សន្ធោសន្ធៅ ។​

​សូមបញ្ជាក់​ថា ​ស្នូរកាំភ្លើង​តូច​-ធំ​​បាន​ផ្ទុះ​​លាន់​កក្រើក​​​ឡើង​​​ផ្ទួនៗ​គ្នា​​ កាលពី​​វេលា​ម៉ោង​ប្រមាណ​​​៣រសៀល​ថ្ងៃទី​៤ កុម្ភៈ ​២០១១ ​ការ​ផ្ទុះ​អាវុធ​​ស្របច្បាប់​​របស់​ទាហាន​​កម្ពុជា​ ដើម្បី​ការ​ពារ​​ទឹកដីត្រូវ​បានធ្វើ​​ឡើង​យ៉ាង​ម៉ឺង​ម៉ាត់​​បណ្តេញ​​ទាហានថៃ ​​ឱ្យដក​​​ថយ​ទៅវិញ ​ខណៈ​ទាហាន​​សៀម​ឈ្លានពាន​​នេះ​​​ធ្វើ​ផ្លូវ​​​ឈូស​ឆាយ​​ចូលទៅ​កាន់​តំបន់​​ ​សំបុកឃ្មុំ​​ទឹកដី​​កម្ពុជា​ដែលជា​​ដែន​បំរាម​ចុងក្រោយ ។

មន្ត្រី​​យោធា​កម្ពុជា​បាននិយាយ​​ឱ្យ​ដឹង​ថា ​មុន​ពេល​ផ្ទុះ​អាវុធ​គឺទាហានកម្ពុជា​បានដាក់​បំរាម​រួចហើយ កុំ​ឱ្យ​​​ទាហានថៃ​​ឈូសឆាយ​​​ផ្លូវ​​​ចូល​មក​ដល់​​ចំណុច​សំបុក​ឃ្មុំ​​​ ឱ្យសោះ ​ព្រោះថា នេះ​ជា​ទឹក​ដី​​របស់កម្ពុជា ប៉ុន្តែ​ទាហាន​សៀម​​​នៅតែ​ក្បាល​រឹង រុល​ចូល​​ដដែល គឺ​មានបំណង​​​ឈ្លាន​ពាន​​​​ទឹក​កម្ពុជាយ៉ាង​ពិតប្រាកដ ដែលបំណង​របស់គេ​គឺ​ចូលមកឈរជើង​​ក្នុងរង្វង់​​​ផ្ទៃដី​​៤,៦​គីឡូ​ម៉ែត្រការ៉េ ​និង​វត្តកែវ​សិក្ខាគិរីស្វារៈ ដូច្នេះ​ទាហាន​​កម្ពុជា​​ដាច់​ខាត​ត្រូវ​​តែប្រើ​​សិទ្ធិ​​ស្វ័យការ​ពារ​​​ ជា​កំហិត ទោះជា​​ស្លាប់​​រស់ក៏ដោយ ។​

​ការផ្ទុះ​បានចាប់​ផ្តើម​​​ចេញពីតំបន់​​សំបុកឃ្មុំ​​​ ហើយ​​​រាលដាល​​តៗគ្នា​​ទៅដល់​​តំបន់​ភ្នំ​​ទ្រព្យ ​វាល​ឥន្ទ្រី ​និង​តាសឹម ​ព្រមទាំង​នៅ​តាម​​ខ្សែ​បន្ទាត់ព្រំ​ដែន​​ជាច្រើនកន្លែង​​​ទៀត ​ស្ថិតនៅ​​​ស្លាបខាង​​ឆ្វេង​​ប្រាសាទព្រះវិហារ គឺទាហាន​កម្ពុជា​​បានប្រើ​​​​កាំ ភ្លើង​​​ធុនធ្ងន់ និងស្រាល​​ជា​ច្រើនសន្ធាប់ទៅ​លើ​ទាហាន​សៀម​​​ឱ្យបាក់​​ទ័ព​​​​បត់​​ចូល​ទៅ​ ដល់​ចំណុច​ផ្ទះ​​​ក្រហម​​វិញ​ដែល​ថៃ​​អះអាង​ថា ជាទឹកដី​របស់ពួកគេ ។ ចំណែក​​នៅ​តាម​បន្ទាត់ព្រំដែន​​ខេត្ត​ឧត្តរ​មាន​ជ័យ​​ឯណោះ​វិញ តំបន់ប្រាសាទតាមាន់ធំ ពុំ​មាន​ការ​ផ្ទុះអាវុធ​​​កើតឡើង​នោះទេ បើទោះ​​ណា​ទាហាន​​​​ទាំង​២ភាគីកម្ពុជា​-ថៃ​​កំពុង​រំជើប​រំជួល​ត្រៀម​​ ជើងការ​ប្រយុទ្ធ​​រៀងៗខ្លួន​​ក៏ដោយ ៕​

http://kohsantepheapdaily.com.kh/art...204-02369.html